ចេញពីកងយុវជនឃុំ ចូលក្នុងកងយុវជនស្រុក

ថីវ គឹមសេង អាយុ៦៣ឆ្នាំ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ កាលពីក្មេងសេង រៀនសូត្របានបន្តិបន្តួចនៅក្នុងសម័យ លន់ នល់ ព្រោះគាត់ត្រូវទៅតាមមើលថែឪពុកដែលឈឺ ហើយទៅសម្រាកព្យាបាលនៅទីក្រុងភ្នំពេញ។ សេង នៅមើលថែឪពុករហូតដល់ក្រុមខ្មែរក្រហមទទួលបានជ័យជម្នះទាំងស្រុងនៅខែមេសា ឆ្នាំ១៩៧៥ ទើបគាត់ត្រលប់មកភូមិព្រៃសឹង ដែលជាស្រុកកំណើត។
នៅក្នុងសម័យខ្មែរក្រហម សេង មានអាយុ១៨ឆ្នាំ និងមានបងប្អូនចំនួន៦នាក់។ នៅក្នុងសហករណ៍ សេង ត្រូវបានអង្គការចាត់តាំងឲ្យចូលក្នុងកងយុវជនឃុំ ដើម្បីធ្វើការរែកដី លើកទំនប់ លើកប្រព័ន្ធភ្លឺស្រែ។ នៅក្នុងកងយុវជន សេង ត្រូវក្រោកទៅធ្វើការចាប់ពីម៉ោង៦ព្រឹក រហូតដល់ម៉ោង១១ថ្ងៃត្រង់ ទើបអាចសម្រាកហូបអាហារម្ដង ហើយម៉ោង១២ឬ១រសៀលបានចូលធ្វើការវិញរហូតដល់ម៉ោង៥ ទៅ៦យប់។ ប៉ុន្តែនៅពេលមានការងារច្រើន សេង និងយុវជនទាំងអស់ត្រូវចូលទៅធ្វើការងារបន្តបន្ទាប់ពីហូបអាហារពេលល្ងាចរួច ដោយអង្គការបានបើកម៉ាស៊ីនបំភ្លឺរហូតដល់ម៉ោង១០ ទៅ១១យប់។
បន្ទាប់មក សេង បានចូលក្នុងកងចល័តស្រុក និងត្រូវចេញទៅធ្វើការងាររែកដីនៅទួលរលក ទៅសាលាបាត កំពង់ព្រាម រួចត្រលប់មកជីកនៅទំនប់ស្រុក និងទៅភ្នំបូរី។ នៅការដ្ឋានធ្វើការ សេង មិនសូវបានឈប់សម្រាកប៉ុន្មានទេ បើទោះបីជាគាត់មានជំងឺ ព្រោះអង្គការបានចោទប្រកាន់អ្នកឈឺថាគ្រុនទន្សាយ ឬធ្វើពុតជាឈឺ និងប្រឈមទៅហ្នឹងការចាប់យកទៅសម្លាប់។ ប៉ុន្តែប្រសិនបើឈឺធ្ងន់ គ្រូពេទ្យនៅតាមកងឲ្យថ្នាំគ្រាប់មូលៗលេបព្យាបាល។
នៅកន្លែងធ្វើការ សេង ទទួលបានអាហារហូបចុកមិនដូចគ្នាទេ ព្រោះសហករណ៍ខ្លះបានផ្ដល់អាហារឲ្យល្អប្រសើរ និងខ្លះទៀតខ្វះខាតខ្លាំងរហូតដល់ហូបបបរាវៗស្ទើរតែពេញមួយឆ្នាំ។ ប៉ុន្តែ នៅរដូវប្រមូលផល សេង និងយុវជនទាំងអស់ទទួលបានបាយហូបរយៈពេល២ខែ ហើយក្រៅពីនេះគឺបានត្រឹមតែបបរ។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីខ្មែរក្រហមដួលរលំ សេង បានចូលធ្វើជាទាហានវាយជាមួយក្រុមខ្មែរក្រហមនៅតាមព្រៃភ្នំ រហូតដល់គាត់ត្រូវបានរំសាយ ទើបបានត្រលប់មករស់នៅស្រុកកំណើតវិញ។ ក្រោយមក សេង បានដឹងថាមានតុលាការកាត់ទោសមេដឹកខ្មែរក្រហម ប៉ុន្តែគាត់មិនបានតាមដាននោះទេ។ សេង យល់ថាតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម មិនទាន់ផ្ដល់យុទ្ធតិធម៌ដល់ប្រជាជនទេ ព្រោះតុលាការកាត់ទោសតែថ្នាក់ដឹកនាំធំៗចំនួនតិចនាក់ ហើយអ្នកសម្លាប់មនុស្សផ្ទាល់ និងធ្វើបាបប្រជាជននៅតាមស្រុកភូមិគឺបានរួចពីទោស។
នៅពេលអ្នកស្ម័គ្រចិត្តសម្ភាសន៍ សេង មានជំងឺបូសថ្លើម ដែលជំងឺរបស់គាត់កើតឡើងតាំងពី៥ឆ្នាំមក។ ដើម្បីព្យាបាលជំងឺ សេង បានទៅពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យឯកជន ព្រមទាំងប្រើប្រាស់ថ្នាំខ្មែរបន្ថែមទៀត។
សម្ភាសន៍ដោយ៖ ថៃ ស៊ីណា នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១
អត្ថបទដោយ៖ ភា រស្មី







