សាង ភាព៖ ធ្វើការក្នុងកងនារី

សាង ភាព អាយុ៦២ឆ្នាំ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ នៅក្នុងសម័យលន់ នល់ នៅក្នុងភូមិរបស់ភាព ត្រូវបានគ្រប់គ្រងដោយក្រុមខ្មែរក្រហម ហើយអង្គការបានលុបបំបាត់សាសនា និងផ្សឹកព្រះសង្ឃទាំងអស់ពីក្នុងវត្ត។ អំឡុងពេលនោះ បងប្រុសរបស់ភាពម្នាក់បានបាត់ដំណឹង ហើយឪពុកមាបានបាត់បង់ជីវិត។ បន្ទាប់មក អង្គការបានរៀបចំបង្កើតជាកង ដោយឲ្យកុមារតូចទាំងអស់ដែលមិនទាន់ធ្វើការបានត្រូវទៅរស់នៅក្នុងមណ្ឌល ហើយឪពុកម្ដាយចាស់ត្រូវធ្វើការមើលក្មេងនៅក្នុងមណ្ឌល។ នៅពេលមានជំងឺ ភាព ទទួលដំណឹងថាឪពុកម្ដាយរបស់គាត់ បានទៅសម្រាកព្យាបាលនៅពេទ្យក្រវិលទាក និងបានផឹកថ្នាំគ្រាប់ខ្មៅៗស្រដៀងអាចម៍ទន្សាយ និងមានថ្នាំចាក់ដែលអង្គការរៀបចំសម្រាប់ព្យាបាលជំងឺ។

ចំពោះ ភាព ដែលមានអាយុជាង១០ឆ្នាំ ត្រូវបានចាកចេញពីគ្រួសារទៅក្នុងកងកុមាររួមមួយ នៅស្វាយពារ និងបានធ្វើការលើកអាចម៍គោតាមក្រោល តាមការចាត់តាំងរបស់អង្គការ។ នៅទីនោះ ភាព ត្រូវក្រោកពីព្រលឹមធ្វើការរហូតដល់ម៉ោង៩ ទើបគាត់បានចូលរៀនបន្តិចបន្តួច។ ក្រោយមក នៅពេលដែល ភាព ធំបន្តិចអង្គការបានបញ្ជូនគាត់ទៅក្នុងក្រុមនារី និងស្នាក់នៅចម្ការតាចាបដើមគ។ នៅក្នុងកងនារី ភាព បានចេញទៅធ្វើការបោចស្មៅក្នុងទឹកត្រឹមចង្កេះចាប់ពីម៉ោង៧ព្រឹករហូតដល់ឮសំឡេងជួងប្រាប់ដំណឹងឲ្យឡើងទៅហូបអាហារថ្ងៃត្រង់ និងពេលល្ងាច។

នៅពេលហូបអាហារ នារីទាំងអស់ត្រូវកាន់ចានមួយ និងស្លាបព្រាមួយទៅតម្រង់ជួរ ទទួលបបរម្នាក់មួយវែក និងមិនអាចសុំបន្ថែមបានទេនៅពេលមិនទាន់ឆ្អែត ប៉ុន្តែអាចបេះត្រួយរាំងដាក់ក្នុងបបរបន្ថែមទៀតដើម្បីចម្អែតក្រពះ។ មួយវិញទៀត ភាព បានលួចរកក្ដាម និងខ្យងដាក់ក្នុងចង្កេះខោ ហើយឆ្លៀតពេលយប់ស្ងាត់បង្កាតភ្លើងដុតហូបបន្ថែម ហើយបើត្រូវអង្គការចាប់បានគឺត្រូវយកបោះចោលទាំងអស់។ ទោះបីជាយ៉ាងណា ភាព បានហូបបាយមួយចាន នៅថ្ងៃទី២០ និងថ្ងៃទី៣០ នៃខែនីមួយ។

ចូលដល់រដូវវស្សា ក្រុមរបស់ភាព ត្រូវផ្លាស់ពីតំបន់បឹង មកធ្វើការដក​និងស្ទូងសំណាបនៅក្នុងស្រែលើវិញ។ មុនពេលស្ទូងស្រូវ ក្រុមរបស់ភាព ត្រូវយកសំណាបដែលដករួច បោកដីចេញទាំងអស់ រួចយកទៅជ្រលក់ជាមួយលាមកមនុស្សក្បែរនោះ ទើបអាចយកទៅស្ទូងបាន។ នៅពេលធ្វើការ ប្រសិនបើមានអ្នកចង់បន្ទោបង់ គឺត្រូវទៅអង្គុយជុះដាក់ក្នុងលូដែលអង្គការដាក់ឲ្យជ្រលក់សំណាបនោះ និងនៅមុខអ្នកធ្វើការទីនោះទាំងអស់។ នៅពេលស្ទូងរួចរាល់ ក្រុមរបស់ភាព ត្រូវចេញទៅកាប់ដីដំបូក លាមក និងកាប់ដើមទន្ទ្រានខែត្រ យកមកចិញ្ចាំមដាក់លាយបញ្ជូលគ្នា។ នៅពេលធ្វើរួចរាល់ ក្រុមរបស់ភាពត្រូវយកជីនោះទៅបាចក្នុងស្រែបន្តទៀត រហូតដល់ពេលប្រមូលផល។

នៅរដូវប្រាំង អង្គការបានបញ្ជូនក្រុមរបស់ភាព ឲ្យទៅធ្វើស្រែប្រាំងនៅភ្នំបូរី។ នៅទីនោះ ភាព ត្រូវធ្វើការធាក់រហាត់ទឹកក្នុងព្រែកបី ដើម្បីបញ្ជូលទឹកក្នុងស្រែ និងមិនមានកន្លែងសម្រាកត្រឹមត្រូវនោះទេ ហើយនៅពេលមានភ្លៀងកក់ខែ ភាពត្រូវយកកម្ទេចកម្ទីឈើ ឬដើរកាច់មែកឈើយកមកក្រាលពីលើភក់ រួចក្រាលក្រមាពីលើស្លឹកឈើនោះដើម្បីសម្រាក។ មួយវិញទៀត ភាព ត្រូវស្លៀកខោអាវសើម ព្រោះគាត់គ្មានសម្លៀកបំពាក់ច្រើនដើម្បីផ្លាស់ប្ដូរ និងបានធ្វើឲ្យមានកើតសត្វចៃចេញពីខ្លួន និងលើខោអាវទាំងអស់គ្នា។

ជារៀងរាល់ថ្ងៃ ភាព ត្រូវប្រើកម្លាំងធ្វើការខ្លាំង ប៉ុន្តែរបបអាហារដែលគាត់ទទួលបានគឺមិនគ្រប់គ្រាន់នោះទេ ហើយត្រូវប្រឈប់មុខទៅនឹងការចាប់យកទៅសម្លាប់ប្រសិនបើអង្គការទិតៀន៣ដង។ ថ្ងៃមួយ  ភាព បានគេងលក់នៅលើរហាត់ទឹក រហូតដល់ហួសម៉ោងហូបអាហារ ព្រោះគាត់អស់កម្លាំង និងឃ្លានខ្លាំងពេក។ នៅពេលដឹងខ្លួន ភាព បានរត់ទៅរកអាហារហូបនៅក្នុងរោងបាយ ប៉ុន្តែអង្គការមិនបានទុកបបរឲ្យគាត់ហូបនោះទេ ទើបគាត់ត្រូវត្រលប់ទៅដកក្រអៅឈូកហូបជំនួសអាហារមួយពេល ទើបចូលទៅធ្វើការវិញ។ លុះដល់ពេលល្ងាច ភាព ទៅហូបអាហារម្ដងទៀត ប៉ុន្តែគាត់ត្រូវបានអង្គការធ្វើការទិតៀននៅក្នុងអង្គប្រជុំ និងគំរាមយកទៅសម្លាប់។

ភាព ធ្វើការនៅភ្នំបូរី បានមួយរយៈ អង្គការបានបញ្ជូនក្រុមរបស់គាត់ឲ្យទៅធ្វើការនៅក្បែរ ភូមិបានយ ឃុំអង្កាញ់ ដែលជាកន្លែងខ្វះខាតអាហារយ៉ាងខ្លាំង ដោយក្នុងមួយពេលអង្គការផ្ដល់អង្ករត្រឹម៣កំប៉ុងប៉ុណ្ណោះដើម្បីដាំបបរមួយខ្ទះចែកឲ្យប្រជាជនហូបរួម។ នៅពេលដែលហូបមិនឆ្អែត ភាព ហ៊ានចេញទៅលួចលាក់បេះផ្ទី ឬដើមចេកយកមកស្ងោរហូបបន្ថែម និងលាក់បាំងមិនឲ្យអង្គការចាប់បាន ព្រោះខ្លាចអង្គការយកបោះចោលឬចាប់យកទៅសម្លាប់ដោយចោទប្រកាន់ថាមិនជ្រះស្រឡះ។ ទោះបីជាយ៉ាងណា ភាព បានឲ្យដឹងថា ក្រុមរបស់គាត់មិនទាន់បានធ្វើការងាររែកដីធ្ងន់ៗខ្លាំងដូចយុវជនកម្លាំងទីមួយនោះទេ។

នៅដើមឆ្នាំ១៩៧៩ នៅពេលដែលកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាមវាយចូលមក ប្រជាជននាំគ្នាជិះរទេះជាច្រើនរត់ទៅទិសខាងលិច។ នៅពេលដែលទៅដល់ភ្នំចំបាប់ អង្គការបានហៅ ភាព និងនារីផ្សេងទៀតបង្កើតជាក្រុមមួយ រួចចែកអង្ករ និងកាំបិទឲ្យទៅនារីគ្រប់គ្នា។ លុះដល់ពេលយប់ឡើងកងនារីទាំងអស់បានជួបប្រជុំគ្នា ប៉ុន្តែនៅពេលឮសំឡេងប្រយុទ្ធគ្នា និងគ្រាប់បែកផ្លោងធ្លាក់ជាបន្តបន្ទាប់ ទើបធ្វើឲ្យមានការរត់បែកផ្លូវគ្នារៀងៗខ្លួនទៅរកគ្រួសារវិញ។ ភាព បានឲ្យដឹងថា ខ្លួនអួលដើមកនិយាយមិនចង់ចេញ ព្រោះពេលនោះគាត់ខ្លាចខ្លាំងណាស់ ហើយព្យាយាមស្រែកហៅម្ដាយបណ្ដើរ និងរត់រកគាត់បណ្ដើរអស់រយៈពេលជាយូរទម្រាំបានជួបគ្នាវិញ។ ចំពោះនារីមួយចំនួនទៀត បានបែកពីគ្រួសារចាប់ពីពេលនោះ។

បន្ទាប់មក គ្រួសាររបស់ភាព បានត្រលប់មកផ្ទះវិញ និងចាប់ផ្ដើមធ្វើស្រែបន្តទៀត។ ក្រោយរបបខ្មែរក្រហម ភាព បានបាត់បង់បងប្អូន៣នាក់ នៅភូមិបានយ ដែលជាស្រុកកំណើតឪពុក។ នៅពេលផ្ដល់បទសម្ភាសន៍ ភាព មានជំងឺឬដូងច្រមុះ លើសឈាម ឈឺសន្លាក់ បេះដូង និងក្រពះ។ ក្នុងចំណោមជំងឺទាំងអស់ មានមួយចំនួនកើតឡើងរយៈពេល២០ឆ្នាំមកហើយ និងបានទៅព្យាបាលដល់ពេទ្យខ្មែរសុរិន។ ដើម្បីព្យាបាលជំងឺ ភាព បានទៅពិនិត្យនៅមន្ទីរពេទ្យ និងទិញថ្នាំមួយចំនួនយកមកលេបជាប្រចាំ។

សម្ភាសន៍ដោយ៖ ថៃ ស៊ីណា នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១

អត្ថបទដោយ៖ ភា រស្មី

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin