ប្រធានយោធានៅស្រុកជាំក្សាន្តក្នុងរបបខ្មែរក្រហម

(ព្រះវិហារ) ណែម ថុន មានអាយុ៧២ឆ្នាំ អាសយដ្ឋានបច្ចុប្បន្នរស់នៅភូមិបុះ ឃុំម្លូព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ។
នៅក្នុងឆ្នាំ១៩៧០ ថុន បានរស់នៅជាមួយនឹងឪពុកម្តាយនៅឡើយ។ លុះចូលដល់ឆ្នាំ១៩៧១ គាត់បានស្ម័គ្រចិត្តចូលធ្វើជាយោធាប្រចាំស្រុកជាំក្សាន្ត។ នៅក្នុងឆ្នាំដដែលនោះមានការទម្លាក់គ្រាប់បែកជាច្រើន ដែលធ្វើឱ្យខូចខាតទ្រព្យសម្បត្តិព្រមទាំងបណ្តាលឱ្យងាប់សត្វពាហនៈជាច្រើនក្បាល។ នៅក្នុងព្រឹត្តិការណ៍នោះគ្មានមនុស្សស្លាប់ទេ ព្រោះការទម្លាក់គ្រាប់បែកធ្វើឡើងតែក្នុងព្រៃ។ ម្យ៉ាងទៀតអ្នកភូមិមិនសូវបាននៅផ្ទះទេ គឺអ្នកភូមិតែងតែចេញទៅធ្វើការងារនៅតាមស្រែ។
របបខ្មែរក្រហមបានឡើងគ្រប់គ្រងប្រទេស នៅឆ្នាំ១៩៧៥ ពេលនោះ ថុន មានអាយុ២៧ឆ្នាំ និងនៅបន្តធ្វើជាយោធាដដែល។ ចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ថុន បានរស់នៅ និងធ្វើយោធានៅស្រុកជាំក្សាន្តដដែល។ ថុន ជាប្រធានយោធាកាន់កាប់ស្រុកជាំក្សាន្ត និងស្រុកត្បែងមានជ័យ ដែលមានកូនទាហានជាង១២០នាក់នៅក្នុងកង។ ក្រុមយោធារបស់ ថុន មានការដាំដំណាំ និងចិញ្ចឹមសត្វទុកសម្រាប់ហូបនៅក្នុងអង្គភាព។ សម្រាប់ប្រជាជនធម្មតាវិញត្រូវហូបបបរ ប្រសិនមាននរណាចង់លួចហូបដំឡូងដែលខ្លួនបានដាំ នឹងត្រូវអង្គការយកទៅកសាង។ បន្ទាប់ពីយកទៅកសាងជាច្រើនលើកហើយ នៅតែបន្តលួចទៀត អង្គការនឹងយកទៅរៀនសូត្រម្តង ហើយការរៀនសូត្រនោះគឺគ្មានថ្ងៃត្រឡប់មកវិញឡើយ។
ការព្យាបាលជំងឺនៅក្នុងរបបនោះ មានមន្ទីរពេទ្យតាមស្រុកនិងតាមឃុំ ប៉ុន្តែនៅតាមឃុំមិនសូវមានថ្នាំសង្កូវទេ ភាគច្រើនគឺមានតែនៅមន្ទីរពេទ្យស្រុក។ លើសពីនោះក្នុងរបបខ្មែរក្រហម មានការបំផ្លាញសម្បត្តិវប្បធម៌ដូចជាការរុះរើវត្តអារាម ឬផ្ទះរបស់ប្រជាជន ដើម្បីយកឈើទៅធ្វើផ្ទះបាយ ឬធ្វើជាលូទឹក។ ជាពិសេសនៅក្នុងរបបនោះ ខ្មែរក្រហមមិនមានជំនឿលើសាសនាអ្វីទាំងអស់។
ថុន មានបងប្អូនចំនួន៦នាក់ ក្នុងនោះមានស្រី៤នាក់។ ប្អូនស្រីរបស់គាត់ម្នាក់ បានស្លាប់នៅក្នុងរបបខ្មែរក្រហម ព្រោះតែជំងឺ មិនអាចព្យាបាលបាន។ បន្ទាប់ពីរបបខ្មែរក្រហមបានបញ្ចប់ ថុន បានធ្វើជាទាហានប៉ារ៉ាបន្តទៀតដែលមានឈ្មោះអង្គភាព កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។
សម្ភាសន៍ដោយ៖ រី ប៊ុន្នាត ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ







