អ៊ុក ផល៖ ធ្វើការក្នុងកងចល័តនារី

អ៊ុក ផល អាយុ៦០ឆ្នាំ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ កាលពីក្មេង ផល បានចូលរៀនក្រោមដើមព្រីងបានមួយរយៈពេលខ្លីនៅថ្នាក់ទី១២។ នៅក្នុងសម័យខ្មែរក្រហម ផល មានអាយុប្រមាណ១៦ឆ្នាំ និងមានបងប្អូន៥នាក់ ក្នុងនោះមានប្អូន៣នាក់ឈ្មោះ ធីម, ថេង និងធន ត្រូវចូលទៅរស់នៅក្នុងកងកុមារ ដើម្បីធ្វើការរែកអាចម៍គោ និងធ្វើជី ហើយឈ្មោះ ថុល បានចូលក្នុងកងចល័ត។ ជាអកុសល នៅពេល ថុល ធ្វើការនៅភ្នំបូរី គាត់បានធ្លាក់ខ្លួនឈឺ ហើយអង្គការបានបញ្ជូនគាត់មកព្យាបាលនៅពេទ្យអកយំ ទើបស្លាប់និងកប់ក្បែរនោះ។

ចំពោះ ផល អង្គការបានចាត់តាំងឲ្យគាត់ចូលក្នុងកងចល័ត ដើម្បីធ្វើស្រែ ស្ទូង ដក ច្រូត និងទៅតាមការដ្ឋាន ធ្វើការរែកដី សែងទ្រាស លើកទំនប់ និងជីកប្រឡាយ។ នៅរដូវវស្សា ផល បានធ្វើការដក និងស្ទូងសំណាបចាប់ពីក្បែរសហករណ៍ និងកន្លែងផ្សងៗទៀតរហូតដល់ស្រុកឬស្សី។ នៅពេលស្ទូងសំណាប អង្គការបានយកមួកកូបចងដាក់ដងដូចវែកសម្ល រួចដួសលាមកស្អុយ ឬទឹកស្អុយដូចខ្មោចដាក់ក្នុងធុងសាំ ដើម្បីឲ្យ ផល និងកងចល័តនារី យកដុំសំណាបទៅជ្រលក់រួចបីទៅស្ទូងក្នុងស្រែ។ នៅរដូវប្រាំង ផល ត្រូវធ្វើការរែកដី លើកទំនប់ ជីកប្រឡាយឆ្ងាយៗពីសហករណ៍ និងត្រូវផ្លាស់ប្ដូរពីកន្លែងមួយទៅកន្លែងមួយទៀតនៅក្នុងស្រុកក្រសាំង ទួលសាំង ភ្នំចំបាប់ និងស្វាយពារ។

បន្ទាប់មក នៅពេល ផល មានអាយុ១៨ឆ្នាំ គាត់បានអង្គការបញ្ជូនទៅធ្វើកាលើកទំនប់មករា និងនៅភ្នំបូរី។ នៅកន្លែងធ្វើការ អង្គការបានវាយអាកាំង ដាស់ឲ្យយុវជនក្រោកតាំងពីម៉ោង៣ភ្លឺចេញទៅធ្វើការដល់ម៉ោងប្រមាណ៥ទៅ៦ល្ងាច ហើយនៅក្នុងនោះ ផល បានសម្រាកហូបអាហារថ្ងៃត្រង់ម្ដងនៅម៉ោងប្រមាណ១១ ឬ១២ថ្ងៃត្រង់ និងពេលល្ងាចម្ដងទៀត។ ចំពោះរបបអាហារ ក្រុមរបស់ផល បានហូបបាយត្រឹមតែរយៈពេលប្រមាណ១ខែប៉ុណ្ណោះនៅរដូវប្រមូលផល ហើយកន្លះខែទៀតបានបបរគោក រួចចាប់ផ្ដើមហូបបបររាវៗ ជាមួយសម្លបន្លែត្រកួន ព្រលឹត ឬផ្ទី ទឹកខ្មៅ។

ក្រៅពីការលំបាកខាងលើ ផល និងយុវជនជាច្រើនទៀតមានខោអាវតែមួយ ឬពីរសម្រាប់ប៉ុណ្ណោះ ព្រោះអង្គការបានចែកសាច់ក្រណាត់សឲ្យប្រជាជនយូរៗម្ដងដើម្បីយកទៅជ្រលក់ជាមួយទឹកដើមប្រោះ បុកឃ្លឿ និងជាន់ក្នុងភក់ដើម្បីកែប្រែសាច់ក្រណាត់ទៅជាពណ៌ខ្មៅ ទើបកាត់ជាខោអាវ។ នៅពេលមានជំងឺ គ្រូពេទ្យនៅក្នុងសហករណ៍ ឬគ្រូពេទ្យដែលធ្វើដំណើរតាមកង បានផ្ដល់ត្រឹមថ្នាំមូលៗរាងដូចជាអាចម៍ទន្សាយដែលធ្វើដោយខ្លួនឯងចែកឲ្យទៅប្រជាជនលេប ប៉ុន្តែបើឈឺធ្ងន់ អ្នកជំងឺដែលធ្វើការនៅក្នុងឃុំប្រស្រែត្រូវទៅព្យាបាលនៅពេទ្យក្នុងវត្តរំលក ហើយអ្នកនៅភ្នំបូរី ត្រូវទៅព្យាបាលនៅពេទ្យស្រុក។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំទាំងស្រុង ផល បានទៅគាសយកឆ្អឹងប្អូនឈ្មោះ ថុល មកធ្វើបុណ្យតាមប្រពៃណី។ មិនយូរប៉ុន្មាន ផល បានរៀបការ និងចាប់ផ្ដើមប្រកបរបបធ្វើស្រែ។ ក្រោយមក ផល បានដឹងថាមានតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម តាមរយៈការមើលទូរទស្ស ហើយគាត់ពេញចិត្តចំពោះការកាត់ទោសនេះ ព្រោះបានផ្ដល់យុត្តិធម៌ដល់ប្រជាជន។ មួយវិញទៀត ផល គាំទ្រឲ្យមានការចងក្រងឯកសារប្រវត្តិសាស្រ្ដខ្មែរក្រហម ការបង្កើតកន្លែងរក្សាទុកឯកសារ និងការអប់រំក្មេងៗជំនាន់ក្រោយកុំឲ្យភ្លើតភ្លើនភ្លេចខ្លួនចូលក្នុងរបបអាហារក្រក់មួយនោះទៀត។

នៅពេលផ្ដល់បទសម្ភាសន៍ ថុល មានជំងឺប្រចាំកាយដូចជា៖ រលាកក្រពះពោះវៀនធំ បេះដូង និងឈឺក្បាលជាញឹកញាប់។​ ដើម្បីព្យាបាលជំងឺ ផល បានទៅពិនិត្យសុខភាពនៅពេទ្យក្បែរផ្ទះ ពេទ្យតាកែវ និងពេទ្យនៅទីក្រុងភ្នំពេញ រួមទាំងប្រើប្រាស់ថ្នាំពេទ្យ និងថ្នាំខ្មែររួមផ្សំ។​

សម្ភាសន៍ដោយ៖ ថៃ ស៊ីណា នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១

អត្ថបទដោយ៖ ភា រស្មី

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin