មួយពេលហូបបបរមួយវែក

(កណ្ដាល) ឃីម លីស អាយុ៦៣ឆ្នាំ បច្ចុប្បន្នរស់នៅភូមិទ្រា ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ លីស ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងបានចែករំលែកនូវសាច់រឿងប្រាប់មកកាន់អ្នកស្ម័គ្រចិត្តកម្ពុជា/អង្គការមជ្ឈមណ្ឌលឯកសារកម្ពុជាដូចខាងក្រោម៖

នៅក្នុងឆ្នាំ១៩៧០ នៅក្នុងតំបន់ដែល លីស រស់នៅមានការទម្លាក់គ្រាប់បែកពីសំណាក់កងទ័ពសត្រូវ បណ្ដាលឱ្យមានការខូចខាតទ្រព្យសម្បត្តិ និងការព្រាតប្រាស់សមាជិកគ្រួសារ។ បន្ទាប់មកឈានចូលដល់របបខ្មែរក្រហម លីស មិនបានរស់នៅជុំជាមួយនឹងឪពុកម្ដាយឡើយ ត្រូវ។ ចំពោះការរស់នៅគឺផ្លាស់ប្ដូរតាមការចាត់តាំងរបស់អង្គការ។

នៅក្នុងរបបនោះ អង្គការបានចាត់តាំងឱ្យ លីស ធ្វើការងារដូចជា ដកស្ទូង រែកស្រូវ និងរែកដី។ ការងារដែលទទួលបន្ទុកត្រូវធ្វើឱ្យរួចរាល់ទើបអាចសម្រាកបាន ប្រសិនជាធ្វើមិនទាន់រួចរាល់ ឬមិនគ្រប់តាមការកំណត់របស់អង្គការ នឹងត្រូវបង្អត់អាហារ។ របបអាហារនៅពេលនោះគឺមានការខ្វះខាតខ្លាំង លីស បានហូបតែបបររាវចំនួនមួយវែកក្នុងមួយពេល។ ក្រោយមកអង្គការ បានចាត់តាំងឱ្យ លីស ធ្វើការងារនៅក្នុងកងចម្អិន។ នៅពេលដែល លីស ធ្វើការងារនៅក្នុងកងនោះ គាត់អាចបរិភោគអាហារបានឆ្អែតជាងនៅក្នុងកុមារ។

លីស បានបន្ថែមថា គាត់ធ្លាប់បានឃើញឈ្លបខ្មែរក្រហម បានចាប់មនុស្សចងដៃព័ទ្ធទៅក្រោយបណ្ដើរជាជួរទៅតំបន់សង់ទន្លេបាទី។ គាត់បានបន្តថា ឈ្លបយកមនុស្សទាំងអស់នោះទៅធ្វើអីនោះទេ ប៉ុន្តែគាត់ធ្លាប់បានឮប្រជាជនដែលរស់នៅក្នុងសហករណ៍ជាមួយបាននិយាយថា អ្នកដែលឈ្លបបណ្ដើរទៅទាំងអស់នោះគឺត្រូវយកទៅសម្លាប់ ព្រោះមិនដែលឃើញវិលត្រឡប់មកសហករណ៍វិញឡើយ។ នៅក្នុងតំបន់នោះ នៅពេលដែលឈ្លបនាំខ្លួនមនុស្សទៅសម្លាប់ គឺតែងតែប្រើហេតុផលថា “នាំយកទៅធ្វើបង្គី”។

លីស ធ្លាប់បានឃើញអង្គការរៀបចំកម្មវិធីមង្គលឱ្យយុវជន-យុវនារី ម្ដងៗគឺច្រើនគូ ដើម្បីចៀសវាងការវង្វេង ឬច្រឡំគូគ្នា អង្គការបានឱ្យគូយុវជន-យុវនារី កាន់ក្រមាតាមគូរៀងៗខ្លួន។ លីស បាននិយាយថា នៅក្នុងពេលនោះ មិនមាននរណាម្នាក់ហ៊ានប្រឆាំងតវ៉ានឹងការរៀបចំរបស់អង្គការឡើយ ព្រោះខ្លាចឈ្លបចាប់ខ្លួនយកទៅធ្វើទារុណកម្ម ឬសម្លាប់ចោល។

បច្ចុប្បន្ន លីស មានបញ្ហាឈឺសន្លាក់ដៃ-ជើង ឆ្អឹង លើសសម្ពាធឈាម និងពិបាកសម្រាន្តនៅពេលយប់។

សម្ភាសន៍ដោយ៖ កេត ស្រីនុត ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin