ខៀវ ធិន ប្រធានពេទ្យស្រុកព្រៃឈរ ឆ្នាំ១៩៧៧

ខៀវ ធិន អាយុ ៣៥ ឆ្នាំ (១៩៧៧) មាននាទីជាប្រធានពេទ្យស្រុកព្រៃឈរ តំបន់៤១ ភូមិភាគឧត្តរ និងមានស្រុកកំណើតនៅភូមិគុក ឃុំផ្កាយព្រឹក ស្រុកព្រៃឈរ តំបន់៤១ ភូមិភាគឧត្តរ។[1]
កាលពីកុមារភាព ធិន រៀនសូត្របានត្រឹមថ្នាក់ទី៧។ នៅឆ្នាំ១៩៥៩ គាត់បានឈប់រៀន និងបានរស់នៅជាមួយឪពុកម្តាយនៅស្រុកកំណើត។ នៅឆ្នាំ១៩៦៤ ធិន បានចូលរួមជាមួយបដិវត្តន៍តាមរយៈឈ្មោះ ឃឿន អតីតសិស្ស (ស្លាប់)។ ឈ្មោះ ឃឿន បានអប់រំ ធិន ជាបន្តបន្ទាប់ ហើយគាត់ត្រូវបានបញ្ចូលជាសមាជិកយុវកក និងត្រូវបានចាត់តាំងជានីរសាររបស់ឃឿន។ នៅឆ្នាំ១៩៦៦ ឈ្មោះ សេង អតីតសិស្ស បានអប់រំ ធិន ថា រៀនអស់លុយច្រើន តែរកការងារធ្វើមិនបាន ហើយបានប្រាប់ថា បើធ្វើតាមគាត់ទៅ ថ្ងៃក្រោយនឹងបានប្រាក់ខែច្រើន និងមានបុណ្យសក្តិ។ ឈ្មោះ សេង បានអប់រំ ធិន ឱ្យមានជំនឿលើខ្លួនឯង និងបានប្រាប់ថា នៅថ្ងៃក្រោយ គាត់នឹងមានប្រាក់កាសច្រើនសម្រាប់ចិញ្ចឹមឪពុកម្តាយ។ នៅខែតុលា ឆ្នាំ១៩៦៦ ឈ្មោះ សេង បានហៅ ធិន ទៅផ្ទះ ហាប អតីតជំទប់ បច្ចុប្បន្នជាសមាជិកសហករណ៍ភូមិថ្មី ឃុំរការគយ។ ទីនៅនោះ ធិន បានជួបជាមួយឈ្មោះ ស្រេង នាទីជាអនុលេខាភូមិភាគឧត្តរ ហើយ ស្រេង បានប្រាប់ ធិន ឱ្យចូលជាសមាជិក សេ.អ៊ី.អា.។ ធិន បានយល់ព្រម។
សមាជិក សេ.អ៊ី.អា. មានភារកិច្ចកសាងកម្លាំងសម្រាប់ទប់ទល់ចលនាខ្មែរក្រហម, ស៊ើបពិនិត្យតាមដានរកចាប់ខ្មែរក្រហម និងធ្វើសកម្មភាពបំផ្លាញទ្រព្យសម្បត្តិប្រជាជន។ នៅពេលចូលជាសមាជិក សេ.អ៊ី.អា. រួមមាន៖ ឈ្មោះ តាំង លេខាតំបន់៤១, សឿន អនុលេខាតំបន់៤១, ឡៃ ប្រធានយានដ្ឋានតំបន់៤១, រស់ ប្រធានពេទ្យស្រុកកំពង់សៀម, សែម ប្រធានមន្ទីរពិសោធន៍ថ្នាំពេទ្យស្រុកកំពង់សៀម, ឡាយ សមាជិកស្រុកស្រីសន្ធរ និង ហំ លេខាវរសេនាធំកងពល១១៧ និង ធិន។ ឈ្មោះ ស្រេង បានណែនាំសមាជិកឱ្យស្គាល់គ្នាដើម្បីងាយស្រួលក្នុងការទាក់ទង និងធ្វើសកម្មភាពប្រឆាំងនឹងខ្មែរក្រហមក្នុងនាមជាសមាជិក សេ.អ៊ី.អា។
ក្រោយមក ធិន បានកសាងកម្លាំង និងបញ្ចូលសមាជិក សេ.អ៊ី.អា. បាន ២ នាក់ គឺ៖ ១- ឈ្មោះ ឈឿន អតីតសិស្ស និង ២- ឈ្មោះ សារឿន សមាជិកសហករណ៍ភូមិគរ។ អ្នកទាំងពីរត្រូវបាន ធិន អប់រំឱ្យបំផ្លាញបដិវត្តន៍ និងខិតខំអូសទាញកម្លាំងសមាជិក សេ.អ៊ី.អា. បន្ថែម។ ឈ្មោះ សារឿន និង ឈឿន ត្រូវបានឈ្មោះ ស្រេង ទទួលស្គាល់ និងបញ្ចូលជាសមាជិក សេ.អ៊ី.អា. ដែលមានឈ្មោះ ធិន ជាអ្នកនាំចូល។ នៅឆ្នាំ១៩៧០ ឈ្មោះ ស្រេង បានហៅ ធិន ទៅជួបនៅផ្ទះរបស់ ឡៃ មេឃុំបុសខ្នុរ។ នៅពេលប្រជុំមានសមាជិក សេ.អ៊ី.អា. ចំនួន ១០ នាក់ ហើយមានខ្លឹមសារថា ត្រូវកសាងកម្លាំងបង្កប់ក្នុងជួរបដិវត្តន៍, ទាក់ទងរកអាវុធ និងគ្រាប់ ព្រមទាំងបំផុសឱ្យប្រជាជននៅតំបន់រំដោះលក់ស្រូវអង្ករឱ្យទាហាន និងផ្តល់ព័ត៌មានដល់ទាហាន ដើម្បីឱ្យយន្តហោះមកទម្លាក់គ្រាប់បែកនៅតំបន់រំដោះ។ បន្ទាប់ពីទទួលផែនការ ធិន និងឈ្មោះ ឡៃ បានជួបជាមួយឈ្មោះ ហុង សឿន ដើម្បីទាក់ទងរកអាវុធ និងគ្រាប់យកទៅធ្វើសកម្មភាពប្រឆាំងបដិវត្តន៍។ ក្រោយមក ហុង សឿន បានផ្តល់អាវុធឱ្យ ធិន និង ឡៃ ចំនួន ១៥ ដើម និងគ្រាប់ចំនួន ១០ ឡាំង។ ឈ្មោះ ហុង សឿន បាននាំ ធិន និង ឡៃ ទៅរកមើលកន្លែងសេដ្ឋកិច្ចរបស់អង្គការ ដើម្បីងាយស្រួលក្នុងការទម្លាក់គ្រាប់បែក។ ក្រោយមក ឈ្មោះ ស្រេង ហុង បានឱ្យនីរសាររបស់គាត់មកជួប ធិន នៅផ្ទះរបស់ ឡៃ ដោយបានប្រាប់ថា ធិន និង ឡៃ ត្រូវធ្វើសកម្មភាពប្រឆាំងបដិវត្តន៍នៅឃុំបុសខ្នុរ និងធ្វើការទាក់ទងជាមួយឈ្មោះ ហោ ប្រធានភស្តុភារតំបន់៤១, សូ កម្មករកប្បាសតំបន់៤១ និង សួន សមាជិកស្រុកជើងព្រៃ។
នៅឆ្នាំ១៩៧១ ហៃ ឡេង បានមកជួបជាមួយ ធិន នៅមន្ទីរបុសខ្នុរ និងបានប្រាប់គាត់ថា ខ្លួនទើបតែស៊ើបការណ៍ដឹងពីឃ្លាំងសេដ្ឋកិច្ចរបស់កងទ័ពបដិវត្តន៍ចំនួន ២ កន្លែង ហើយបានបន្តរាយការណ៍ទៅឈ្មោះ ហុង សឿន។ ក្រោយមក មានយន្តហោះចំនួន ៤ គ្រឿង បានហោះមកទម្លាក់គ្រាប់បែកលើឃ្លាំងសេដ្ឋកិច្ចចំនួន ២ ឃ្លាំង បណ្តាលឱ្យឆេះអស់។ នៅឆ្នាំដដែល ធិន បានទៅចូលរួមប្រជុំនៅមន្ទីរសេដ្ឋកិច្ចតំបន់៤១ ក្នុងឃុំបុសខ្នុរ។ សមាជិកចូលរួមប្រជុំមាន៖ ធិន, ឡៃ, លាប, សូ, ហោ, សួន និង ឡត។ ខ្លឹមសារប្រជុំ គឺលើកផែនការដើម្បីបំផុសប្រជាជននៅក្នុងឃុំបុសខ្នុរ កុំឱ្យមានជំនឿលើកម្លាំងបដិវត្តន៍ និងទាក់ទងរកអាវុធ ព្រមទាំងគ្រាប់សម្រាប់ទប់ទល់ចលនាបដិវត្តន៍។ ក្រោយពីដាក់ផែនការរួច ឈ្មោះ តាំង បានចាត់តាំង ធិន និង សូ ឱ្យទៅទាក់ទងឈ្មោះ ពូល ប្រធានពាណិជ្ជកម្មភូមិភាគឧត្តរ ដែលជាខ្សែរយៈរបស់គាត់ ឱ្យរកជ្រូក, អង្ករ និងគោ មកឱ្យទាហានឈ្មោះ សារឿន សក្តិ៣ នៅបន្ទាយខ្វិតធំ ដែលជាខ្សែរបស់គាត់ ដើម្បីមានកម្លាំងរកអាវុធ និងគ្រាប់ យកទៅធ្វើសកម្មភាពប្រឆាំងបដិវត្តន៍នៅថ្ងៃខាងមុខ។ នៅឆ្នាំ១៩៧២ ធិន បានទទួលការចាត់តាំងពីឈ្មោះ តាំង ឱ្យទៅរៀនពេទ្យនៅសាលាពេទ្យតំបន់៤១។ តាំង បានណែនាំឱ្យទាក់ទងជាមួយឈ្មោះ អិន អនុប្រធានពេទ្យយោធាកងពល១១៧ ដែលជាខ្សែរយៈរបស់គាត់ ដើម្បីរួមគ្នាធ្វើសកម្មភាពកម្ទេចកម្លាំងបដិវត្តន៍ដែលមកព្យាបាលនៅក្នុងមន្ទីរពេទ្យនេះ។
ក្រោយពីទទួលការចាត់តាំងហើយ ធិន បានជួបជាមួយ អិន នៅមន្ទីរពេទ្យ ហើយបានប្រាប់ អិន ឱ្យធ្វើសកម្មភាពសម្លាប់ប្រជាជន ២ នាក់ ឈ្មោះ នួន និង សុង ព្រោះអ្នកទាំងពីរមិនព្រមចូលជាសមាជិក សេ.អ៊ី.អា. ហើយខ្លាចថាពួកគេនឹងយករឿងនេះទៅរាយការណ៍ជូនអង្គការ។ ដូច្នេះ អិន ក៏បានចាក់ថ្នាំសម្លាប់អ្នកទាំងពីរ នៅមន្ទីរពេទ្យតំបន់៤១។ នៅឆ្នាំ១៩៧៣ ឈ្មោះ តាំង បានហៅ ធិន ទៅប្រជុំនៅមន្ទីរសេដ្ឋកិច្ចតំបន់៤១ ក្នុងឃុំបុសខ្នុរ ជាមួយសមាជិក សេ.អ៊ី.អា. គឺឈ្មោះ ហោ, សួន, សូ, ឡៃ និង ឡូត។ ខ្លឹមសារប្រជុំ គឺចុះតាមដានកងទ័ពបដិវត្តន៍នៅសមរភូមិកំពង់ចាម ដើម្បីធ្វើសកម្មភាពបំផ្លាញសម្ភារដែលកងទ័ពបដិវត្តន៍ដណ្តើមបានពីទាហាន ព្រមទាំងប្រមូលអាវុធ គ្រាប់ និងសម្ភារសំខាន់ៗ។ ក្រោយពីដាក់ផែនការរួច តាំង បានចាត់តាំង ធិន និងបក្ខពួក ឱ្យទាក់ទងទៅឈ្មោះ សល់ ប្រធានមន្ទីរតំបន់៤១ ដែលជាសមាជិក សេ.អ៊ី.អា.។ បន្ទាប់ពីទទួលការណែនាំហើយ ធិន និងបក្ខពួក បានជួបជាមួយឈ្មោះ សល់ នៅផ្លូវបំបែកត្រើង។ សល់ បានធ្វើលិខិតឱ្យ ធិន ចូលទៅដល់បន្ទាយភ្នំស្រី-ភ្នំប្រុស និងបានជួបជាមួយឈ្មោះ រស់ និង សែម ដែលជាសមាជិក សេ.អ៊ី.អា. តាំងពីឆ្នាំ១៩៦៨។ ធិន និងបក្ខពួក បានធ្វើសកម្មភាពដុតឃ្លាំងអាវុធ និងឃ្លាំងគ្រាប់ បណ្តាលឱ្យឆេះអស់ចំនួន ២ ឃ្លាំង នៅបន្ទាយវិហារធំ។ នៅឆ្នាំ១៩៧៤ កងទ័ពបដិវត្តន៍បានវាយចូលទីក្រុងកំពង់ចាម និងបានជម្លៀសប្រជាជនមួយចំនួន។ ពេលនោះ ឈ្មោះ តាំង បានហៅ ធិន ទៅជួបនៅមន្ទីរបុសខ្នុរ និងប្រាប់ឱ្យគាត់នាំសមាជិក សេ.អ៊ី.អា. ចំនួន ៧ នាក់ រួមមាន ឈ្មោះ ហេង ប្រធានពាណិជ្ជកម្មស្រុកព្រៃឈរ, សុខ អនុប្រធានកងចល័តស្រុកព្រៃឈរ, ហម ពាណិជ្ជកម្មស្រុក, កេត ពាណិជ្ជកម្មស្រុក, យុត ពាណិជ្ជកម្មស្រុក, គិត ពាណិជ្ជកម្ម និង វុធ ពាណិជ្ជកម្ម ទៅជួបជាមួយឈ្មោះ ផាន់ អនុលេខាស្រុកងមាស តំបន់៤១ ដើម្បីឱ្យជួយធ្វើសកម្មភាពបន្តទៅទៀតនៅស្រុកព្រៃឈរ។
ក្រោយមក ស្រេង បានហៅ ធិន ទៅប្រជុំនៅមន្ទីរតំបន់៤១ ក្នុងឃុំទឹកឆារ ដែលមានសមាសភាព ៦ នាក់ គឺ ធិន, រស់, ឡែន, ព្រុំ, ថុន និង ឆាយ។ ខ្លឹមសារប្រជុំ គឺស្រេងបានប្រកាសឱ្យស្គាល់គ្នា ដើម្បីទាក់ទង និងធ្វើសកម្មភាពទប់ទល់ចលនាបដិវត្តន៍ កុំឱ្យរំដោះប្រទេសជាតិបាន។ ឈ្មោះ ស្រេង បានដាក់ផែនការឱ្យរកវិធីសម្លាប់កម្មាភិបាល និងយុទ្ធជនរបស់កងទ័ពបដិវត្តន៍ នៅពេលអង្គការបើកសមរភូមិវាយរំដោះទីក្រុងភ្នំពេញ និងរង់ចាំបំផ្លាញសម្ភារដែលអង្គការដឹកទៅសមរភូមិ។ ក្រោយពីដាក់ផែនការរួច ស្រេង បានចាត់តាំងអ្នកទាំង ៦ នាក់ ឱ្យទៅទាក់ទងឈ្មោះ ផា (អង្គការចាប់ខ្លួន) ដើម្បីធ្វើសកម្មភាពកុំឱ្យកងទ័ពបដិវត្តន៍រំដោះទីក្រុងភ្នំពេញបាន។ នៅឆ្នាំ១៩៧៥ ក្រោយពីទទួលការណែនាំពី ស្រេង រួចហើយ ធិន និងអ្នកទាំង ៦ នាក់ បានទៅជួបជាមួយឈ្មោះ ផា នៅមន្ទីរពេទ្យភូមិភាគឧត្តរ។ ពេលជួប ធិន បានស្គាល់សមាជិក សេ.អ៊ី.អា. ចំនួន ៥ នាក់ គឺឈ្មោះ ធីម អនុប្រធានមន្ទីរពិសោធន៍ពេទ្យយោធាកងពល១១៧, ទុង យោធា, ណាង, ហឿន សមាជិកពាណិជ្ជកម្ម និង រឿន។ ផា បានដាក់ផែនការឱ្យដឹកថ្នាំពេទ្យ និងសម្ភារពេទ្យទៅសមរភូមិភ្នំពេញ ព្រមទាំងត្រូវធ្វើឱ្យខូចខាតថ្នាំទាំងអស់នោះ។ បន្ទាប់ពីទទួលផែនការពីឈ្មោះ ផា រួចហើយ ធិន បានដឹកថ្នាំទៅភូមិទួលអណ្តែង និងបានធ្វើឱ្យរថយន្តធ្លាក់ពីលើសាឡាងចូលទៅក្នុងទឹក បណ្តាលឱ្យខូចថ្នាំទាំងនោះអស់។
នៅខែកុម្ភៈ ឆ្នាំ១៩៧៥ ឈ្មោះ ផា បានហៅ ធិន ទៅប្រជុំនៅមន្ទីរពេទ្យ ព១ ខាងជើងភ្នំបាសិត (ភ្នំពេញ) ដែលមានសមាសភាព ១២ នាក់ គឺ ធិន, ថុន, ឡែន, អុន, ហ៊ាង, សី, ណាង, ហេង, ប្រាំង, ម៉ៃ, ពាន់ និង យោក។ ខ្លឹមសារប្រជុំ គឺឱ្យ ផា ប្រកាសឱ្យស្គាល់គ្នា ដើម្បីទាក់ទងធ្វើសកម្មភាពទប់ទល់ចលនាបដិវត្តន៍ កុំឱ្យរំដោះទីក្រុងភ្នំពេញបាន។ ផា បានដាក់ផែនការថា កុំឱ្យយកចិត្តទុកដាក់ព្យាបាលយោធារបួសដែលមកពីសមរភូមិភ្នំពេញ ហើយបើព្យាបាលជាហើយ កុំឆាប់អនុញ្ញាតឱ្យត្រឡប់ទៅសមរភូមិវិញ ដើម្បីធ្វើឱ្យស្ទះកម្លាំងទៅវាយខ្មាំង។ ក្រោយពីដាក់ផែនការរួច ផា ក៏បានចាត់តាំង ធិន, ឡែន និង ណា ឱ្យទៅព្យាបាលយោធារបួសនៅមន្ទីរពេទ្យ ព១។ បន្ទាប់ពីទទួលការចាត់តាំង ផា, ធិន និងសមាជិក សេ.អ៊ី.អា. ៣ នាក់ទៀត បានធ្វើសកម្មភាពបើកឃ្លាំងថ្នាំពេទ្យ រើសយកថ្នាំល្អៗទុកដោយឡែក ហើយយកថ្នាំដែលមិនសូវល្អទៅព្យាបាល។ នៅពេលព្យាបាលរួចហើយ ធិន មិនទាន់អនុញ្ញាតឱ្យយោធាត្រឡប់ទៅសមរភូមិវិញទេ ដើម្បីធ្វើឱ្យស្ទះកម្លាំងទៅវាយរំដោះទីក្រុងភ្នំពេញ។នៅខែមីនា ឆ្នាំ១៩៧៥ ឈ្មោះ ផា បានហៅ ធិន និង ឡែន ទៅជួបនៅមន្ទីរពេទ្យ ព៤ ខាងជើងបន្ទាយត្រពាំងព្រាយ (ភ្នំពេញ)។ នៅពេលជួប ធិន បានរាយការណ៍ប្រាប់ ផា អំពីសកម្មភាពរបស់សមាជិក សេ.អ៊ី.អា. ដែលបានបើកឃ្លាំងថ្នាំល្អៗយកទៅរក្សាទុក និងមិនអនុញ្ញាតឱ្យយោធាដែលជាសះស្បើយពីរបួសត្រឡប់ទៅសមរភូមិវិញ។
បន្ទាប់មក ផា បានណែនាំ ធិន ឱ្យខិតខំបន្តធ្វើសកម្មភាពទៀត ដើម្បីទប់ទល់ចលនាបដិវត្តន៍ កុំឱ្យរំដោះប្រទេសជាតិបាន។ ក្រោយមក ផា បានប្រាប់ ធិន និង ឡែន ឱ្យត្រឡប់ទៅមូលដ្ឋានវិញ និងទាក់ទងសមាជិក សេ.អ៊ី.អា. ឈ្មោះ សឿន នៅមន្ទីរស្រុក ភូមិដីក្រហម ឃុំផ្កាយព្រឹក ស្រុកព្រៃឈរ។ បន្ទាប់ពីណែនាំចប់ ធិន និង ឡែន បានជួបជាមួយឈ្មោះ សឿន ហើយ សឿន បានណែនាំឱ្យស្គាល់ជាមួយឈ្មោះ គុន អនុប្រធានពាណិជ្ជកម្មស្រុកព្រៃឈរ តំបន់៤១។ អង្គការបានឱ្យ ធិន រង់ចាំឆែកទាហាន និងប្រជាជនដែលត្រូវបានជម្លៀសពីទីក្រុងកំពង់ចាម។ ដូច្នេះ ធិន បានចាត់តាំងមនុស្ស ៣ នាក់ ឱ្យរង់ចាំឆែកឆេរនៅតាមផ្លូវជាតិលេខ៧។ បើបានរបស់សំខាន់ៗ ត្រូវលាក់ទុក និងកុំរាយការណ៍ជូនអង្គការ។ ក្រោយពីទទួលការចាត់តាំងហើយ ធិន និងអ្នកទាំង ៣ នាក់ បានមករង់ចាំឆែកឆេរនៅខ្លោងទ្វារវត្តឃ្លោង ឃុំផ្កាយព្រឹក។ ពួកគេបានទទួលអាវុធខ្លីចំនួន ១២០ ដើម គ្រាប់បែកដៃចំនួន ២៥០ គ្រាប់ ថ្នាំពេទ្យចំនួន ៣៥ ឡាំង និងខោអាវគគីរចំនួន ៧៥០ សម្រាប់។ ក្រោយពីទទួលបានសម្ភារទាំងនេះ ធិន បានប្រគល់ឱ្យឈ្មោះ សឿន នៅមន្ទីរស្រុក ភូមិដីក្រហម។ នៅខែឧសភា ឆ្នាំ១៩៧៥ ស្រេង បានហៅ ធិន មកជួបនៅមន្ទីរតំបន់៤១។ នៅពេលទៅដល់ ស្រេង បានប្រាប់ឱ្យ ធិន នាំសមាជិក សេ.អ៊ី.អា. ចំនួន ១១ នាក់ ទៅបង្កប់ខ្លួនតាមសហករណ៍ សម្រាប់ជួយនៅពេលកម្លាំង សេ.អ៊ី.អា. មានផែនការវាយដណ្តើមរដ្ឋអំណាចពីបដិវត្តន៍ ហើយត្រូវរក្សាការទាក់ទងគ្នាជាប្រចាំ។
ក្រោយពីទទួលការចាត់តាំងហើយ ស្រេង និង ធិន បាននាំទាហាន ១១ នាក់ រួមមាន ឈិត អឿន, ហុង សន, ហុង សាន, លី គឹមអ៊ី, អ៊ុល, ស៊ន, ថុន, លាង ហឿន, ឈឹម នួន, នាង និង សេង លី ទៅបង្កប់ខ្លួនតាមទីតាំងផ្សេងៗ។ នៅខែកក្កដា ឆ្នាំ១៩៧៥ ឈ្មោះ ស្រេង បានហៅ ធិន ទៅមន្ទីរមួយស្ថិតនៅឃុំខ្លែងពណ៌។ នៅពេលទៅដល់ ធិន បានឃើញឈ្មោះ ឡែន និង ឡៃ នៅទីនោះ។ បន្ទាប់មក ស្រេង បានចាត់តាំងអ្នកទាំង ៣ នាក់ ឱ្យមកទីក្រុងភ្នំពេញ និងទាក់ទងជាមួយឈ្មោះ អឿន លេខាកងពល៣១០ និងឈ្មោះ វឿង ដែលជាសមាជិក សេ.អ៊ី.អា. របស់គាត់ ដើម្បីទាក់ទងរកអាវុធ ឡាន និងថ្នាំពេទ្យ ទុកត្រៀមសម្រាប់ពេលមានផែនការវាយដណ្តើមរដ្ឋអំណាចពីបដិវត្តន៍។ ក្រោយពីទទួលការចាត់តាំងពី ស្រេង ហើយ ធិន និងសមាជិក សេ.អ៊ី.អា. ៣ នាក់ទៀត បានទៅជួបជាមួយ អឿន និង វឿង នៅផ្ទះរបស់គាត់ខាងជើងផ្ទះសំណាក់ភ្នំ។ នៅពេលជួប ឈ្មោះ អឿន បានផ្តល់កាំភ្លើងចំនួន ៣៥០ ដើម គ្រាប់គ្រប់ធុនចំនួន ១៥០ ឡាំង ឡានចំនួន ៣ គ្រឿង និងថ្នាំពេទ្យចំនួន ៤៥ ឡាំង។ ក្រោយមក ឈ្មោះ កែវ បានប្រាប់ ធិន អំពីសកម្មភាពដែលខ្លួនបានអនុវត្តកន្លងមក ដោយបានបំផុសប្រជាជនតាមសហករណ៍ក្នុងឃុំបារាយណ៍ កុំឱ្យមានជំនឿលើបដិវត្តន៍។ លើសពីនេះ កែវ ក៏បានធ្វើសកម្មភាពដាក់ថ្នាំ ដេ.ដេ.តេ. បំពុលមាន់ និងទាក្នុងសហករណ៍ភូមិកូនអំពិល បណ្តាលឱ្យស្លាប់អស់ចំនួន ២៥០ ក្បាល និងបានដុតស្រូវនៅសហករណ៍ភូមិព្រៃរំដេងអស់ ៣ តោន ព្រមទាំងលួចយកស្រូវចំនួន ២ តោន ទៅលាក់ទុកនៅផ្ទះឈ្មោះ ជឿន ស្ថិតនៅភូមិត្រពាំងបី ឃុំបារាយណ៍។ ក្រោយមក ធិន បានទៅជួបជាមួយ តាំង នៅមន្ទីរតំបន់វត្តតាមៈ ហើយបានរាយការណ៍អំពីកម្លាំង សេ.អ៊ី.អា. ចំនួន ២ រូប ដែលគាត់បានអូសទាញចូល។ តាំង បានទទួលស្គាល់អ្នកទាំងនោះជាសមាជិក សេ.អ៊ី.អា.។ ក្រោយពីបញ្ចូលជាកម្លាំង សេ.អ៊ី.អា. រួច ធិន បានប្រគល់ភារកិច្ចឱ្យពួកគេកសាងកម្លាំងបន្ថែម ដើម្បីជួយធ្វើសកម្មភាពអុកឡុកក្នុងសហករណ៍ កុំឱ្យមានការកសាងបានលឿន ព្រមទាំងប្រមូលអាវុធ និងសម្ភារសេដ្ឋកិច្ចលាក់ទុក សម្រាប់ជួយកម្លាំង សេ.អ៊ី.អា. នៅពេលមានផែនការវាយដណ្តើមរដ្ឋអំណាចពីបដិវត្តន៍។ នៅខែតុលា ឆ្នាំ១៩៧៥ ធិន និង ស្រេង បានហៅទៅប្រជុំនៅមន្ទីរវត្តតាមៈ ឃុំខ្លែងពណ៌។ សមាសភាពប្រជុំមានចំនួន ១៧ នាក់ រួមមាន៖ ធិន, តាំង, សឿន, មាស, ស៊ុយ, សោ, គាត, តុន, សល់, ម៉េង, វ៉េង, សេង, ឡៃ, ហេង, ឃាត, វុធ និង លី។
ក្នុងកិច្ចប្រជុំនោះ ស្រេង បានដាក់ផែនការឱ្យប្រមូលសម្ភារដែលអង្គការបែងចែកឱ្យប្រជាជនតាមសហករណ៍ ហើយលាក់ទុក មិនឱ្យចែកជូនប្រជាជន ដើម្បីធ្វើឱ្យប្រជាជនបាត់បង់ជំនឿលើអង្គការ។ បន្ថែមពីនេះ គេក៏បានដាក់ផែនការកាត់បន្ថយរបបអង្កររបស់ប្រជាជន និងយុទ្ធជន ដោយទុកត្រឹមកន្លះកំប៉ុងសម្រាប់ហូបពេលព្រឹក និងពេលល្ងាច លាយជាមួយត្រកួន ដើម្បីធ្វើឱ្យមានការមិនពេញចិត្តចំពោះអង្គការបដិវត្តន៍។ ព្រមទាំងជំរុញឱ្យមានការកសាងកម្លាំងបន្ថែម សម្រាប់បង្កប់នៅតាមសហករណ៍ និងធ្វើសកម្មភាពរារាំងការអភិវឌ្ឍរបស់សហករណ៍។ ក្រោយពីដាក់ផែនការរួច ធិន, ឡូត និង ហោ បានទាក់ទងជាមួយឈ្មោះ ពូល ដើម្បីយកសម្ភារដែលត្រូវចែកជូនប្រជាជនតាមសហករណ៍ក្នុងតំបន់៤១ មកលាក់ទុកនៅឃ្លាំងភូមិកងមាស ឃុំពាមជីកង។ គោលបំណងគឺធ្វើឱ្យប្រជាជនក្នុងសហករណ៍ខ្វះខាតសម្ភារ និងមានការលំបាកក្នុងការកសាងជីវភាព។ នៅផ្ទះឈ្មោះ ពូល ក្បែរវត្តដីដុះ ខេត្តកំពង់ចាម ធិន, ឡូត និង ហោ បានប្រមូលអំបិលចំនួន ៧៥ តោន មុងចំនួន ១,៥០០ ក្រណាត់ចំនួន ១,២០០ ដុំ ថ្នាំពេទ្យចំនួន ៨០ ឡាំង និងក្រមាចំនួន ២,៥០០ យកទៅលាក់ទុកនៅភូមិកងមាស ឃុំពាមជីកង ស្រុកកងមាស។ នៅខែធ្នូ ឆ្នាំ១៩៧៥ ស្រេង បានចាត់តាំង ធិន ឱ្យព្យាបាលពលករនៅការដ្ឋានតំបន់៤១ ដែលកំពុងធ្វើការនៅឃុំព្រៃឈរ ហើយឱ្យទាក់ទងជាមួយឈ្មោះ តាំង ដើម្បីរួមគ្នាធ្វើសកម្មភាពទប់ទល់ចលនាការដ្ឋាននេះ កុំឱ្យមានការកសាងបានលឿនពេក។ បន្ទាប់មក ធិន បានជួបជាមួយឈ្មោះ តាំង នៅមន្ទីរការដ្ឋានតំបន់ ភូមិអំពិលធំ ឃុំខ្វិតធំ។ នៅទីនោះ ធិន បានជួបជាមួយឈ្មោះ ឡៃ ហើយបានប្រាប់ ឡៃ តាមអ្វីដែល ស្រេង បានប្រាប់មកខ្លួន។ ធិន ត្រូវបានចាត់តាំងឱ្យព្យាបាលអ្នកជំងឺ ដោយបើកយកថ្នាំមួយចំនួនមកលាក់ទុក ហើយបានបំផុសពលករដែលមកសម្រាកព្យាបាល និងជាសះស្បើយហើយ ឱ្យត្រឡប់ទៅផ្ទះវិញ ដោយមិនឱ្យត្រឡប់ទៅការដ្ឋាន។
នៅខែកុម្ភៈ ឆ្នាំ១៩៧៦ តាំង បានហៅ ធិន ទៅប្រជុំនៅមន្ទីរការដ្ឋានតំបន់ ស្ថិតនៅភូមិអំពិល។ សមាសភាពប្រជុំមាន ធិន, គាត, ឡៃ និង សៅ។ ក្នុងកិច្ចប្រជុំនោះ ឈ្មោះ តាំង បានរាយការណ៍អំពីសកម្មភាពដែលបានអនុវត្ត និងបានដាក់ផែនការឱ្យបន្តអនុវត្តនៅក្នុងការដ្ឋាន។ ទី១ សៅ បានរាយការណ៍ពីសកម្មភាពរបស់ខ្លួន ដោយមិនដោះស្រាយទីជម្រកឱ្យកងចល័ត បណ្តាលឱ្យពួកគេដេកហាលខ្យល់ និងហាលភ្លៀង។ គាត់បានកាត់បន្ថយរបបអង្ករមកត្រឹមមួយកំប៉ុងសម្រាប់ហូបបបរព្រឹក-ល្ងាច។ ជាលទ្ធផល កងចល័តមួយចំនួនបានរត់ទៅផ្ទះ និងមិនត្រឡប់មកវិញ ដែលធ្វើឱ្យការងារនៅការដ្ឋានមានការយឺតយ៉ាវ។ ទី២ ឡៃ បានរាយការណ៍ថា ខ្លួនបានធ្វើឱ្យរថយន្តខូច និងមិនបានថែទាំ ឬលាងសម្អាតរថយន្តឱ្យបានត្រឹមត្រូវ។ ទី៣ ធិន បានរាយការណ៍ពីសកម្មភាពដែលខ្លួនបានអនុវត្ត ដោយបានលាក់ទុកថ្នាំពេទ្យដែលអង្គការបញ្ជូនមកព្យាបាលកងចល័ត ចំនួន ១៥ ឡាំង នៅមន្ទីរពេទ្យការដ្ឋាន និងបានបំផុសអ្នកជំងឺដែលជាសះស្បើយហើយ ឱ្យត្រឡប់ទៅផ្ទះវិញ។ ទី៤ គាត បានរាយការណ៍ថា សម្ភារដែលអង្គការបញ្ជូនមកឱ្យកងចល័តការដ្ឋាន ត្រូវបានលាក់ទុក រួមមាន ក្រណាត់ ៤៥០ ដុំ ត្រី ២ តោន និងអំបិល ៧ តោន នៅក្រោមវត្តស្តើងជ័យ ស្រុកជើងព្រៃ តំបន់៤១។ នៅខែមេសា ឆ្នាំ១៩៧៦ ឈ្មោះ តាំង បានឱ្យ ធិន ហៅពេទ្យតាមស្រុក ដែលមកប្រចាំការនៅការដ្ឋានតំបន់៤១ មកប្រជុំនៅវត្តអំពិលធំ ឃុំខ្វិតធំ ពីព្រោះកម្លាំង សេ.អ៊ី.អា. នៅតាមមូលដ្ឋានមានគម្រោងធ្វើសកម្មភាព។ សមាសភាពប្រជុំរួមមាន ថុន, ខុន និង ធិន។ ខ្លឹមសារប្រជុំ គឺ ធិន បានដាក់ផែនការឱ្យកម្លាំង សេ.អ៊ី.អា. មិនត្រូវយកចិត្តទុកដាក់ព្យាបាលកងចល័តឱ្យឆាប់ជាសះស្បើយ ដើម្បីធ្វើឱ្យស្ទះដល់កម្លាំងការដ្ឋាន។ ព្រមទាំងកសាងកម្លាំងបន្ថែម សម្រាប់ធ្វើសកម្មភាពទប់ទល់ចលនាការដ្ឋាន កុំឱ្យមានការកសាងបានលឿន។ បន្ទាប់មក ឈ្មោះ សឿន បានមកមន្ទីរពេទ្យស្រុកព្រៃឈរ និងបានចាត់តាំង ធិន និងឈ្មោះ គឹម ឱ្យទៅទីក្រុងភ្នំពេញ ដើម្បីរកថ្នាំពេទ្យទុកត្រៀមព្យាបាលរបួសកម្លាំង សេ.អ៊ី.អា. ដែលគ្រោងធ្វើសកម្មភាពវាយដណ្តើមរដ្ឋអំណាចពីបដិវត្តន៍។
ក្រោយពីទទួលការចាត់តាំងពី សឿន ធិន និង គឹម បានជួបជាមួយឈ្មោះ ណាង ដែលជាកម្លាំង សេ.អ៊ី.អា. របស់ ផា នៅមន្ទីរពិសោធន៍ថ្នាំពេទ្យយោធា កងពល៣១០ ខាងលិចពេទ្យអង្គឌួង។ ណាង បានផ្តល់ថ្នាំពេទ្យចំនួន ២៥ ឡាំង មេថ្នាំ «បេឌូ» ចំនួន ១៥ ដប មេថ្នាំជីវជាតិ C ចំនួន ១៧ គីឡូក្រាម និងមេសេរ៉ូមចំនួន ១២០ គីឡូក្រាម។ ក្រោយពីទទួលបានថ្នាំទាំងនេះហើយ ធិន និង គឹម បានយកមកទុកនៅមន្ទីរពិសោធន៍ថ្នាំពេទ្យស្រុកព្រៃឈរ។ នៅខែមិថុនា ឆ្នាំ១៩៧៦ ឈ្មោះ តាំង បានហៅ ធិន មកជួបនៅមន្ទីរពេទ្យតំបន់ព្រៃទទឹង និងបានចាត់តាំងគាត់ជាប្រធានពេទ្យកម្ចាត់ជំងឺគ្រុនចាញ់ តំបន់៤១ និងជាប្រធានពេទ្យស្រុកព្រៃឈរ។ ព្រមទាំងឱ្យគាត់ទាក់ទងជាមួយឈ្មោះ ផិត ប្រធានពេទ្យភូមិភាគឧត្តរ ដែលត្រូវបានរៀបរាប់ថាជាកម្លាំង សេ.អ៊ី.អា.។ អ្នកទាំងពីរត្រូវធ្វើសកម្មភាពប្រឆាំងផែនការកម្ចាត់ជំងឺគ្រុនចាញ់របស់អង្គការ។ ក្រោយមក ផិត បានហៅ ធិន ទៅប្រជុំនៅសាលាពេទ្យភូមិភាគឧត្តរ។ អ្នកចូលរួមប្រជុំមាន ធិន, គឹម, ឡែន, ថុន, រស់, ថូ, ក្រម, ថា, ផាត, ឃឿន, ឃួន, សាម, ជា, ឡន, ជ័យ និង គាន។ ខ្លឹមសារប្រជុំ គឺ ផិត បានឱ្យស្គាល់គ្នាទៅវិញទៅមក និងបានដាក់ផែនការឱ្យយកថ្នាំសម្លាប់មូសទៅបោះចោល ឬយកទៅបំពុលគោ-ក្របីរបស់សហករណ៍។
បន្ទាប់ពីទទួលផែនការហើយ ផិត, គឹម និង ធិន បានរៀបចំឃ្លាំងមួយនៅមន្ទីរពេទ្យស្រុកព្រៃឈរ។ នៅទីនោះ ធិន បានដឹកថ្នាំ ដេ.ដេ.តេ. ចំនួន ២០០ ឡាំង និងថ្នាំលេបគ្រុនចាញ់ចំនួន ៧៥ ឡាំង។ ចំណែកអ្នកផ្សេងទៀត ត្រូវបាន ផិត ចាត់តាំងឱ្យអនុវត្តការងារផ្សេងៗ ដើម្បីបំផ្លាញផែនការលុបបំបាត់ជំងឺគ្រុនចាញ់របស់អង្គការ។ នៅមន្ទីរពេទ្យស្រុកព្រៃឈរ ធិន បានណែនាំពេទ្យផ្នែកជំងឺគ្រុនចាញ់ទៅបាញ់ថ្នាំសម្លាប់មូសនៅឃុំទឹកឆារ។ នៅពេលនោះ ធិន បានឱ្យឈ្មោះ កែវ និង សារឿន ដែលជាកម្លាំង សេ.អ៊ី.អា. រាយការណ៍អំពីសកម្មភាពដែលបានអនុវត្តកន្លងមក។ កែវ បានរាយការណ៍ថា ខ្លួនបានបំផុសប្រជាជនឱ្យខ្ជិលធ្វើការនៅការដ្ឋាន ធ្វើពុតជាឈឺ បានលាក់ទុកថ្នាំពេទ្យចំនួន ១២ ឡាំង និងបានកសាងសមាជិក សេ.អ៊ី.អា. បានចំនួន ២ នាក់។ ចំណែក សារឿន បានរាយការណ៍ថា ខ្លួនបានបំផុសឱ្យប្រជាជនកុំឱ្យមានជំនឿលើសហករណ៍ បានលាក់ទុកពូជស្រូវចំនួន ១ តោន និងបានដុតស្រូវរបស់សហករណ៍ដូនឡី ឆេះអស់ចំនួន ៤ តោន។ បន្ទាប់មក ធិន បានណែនាំឱ្យ កែវ និង សារឿន បន្តខិតខំធ្វើសកម្មភាពទាំងនេះតទៅទៀត។ ក្រោយមក ធិន បាននាំកម្លាំងបុគ្គលិកពេទ្យទៅភូមិថ្មដា ឃុំទឹកឆារ។ នៅពេលទៅដល់ពាក់កណ្តាលផ្លូវ គាត់បានជួបជាមួយឈ្មោះ លី និងឈ្មោះ នៅ (ជាប្រធានកងតូចយោធាតំបន់៤១ និងជាកម្លាំង សេ.អ៊ី.អា. របស់ឈ្មោះ លី)។
បន្ទាប់មក ធិន, លី និង នៅ បានសហការគ្នាធ្វើសកម្មភាពបំផ្លិចបំផ្លាញសម្ភាររបស់សហករណ៍ក្នុងឃុំទឹកឆារ។ លី បាននិយាយថា ពួកគេគួរតែទៅភូមិថ្មី ព្រោះនៅទីនោះមានហ្វូងគោ និងក្របីរបស់ប្រជាជនជាច្រើន ដែលមកធ្វើស្រែដើមឆ្នាំ។ អ្នកទាំងបីបានយកថ្នាំ ដេ.ដេ.តេ. ទៅដាក់ក្នុងទឹកស្រះ បណ្តាលឱ្យគោស្លាប់អស់ចំនួន ៧៥ ក្បាល និងក្របីស្លាប់អស់ចំនួន ៤៥ ក្បាល នៅភូមិថ្មី ឃុំទឹកឆារ ស្រុកព្រៃឈរ។ តាមការរៀបរាប់ ការស្លាប់គោ និងក្របីទាំងនេះ បានធ្វើឱ្យប៉ះពាល់ដល់កម្លាំងការងារ និងបណ្តាលឱ្យការធ្វើស្រែដើមឆ្នាំមិនអាចសម្រេចបានតាមផែនការរបស់អង្គការ។ សកម្មភាពទាំងនេះ ត្រូវបានរៀបរាប់ថា ធិន បានអនុវត្តជាបន្តបន្ទាប់ រហូតដល់អង្គការចាប់ខ្លួនគាត់នៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ១៩៧៧។ ការសួរចម្លើយត្រូវបានបញ្ចប់នៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ១៩៧៧ ដោយអ្នកសួរចម្លើយឈ្មោះ ជា កាក់៕
***
ចម្លើយសារភាពរបស់អ្នកទោសនៅក្នុងរបបខ្មែរក្រហម ភាគច្រើនត្រូវបានទទួលក្រោមការបង្ខិតបង្ខំ និងការធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរពីសំណាក់កងសួរចម្លើយ។ ដូច្នេះ ចម្លើយសារភាពរបស់ ខៀវ ធិន មិនអាចយកមកសន្និដ្ឋានថាជាការពិតទាំងស្រុងបានឡើយ។ ចម្លើយសារភាពនេះធ្វើចប់នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៧៧ និងសួរចម្លើយដោយឈ្មោះ ជា កាក់ ហើយខ្លឹមសារនៃចម្លើយសារភាពបានទម្លាក់កំហុសលើកម្មាភិបាលពេទ្យនៅតំបន់៤១ និងភូមិភាគឧត្តរ ប្រមាណ១០០នាក់។
***
[1] ខៀវ ធិន, អាយុ ៣៥ឆ្នាំ, ចម្លើយសារភាពលេខ J00143, ចម្លើយសារភាពនេះបង្ហាញឈ្មោះកម្មាភិបាលខ្មែរក្រហមនៃតំបន់៤៣ និង និងភូមិភាគឧត្តរ ដែលជាក់ពាក់ព័ន្ធនឹងកម្លាំងសេ.អ៊ី.អា. ថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៧៧, ៤៣ ទំព័រ, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។ សេ.អ៊ី.អា. មានភារកិច្ចកសាងកម្លាំងសម្រាប់ទប់ទល់ចលនាខ្មែរក្រហម, ស៊ើបពិនិត្យតាមដានរកចាប់ខ្មែរក្រហម និងធ្វើសកម្មភាពបំផ្លាញទ្រព្យសម្បត្តិប្រជាជន។
អត្ថបទទាក់ទង

សាត គិ(ជនជាតិដើមភាគតិចព័រ)៖ អតីតកងទ័ពកងពលលេខ៤ ការពារព្រំដែនថ្មដា

ប្រទេសសៀមមានគោលបំណងឈ្លានពានប្រទេសកម្ពុជា ជាច្រើនសតវត្សរ៍មកហើយ សៀមបានដឹ...

ណង ឈឿង៖ បដិវត្តន៍ខ្មែរក្រហមធ្វើឲ្យខ្ញុំឃ្លាតពីឪពុកម្តាយជារៀងរហូត

ប្រជាជនជួយលាក់ប្រវត្តិរូបពីយោធាភូមិភាគនិរតី

ឆាយ មឿន ហៅ ភាន់៖ អ្នកបើកឡានជូនឯកអគ្គរដ្ឋទូតប្រចាំកម្ពុជាក្នុងរបបកម្ពុជ...


