ទួន សុខ៖ ធ្វើការ និងរស់នៅក្នុងកងកុមារភូមិតាអី

ទួន សុខ អាយុ៥៤ឆ្នាំ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម សុខ មានបងប្អូនពីរនាក់។ គ្រួសាររបស់សុខ មិនបានរស់នៅជួបជុំគ្នានោះទេ ព្រោះឪពុករបស់គាត់ត្រូវបានអង្គការចាត់តាំងឲ្យចូលក្នុងកងតាៗ ដើម្បីធ្វើការភ្ជួរស្រែ និងមើលក្របីនៅភ្នំបូរី ហើយគាត់អាចសុំអង្គការត្រលប់មកមើលប្រពន្ធកូនរយៈពេល២ខែម្ដង។ ចំណែកម្ដាយរបស់សុខ ត្រូវចូលទៅក្នុងក្រុមកងធ្វើអង្ករ ឬចិញ្ចឹមដង្កូវនាងនៅសហករណ៍ ហើយសុខ អាចទៅជួបមុខម្ដាយនៅពេលល្ងាចបានមួយភ្លែត ប៉ុន្តែមិនអាចសម្រាកជាមួយនៅពេលយប់បានទេ។
ចំពោះ សុខ ដែលមានអាយុប្រមាណ១៣ឆ្នាំ ត្រូវបានអង្គការបញ្ជូនឲ្យចូលក្នុងក្រុមកងកុមារភូមិតាអី ដើម្បីស្នាក់នៅជាមួយក្មេងៗប្រមាណ៥០នាក់មកពីភូមិតាអី និងភូមិបាសឹង នៅត្រង់ផ្ទះតាលុយ យាយឡៃ និងមានប្រធានកងម្នាក់ឈ្មោះ ឡូ មើលការខុសត្រូវ។ នៅក្នុងកង ក្មេងៗទាំងអស់ត្រូវក្រោកពីព្រឹកព្រលឹមដើម្បីធ្វើការប្រមូលអាចម៍គោពីក្នុងក្រោល រែកដីដំបូក កាប់ដើមទន្ទ្រានខែត្រយកមកចិញ្ច្រាំ និងជីករណ្ដៅបួនជ្រុងដើម្បីធ្វើជីទុកដាក់ក្នុងស្រែនៅរដូវស្សា។ មួយវិញទៀត សុខ និងកុមារក្នុងក្រុមផ្សេងទៀត ត្រូវធ្វើការឃ្វាលគោល និងយកលាមកមនុស្សពីក្នុងបង្គន់ទៅលាយជាមួយផេះ ឬដីដំបូក រួចរែកយកទៅដាក់នៅស្រែដើម្បីឲ្យក្រុមកងចល័តយកសំណាបទៅជ្រលក់រួចកងយកទៅស្ទូង។
ក្រៅពីការធ្វើការងារ សុខ និងក្មេងនៅក្នុងកងទាំងអស់បានរៀនរយៈពេលមួយម៉ោង និងចេះអានអក្សរតិចតួច បន្ទាប់ពីហូបអាហារថ្ងៃត្រង់រួចនៅក្រោមផ្ទះប្រជាជនឬក្រោមដើមឈើ។ ចំពោះការហូបអាហារ អង្គការបានដាំបាយ ឬបបរ ឲ្យប្រជាជនហូបរួមជាមួយសម្លបន្លែព្រលឹត និងមានសាច់បន្តិចបន្តួច ២ពេលក្នុងមួយថ្ងៃ នៅម៉ោង១១ថ្ងៃត្រង់ និងពេលល្ងាច។ នៅរដូវប្រមូលផល សុខ និងប្រជាជនទាំងអស់បានហូបបាយត្រឹមតែរយៈពេល១ខែប៉ុណ្ណោះ ហើយរួចពីនោះគឺបានត្រឹមហូបបបរខាប់ ឬរាវៗ។
នៅក្នុងសហករណ៍ សុខ បានឃើញក្មេងម្នាក់ ដែលរស់នៅក្នុងកងជាមួយគ្នាបានយកអំពិលទៅបុកជាមួយក្ដាម និងដាក់លាមកមនុស្សបន្តិច រួចយកទៅឲ្យយាយចាស់ងងឹតភ្នែកហូប។ បន្ទាប់មក ប្រធានកងបានដឹងរឿងនេះនិងបានហៅកងឈ្លបឲ្យទៅចាប់ក្មេងនោះយកទៅវាយនៅផ្ទះរបស់ឈ្មោះ ផេង រយៈពេលប្រមាណ៣ថ្ងៃ។
មួយវិញទៀត សុខ ធ្លាប់ឃើញអង្គការរៀបចំឲ្យយុវជនរៀបការម្ដងពី៣ទៅ៥គូក្នុងពេលតែមួយ ហើយនៅក្នុងកម្មវិធីយុវជន និងយុវនារីគ្រាន់តែចាប់ដៃគ្នាទាំងសងខាង និងប្ដេជ្ញាតាមអង្គការ។ ការរៀបការនេះ គឺធ្វើឡើងដោយការស្ម័គ្រចិត្ត ព្រោះអ្នកដែលត្រូវរៀបការ ឬសាច់ញាតិបានទៅស្នើប្រធានកងជាមុន។ ប៉ុន្តែនៅតាមកងចល័ត សុខ បានដឹងដំណឹងថាការរៀបការច្រើនគូជាងនេះរហូតដល់៣០គូក្នុងពេលតែមួយ ដោយអ្នកខ្លះត្រូវបានអង្គការផ្សំផ្គុំឲ្យ និងមិនមានសិទ្ធិបដិសេធទាល់តែសោះ ហើយបើមានអ្នកប្រឆាំង ឬរស់នៅមិនចុះសម្រុងគ្នាគឺត្រូវបានកងឈ្លបចាត់យកទៅសម្លាប់។
នៅដើមខែមករា ឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ សុខ បានត្រលប់ទៅរស់នៅជួបជុំគ្រួសារវិញ និងបានទទួលដំណឹងថាសាច់ញាតិរបស់គាត់ម្នាក់ ដែលធ្វើការជាជាងដែក បានបាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យ ប៉ុន្តែគាត់មិនដឹងពីពេលវេលាស្លាប់នោះទេ ព្រោះនៅពេលគាត់មានជំងឺ អង្គការមិនបានអនុញ្ញាតិឲ្យសាច់ញាតិទៅមើលថែនោះទេ។
សម្ភាសន៍ដោយ៖ ថៃ ស៊ីណា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១
អត្ថបទដោយ៖ ភា រស្មី







