ខ្ញុំត្រូវបង្អត់អាហារ១ថ្ងៃ ដោយសារមានជំងឺធ្វើការមិនកើត

(ខេត្តស្វាយរៀង) សុខ យាត អាយុ ៦០ ឆ្នាំ មានស្រុកកំណើតនៅភូមិក្បាលក្រពើ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ យាត មានឪពុកឈ្មោះ សុខ យ៉ែម និងម្តាយ​ឈ្មោះ ស្រី សន ហើយគាត់ជាកូន ទី ៣ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៩ នាក់។ កាលពីកុមារភាព យាត ពុំបានរៀនសូត្រទេ។

នៅរបបខ្មែរក្រហម យាត ស្ថិតនៅវ័យក្មេងនៅឡើយ ប៉ុន្តែត្រូវបានដាក់ឱ្យស្ថិតក្នុងកម្លាំងស្រួចរបស់សហករណ៍។ ប្រធានកងកុមារបានចាត់តាំង យាត និងកុមារ ៨ នាក់ ឱ្យស្ទូងស្រូវលើទំហំដីស្រែមួយហិកតា ហើយក្រុមណាដែលធ្វើមិនគ្រប់ តាមការកំណត់ នឹងត្រូវបង្អត់បាយ ព្រមទាំងទទួលទណ្ឌកម្ម។ រឿងរ៉ាវដែល យាត ចងចាំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហម គឺការរស់នៅ យ៉ាងលំបាកវេទនា ធ្វើការងារធ្ងន់ ប៉ុន្តែទទួលបានអាហារហូបចុកមិនគ្រប់គ្រាន់។ យាត នៅចាំថាមានថ្ងៃមួយដោយសារគាត់មានជំងឺរាករូស និងឈឺពោះ មិនអាចចេញទៅធ្វើការបាន។ ប្រធានកងកុមារបានដាក់ទណ្ឌកម្មបង្អត់អាហារពេញមួយថ្ងៃ។

ក្នុងឆ្នាំ១៩៧៦ នៅស្រុករមាសហែក ខេត្តស្វាយរៀង យាត បានឮប្រជាជននិយាយថា មានអំពីកាប់សម្លាប់មនុស្សបានកើតឡើងជាច្រើន​។ ប្រជាជន​ត្រូវបានចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធជាមួយជនជាតិវៀតណាម និង ចិន ឬមានប្រវត្តិដែលអង្គការសង្ស័យថា មានសមាសភាពមិនល្អ។ យាត ឃើញអ្នកមានចំណេះដឹងជ្រៅជ្រះត្រូវស្ថិតក្រោមការឃ្លាំមើល និងខ្លះទៀតត្រូវបានចាប់ខ្លួននាំទៅសម្លាប់។ ជីវភាពរស់នៅរបស់យាត នៅពេលនោះមានការលំបាកយ៉ាងខ្លាំង។ អាហារត្រូវបានកំណត់យ៉ាងរឹតត្បិត ហើយមិនដែលបានហូបឆ្អែតឡើយ គឺទទួលបានត្រឹមបបរមួយចានតូចប៉ុណ្ណោះ។ យាត និងកុមារអាយុប្រហែល ១២ ទៅ ១៤ ឆ្នាំ ត្រូវបានបំបែកចេញពីឪពុកម្តាយ និងបញ្ជូនបង្ខំឱ្យទៅធ្វើការងារជាមួយសមាជិកកងចល័​ត។ កុមារមួយចំនួនបានយំសោកដោយសារនឹករឭកដល់គ្រួសារ។ រីឯឪពុកម្តាយវិញ ក៏ត្រូវបានបែងចែកឱ្យទៅធ្វើការងារនៅការដ្ឋាន លើកប្រព័ន្ធភ្លឺស្រែ និងជីកប្រឡាយ ព្រមទាំងការងារស្រែចម្ការជាដើម។

នៅចុងឆ្នាំ១៩៧៨ យាត ត្រូវបានជម្លៀសដោយបង្ខំឱ្យទៅរស់នៅឯភ្នំឈើកាច់ និងតំបន់អ្នកលឿង ស្ថិតក្នុងខេត្តព្រៃវែង។ រហូតដល់ថ្ងៃរំដោះ ៧មករា ទើប យាត អាចវិលត្រឡ​ប់​មកស្រុកកំណើតវិញ និងប្រកបរបរធ្វើស្រែរហូតមកដល់សព្វថ្ងៃ។ បច្ចុប្បន្ន យាត មានជំងឺក្រពះពោះវៀន ជំងឺតម្រងនោម ជំងឺលើសសម្ពាធឈាម និងលើសជាតិអាស៊ីត៕

សម្ភាសន៍ដោយ ផាត សែនពិសិដ្ឋ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin