ខ្មែរក្រហមចាត់ទុកព្រះសង្ឃជាអន្ទិតជិតប្រាំ

(ខេត្តស្វាយរៀង) សោម សយ អាយុ ៨០ ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងរំដេញ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង ហើយបច្ចុប្បន្នរស់នៅភូមិក្បាលក្រពើ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ សយ មានឪពុកឈ្មោះ សោម ហ៊ុន និងម្តាយឈ្មោះ ប៉ែន យា។ គាត់ជាកូនទី៣ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៦ នាក់។ កាលពីកុមារភាព គាត់បានរៀនសូត្រដល់ថ្នាក់ទី៧ ក្នុងរបបសង្គម​រាស្ត្រ​និយម នៅសាលាបឋមសិក្សាត្រពាំងព្រីង។

នៅឆ្នាំ១៩៧៥ ពេលដែលខ្មែរក្រហមឡើងកាន់អំណាច នៅភូមិត្រពាំងរំដេញ សយ បានឃើញឈ្លបចាប់ផ្តើមបង្ខំព្រះសង្ឃឱ្យផ្សឹក និងបានចាត់ទុកព្រះសង្ឃថា «អន្ទិតជិត​ប្រាំ» ហើយព្រះសង្ឃត្រូវចេញទៅធ្វើស្រែ​ចម្ការ​ដូចប្រជាជនដែរ។ ចំណែកពិធីបុណ្យប្រពៃណី និងសកម្មភាពសាសនាមិនត្រូវបានអនុញ្ញាតឱ្យធ្វើឡើយ។ សយ ក៏បានឃើញការបំផ្លិចបំផ្លាញវត្តអារាម វាយកម្ទេចព្រះពុទ្ធរូប រុះរើកុដិ និងសាលាឆាន់ ព្រមទាំងបានយកឈើទៅធ្វើរោងបាយ និងកន្លែងស្នាក់នៅ។ សយ បានរំឭកថានៅពេលនោះការរស់នៅលំបាក ខ្វះខាតអាហារ ហើយប្រជាជនទាំងអស់ត្រូវធ្វើការហួសកម្លាំង និងត្រូវហូបរួមគ្នានៅតាមរោងបាយ និងធ្វើការរួមតាមការដ្ឋាននានា។ នៅរដូវវស្សា សយ ត្រូវអង្គការតម្រូវឱ្យ​ស្ថិត​ក្នុងក្រុមកងចល័តដែលមានសមាជិក ១០ ទៅ ១៥ នាក់ ធ្វើការងារដូចជាភ្ជួររាស់ ដកស្ទូង និងបររទេះដឹកកណ្តាប់ជាដើម ព្រមទាំងការងារផ្សេង​ៗទៀតតាមការចាត់តាំងរបស់មេកង។ នៅរដូវប្រាំង សយ ត្រូវ ទៅជីកទំនប់ លើកប្រឡាយ និងលើកប្រព័ន្ធភ្លឺស្រែ​។

នៅចុងឆ្នាំ១៩៧៨ ប្រជាជនក្នុងភូមិត្រពាំងរំដេញត្រូវបានអង្គការជម្លៀសទៅកន្លែងផ្សេងៗ។ ចំណែកសយ ត្រូវបានជម្លៀសដោយបង្ខំទៅតំបន់ភ្នំឈើកាច់ ខេត្តព្រៃវែង។ ក្រោយមក នៅពេលប្រទេសត្រូវបានរំដោះនៅថ្ងៃទី ៧ មករា ឆ្នាំ១៩៧៩ គាត់ក៏បានវិលត្រឡប់មករស់នៅស្រុកកំណើតវិញរហូតមកដល់សព្វថ្ងៃ។ បច្ចុប្បន្ន សយ មានជំងឺស្ពឹកដៃស្ពឹកជើង ជំងឺពិបាកបន្ទោរបង់ និងជំងឺលើសសម្ពាធឈាម៕

សម្ភាសន៍ដោយ ផាត សែនពិសិដ្ឋ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin