ហាប់ ខន យុទ្ធជនទូរលេខមន្ទីរវរសេនាធំលេខ៣៧៧ ចូលជាភ្នាក់ងារ សេ.អ៊ី.អា.

ហាប់ ខន ជាយុទ្ធជនទូរលេខនៃវរសេនាធំលេខ៣៧៧ ត្រូវបានអង្គការចាប់ខ្លួន និងចោទប្រកាន់ថាបានចូលរួមជាមួយភ្នាក់ងារ សេ.អ៊ី.អា. ក្នុងការប្រព្រឹត្តសកម្មភាពក្បត់បដិវត្តន៍។ នៅក្នុងចម្លើយសារភាពរបស់ ហាប់ ខន មានរាយនាមកម្មាភិបាលខ្មែរក្រហមប្រមាណ ៣០នាក់ ដែលត្រូវបានចោទប្រកាន់ថាជាប់ពាក់ព័ន្ធនឹងសកម្មភាពក្បត់អង្គការ។ ខាងក្រោមនេះគឺជាខ្លឹមសារចម្លើយសារភាពរបស់ ហាប់ ខន ដែលបានផ្តល់កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៧៧។[1]
ហាប់ ខន អាយុ ២២ឆ្នាំ នៅលីវ មានស្រុកកំណើតនៅភូមិតាំងក្រសៅ ឃុំតាំងក្រសៅ ស្រុកសន្ទុក ខេត្តកំពង់ធំ។ ខន បានចូលបដិវត្តន៍នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៧៣ តាមរយៈឈ្មោះ បុល ដែលមានតួនាទីជាគណៈឃុំ។ ចាប់តាំងពីពេលចូលបដិវត្តន៍ រហូតដល់ថ្ងៃត្រូវចាប់ខ្លួន ខន បំពេញតួនាទីជាយុទ្ធជនរហូត។ ឪពុករបស់ ខន ឈ្មោះ ខៀវ ហាប់ និងម្តាយឈ្មោះ ម៉ក់ ឃុន។ អ្នកទាំងពីរមានមុខរបរធ្វើស្រែចម្ការ ឡើងត្នោត និងកាប់អុសលក់។ ខន មានបងប្អូនបង្កើតចំនួន ៥នាក់ ក្នុងនោះមានស្រី ១នាក់។
តាមការរៀបរាប់ក្នុងចម្លើយសារភាព ខន មានអត្តចរិតចូលចិត្តភាពសប្បាយរីករាយ ស៊ីផឹក ចង់បានជីវភាពល្អ និងចូលចិត្តបរិភោគអាហារឆ្ងាញ់ៗ។ ដំបូង ខន រស់នៅក្នុងមន្ទីរស្រុកសន្ទុក ក្រោមការដឹកនាំរបស់ឈ្មោះ មាន ដែលជាប្រធានមន្ទីរ។ ក្រោយមក ខន ត្រូវបានផ្លាស់ទៅអង្គភាពតំបន់កំពង់ធំ ក្នុងតួនាទីជាយុទ្ធជនដដែល ដោយមានឈ្មោះ សំ ដែលជានយោបាយវរសេនាតូចលេខ៤០៣ ជាអ្នកគ្រប់គ្រង (បច្ចុប្បន្នស្លាប់)។ បន្ទាប់មក ខន ត្រូវបានផ្ទេរទៅបម្រើការនៅវរសេនាធំលេខ៨០៨ នៃកងពលលេខ៣១០ ក្រោមការគ្រប់គ្រងរបស់ឈ្មោះ ហាប់ ដែលជានយោបាយអនុសេនាធំ និងឈ្មោះ អុល ដែលជានយោបាយអនុសេនាធំទី៤ នៃកងពិសេសវរសេនាធំលេខ៨០៨ ប្រចាំកងពលលេខ៣១០។
ក្រោយមក អង្គការបានផ្លាស់ប្តូរ ខន ឱ្យទៅបំពេញការងារនៅផ្នែកតេអូ នៃមន្ទីរកងពលលេខ៣១០ ដែលមានឈ្មោះ ហ៊ង ជានយោបាយអនុសេនាធំ ទទួលបន្ទុកផ្នែកតេអូ និងជាអ្នកគ្រប់គ្រងផ្ទាល់។ បន្ទាប់មកទៀត អង្គការបានចាត់តាំង ខន ឱ្យទៅរៀនជំនាញទូរលេខនៅសេនាធិការ ស្ថិតក្រោមការទទួលខុសត្រូវរបស់ឈ្មោះ តែម ដែលជាអ្នកគ្រប់គ្រងសិក្ខាកាម។ បន្ទាប់ពីបានសិក្សារយៈពេល ៤ខែ អង្គការបានចាត់តាំង ខន ឱ្យទៅបម្រើការក្នុងអង្គភាពកងរថក្រោះ នៃវរសេនាធំលេខ៣៧៧ ក្រោមការដឹកនាំរបស់ឈ្មោះ រិន ជាប្រធានវរសេនាធំ ឈ្មោះ ចិន ជាអនុប្រធានវរសេនាធំ និងឈ្មោះ ហ៊ិន ជាសមាជិកវរសេនាធំ។ នៅក្នុងចម្លើយសារភាព ខន បានរៀបរាប់អំពីខ្សែចង្វាក់នៃការចាត់តាំង និងការទាក់ទងនៅក្នុងកងពលលេខ៣១០ ដោយបញ្ជាក់ថា ដំបូងឡើយ ខ្លួនស្ថិតក្រោមការគ្រប់គ្រង និងការអប់រំរបស់ឈ្មោះ ក្រាន ប្រធានមន្ទីរកងពលលេខ៣១០ និងឈ្មោះ សឿង ប្រធានមន្ទីរតេអូ កងពលលេខ៣១០។ តាមការអះអាងរបស់ ខន អ្នកទាំងពីរបានអប់រំឱ្យខ្លួនយល់ឃើញពីការលំបាកក្នុងការធ្វើបដិវត្តន៍ ដូចជាហូបមិនឆ្អែត ហូបមិនឆ្ងាញ់ និងត្រូវធ្វើការងារច្រើនទាំងយប់ទាំងថ្ងៃដោយគ្មានពេលសម្រាក។ ខន បានបន្តថា អ្នកទាំងពីរក៏បាននិយាយប្រៀបធៀបជីវភាពកងទ័ពបដិវត្តន៍កម្ពុជាទៅនឹងកងទ័ពវៀតណាម ដោយអះអាងថា យុទ្ធជន និងយុទ្ធនារីវៀតណាមទទួលបានការយកចិត្តទុកដាក់ មានសេរីភាពក្នុងការរស់នៅ និងមិនខ្វះខាតសម្ភារ ឬអាហារឡើយ។ ពួកគេបានប្រាប់ ខន ថា កងទ័ពវៀតណាមមិនចាំបាច់ធ្វើស្រែ ប៉ុន្តែមានជីវភាពគ្រប់គ្រាន់ មានយានយន្តសម្រាប់ធ្វើដំណើរ និងមានសេរីភាពជាងកងទ័ពបដិវត្តន៍កម្ពុជា។ តាមចម្លើយសារភាព អ្នកទាំងពីរបានជំរុញឱ្យ ខន ចេញរំដោះខ្លួនឱ្យទទួលបានសេរីភាពដូចបដិវត្តន៍នៅប្រទេសវៀតណាម។ ខន បានឆ្លើយថា បន្ទាប់ពីទទួលការអប់រំទាំងនេះ ខ្លួនបានយល់ស្របតាមទាំងស្រុង និងបានចាប់ផ្តើមធ្វើសកម្មភាពប្រឆាំងនឹងបក្ស និងបដិវត្តន៍ចាប់តាំងពីពេលនោះមក។
នៅខែឧសភា ឆ្នាំ១៩៧៥ ឈ្មោះ កោង និងឈ្មោះ សឿង បានណែនាំឱ្យ ខន ចូលជាសមាជិកភ្នាក់ងារ សេ.អ៊ី.អា.។ នៅពេលចូលជាសមាជិក គេអះអាងថាមានសមាជិកសរុបចំនួន ១៤នាក់ ដែលសុទ្ធសឹងជាយុទ្ធជននៃកងពលលេខ៣១០ រួមមាន៖ ១. ឈ្មោះ ប៊ិច ជាយុទ្ធជនទូរលេខ, ២. ឈ្មោះ រ៉េត ជាយុទ្ធជនទូរលេខ, ៣. ឈ្មោះ រឹម ជាយុទ្ធជនមន្ទីរ ៣១០, ៤. ឈ្មោះ សេង ជាយុទ្ធជនទូរលេខ
៥. ឈ្មោះ សាន ជាយុទ្ធជនទូរលេខ, ៦. ឈ្មោះ រឿន ជាយុទ្ធជនទូរលេខ, ៧. ឈ្មោះ ណែវ ជាប្រធានក្រុមទូរលេខ, ៨. ឈ្មោះ គង់ ជាយុទ្ធជនទូរលេខ, ៩. ឈ្មោះ ស្រឿង ជាយុទ្ធជនទូរលេខ, ១០. ឈ្មោះ ជ្រន ជាយុទ្ធជនជួសជុលតេអូ, ១១. ឈ្មោះ ហូយ ជាយុទ្ធជនទូរស័ព្ទ, ១២. ឈ្មោះ ជីវ ជាយុទ្ធជនជួសជុលតេអូ, ១៣. ឈ្មោះ តូ ជាប្រធានក្រុមទូរលេខ កងពល៣១០, ១៤. ឈ្មោះ ផែន ជាប្រធានផ្នែកជួសជុលតេអូ កងពល៣១០ ។
បន្ទាប់ពី ខន ត្រូវបានគេចោទថាបានចូលជាសមាជិកភ្នាក់ងារ សេ.អ៊ី.អា. នៅក្នុងកងពលលេខ៣១០ គាត់បានរៀបរាប់នៅក្នុងចម្លើយសារភាពថា អង្គការបានផ្ទេររូបគាត់ រួមជាមួយឈ្មោះ ណែវ, គង់ និងយុទ្ធជនពីរនាក់ទៀត (ដែលគាត់អះអាងថាចងចាំឈ្មោះមិនបាន) ពីកងពលលេខ៣១០ ទៅបម្រើការងារនៅវរសេនាធំលេខ៣៧៧។ ការផ្ទេរនេះ បានធ្វើឱ្យគាត់ដាច់ទំនាក់ទំនងជាមួយក្រុមដែលត្រូវបានចោទថាជាបណ្តាញក្បត់នៅកងពល៣១០ មួយរយៈ។ នៅអង្គភាពថ្មី គាត់បានអះអាងថា បន្តសកម្មភាពអប់រំ និងអូសទាញយុទ្ធជនផ្សេងៗឱ្យចូលរួមជាមួយកម្លាំងដែលត្រូវបានចោទថាជាភ្នាក់ងារ សេ.អ៊ី.អា.។ នៅទីនោះ គាត់បានស្គាល់បុគ្គលមួយចំនួនដែលក្នុងចម្លើយសារភាពត្រូវបានរៀបរាប់ថាជាភ្នាក់ងារចាស់ និងថ្មី រួមមាន ខាន ដែលជាប្រធានមន្ទីរតេអូ វរសេនាធំ៣៧៧, សុំ, គង់ និង ណែវ ដែលមាននាទីជាអនុប្រធានមន្ទីរតេអូ ៣៧៧។ តាមការអះអាងរបស់ ខន ឈ្មោះ ខាន បានកោះប្រជុំយុទ្ធជនជាច្រើនលើក និងធ្វើការអប់រំអំពីភាពលំបាកនៅក្នុងរបបបដិវត្តន៍ ដោយលើកឡើងពីបញ្ហាការហូបចុកមិនគ្រប់គ្រាន់ ការគ្មានសិទ្ធិសេរីភាព និងការរស់នៅដ៏លំបាករបស់យុទ្ធជន។ ចម្លើយសារភាពបានអះអាងថា ខាន បានប្រៀបធៀបជីវភាពនៅក្នុងរបបបដិវត្តន៍កម្ពុជាជាមួយជីវភាពនៅក្នុងប្រទេសសង្គមនិយម និងបានលើកទឹកចិត្តឱ្យពង្រីកសមាជិកភាពបន្ថែម ព្រមទាំងរក្សាការសម្ងាត់ឱ្យបានតឹងរឹង ដោយព្រមានថា ប្រសិនបើបែកការណ៍ នឹងត្រូវទទួលទណ្ឌកម្មធ្ងន់ធ្ងរ។
ក្រោយមក ខាន ត្រូវបាន ខន អះអាងថា បានរៀបចំកិច្ចប្រជុំមួយ ដើម្បីដាក់ផែនការដណ្តើមអំណាចពីអង្គការ។ នៅក្នុងការប្រជុំនោះ មានយុទ្ធជនទូរលេខចំនួន ១២ នាក់ចូលរួម រួមមាន៖ ហាប់, គៀន, កែវ, ផុន, អាន, ឈឿន, រុំ, នី, សំ, ផាត, តូង និងថៃ។ ទោះជាយ៉ាងណា ក្នុងចម្លើយសារភាពដដែល ខន បានបញ្ជាក់ថា អ្នកទាំង ១២ នាក់នេះ មិនទាន់ត្រូវបានបញ្ចូលជាសមាជិកភ្នាក់ងារ សេ.អ៊ី.អា. ជាផ្លូវការនៅឡើយទេ ដោយគ្រាន់តែទទួលការអប់រំ និងការណែនាំតែប៉ុណ្ណោះ ហើយសកម្មភាពជាក់ស្តែងក៏មិនទាន់ត្រូវបានអនុវត្តន៍ដែរ។
នៅក្នុងផ្នែកចុងក្រោយនៃចម្លើយសារភាព ខន បានទទួលស្គាល់នូវសកម្មភាពដែលអង្គការចាត់ទុកថាជាការប្រឆាំងបដិវត្តន៍ រួមមាន៖ បំផ្លាញផ្លូវគមនាគមន៍ឱ្យដាច់, ធ្វើឱ្យខូចប្រព័ន្ធទូរលេខ, ធ្វើឱ្យខូចនាឡិកាដៃ, លួចទ្រព្យសម្បត្តិ, ដើរហើរដោយគ្មានវិន័យអង្គការ និងធ្វើការងារដោយខ្ជះខ្ជាយ។
លើសពីនេះ ខន បានសារភាពថា ខ្លួនបានអប់រំ និងអូសទាញយុទ្ធជនចំនួន ៣ នាក់ គឺឈ្មោះ អាន, នី និង ហាប់ ឱ្យចូលរួមក្នុងបណ្តាញដែលត្រូវបានចោទថាជាភ្នាក់ងារ សេ.អ៊ី.អា.។ តាមចម្លើយសារភាពនោះ គាត់បានលើកទឹកចិត្តឱ្យអ្នកទាំងបី លួចសម្ភារអង្គការ ដើរហើរដោយសេរី ធ្វើការងារដោយខ្ជះខ្ជាយ និងមានទំនាស់ជាមួយអង្គការ ព្រមទាំងបណ្តុះគំនិតថា ជីវភាពក្នុងបដិវត្តន៍កម្ពុជាមានការលំបាកជាងបដិវត្តន៍នៅប្រទេសវៀតណាម៕
***
ចម្លើយសារភាពរបស់អ្នកទោសនៅក្នុងរបបខ្មែរក្រហម ភាគច្រើនទទួលបានក្រោមការបង្ខិតបង្ខំ និងការធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរពីសំណាក់កងសួរចម្លើយ។ ដូច្នេះ ចម្លើយសារភាពរបស់ ហាប់ ខន ដែលមានតួនាទីជាយុទ្ធជនទូរលេខនៃមន្ទីរវរសេនាធំ៣៧៧ មិនអាចយកទៅសន្និដ្ឋានថាជាការពិតទាំងស្រុងបានឡើយ។ ចម្លើយសារភាពនេះធ្វើឡើងនៅខែឧសភា ឆ្នាំ១៩៧៧។ យោងតាមខ្លឹមសារនៃចម្លើយសារភាព ខន ត្រូវបានចោទបាចចូលរួមជាមួយកម្លាំងសេ.អ៊ី.អា. និងបានឆ្លើយរៀបរាប់ពីបុគ្គលដែលត្រូវបានអះអាងថាមានការជាប់ពាក់ព័ន្ធជាមួយប្រមាណ ៣០ នាក់។
***
[1] ហាប់ ខន, ចម្លើយសារភាពលេខ J00802, ចម្លើយសារភាពមានបង្ហាញឈ្មោះកម្មាភិបាលខ្មែរក្រហមប្រមាណ៣០នាក់ ដែលជាក់ពាក់ព័ន្ធនឹងអំពើក្បត់, ថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៧៧, ៩ ទំព័រ, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។







