ថ្នាំលេបបានតែអ្នកឈឺធ្ងន់

ត្បូងឃ្មុំ៖ សន សារឿន មានអាយុ៨១ឆ្នាំ រស់នៅភូមិត្រពាំងចក ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ សារឿន គឺជាអតីតយុវនារីម្នាក់ក្នុងរបបខ្មែរក្រហម ដែលបានឆ្លងកាត់រឿងរ៉ាវលំបាកវេទនាជាច្រើន។
នៅពេលអង្គការចាប់ផ្តើមធ្វើការជម្លៀសនិងកាប់សម្លាប់ប្រជាជនគ្មានរើសមុខ សារឿន មានអាយុ២០ឆ្នាំជាង កំពុងរស់នៅជួបជុំឪពុកម្តាយយ៉ាងមានក្តីសុខ។ គ្រួសាររបស់សារឿន មានសមាជិកសរុបចំនួន៧នាក់។ នៅក្នុងរបបនោះ បងប្អូនចំនួនបីនាក់បានស្លាប់បាត់បង់ជីវិតព្រោះតែមានជំងឺ ហើយគ្មានមន្ទីរពេទ្យឬគ្រូពេទ្យព្យាបាលត្រឹមត្រូវ។ អង្គការបានពង្រាត់បងប្អូនសាច់ញាតិឱ្យភៀសខ្លួនទៅទីកន្លែងផ្សេងៗគ្នា។ ព្រឹត្តិការណ៍ជម្លៀសបង្កឱ្យមានការភ័យខ្លាច និងព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់ប្រជាជន។ នៅក្នុងអំឡុងពេលជម្លៀស ប្អូនរបស់សារឿន ម្នាក់ទៀតបានស្លាប់បាត់បង់ជីវិតព្រោះតែការផ្ទុះគ្រាប់បែក។ ក្រោយមក សារឿន បានចំណាកស្រុកទៅរស់នៅឯខេត្តកំពង់សោមអស់រយៈពេល១០ឆ្នាំគត់។
នៅក្នុងរបបខ្មែរក្រហម សារឿន បានចូលបម្រើការងារក្នុងកងទ័ពស្រុក ដែលអង្គការរំដោះមកពីតំបន់២០ សម្រាប់ត្រៀមខ្លួនចេញប្រយុទ្ធ។ ការរស់នៅនិងការហូបចុកក្នុងរបបនោះ អង្គការតម្រូវឱ្យមនុស្សគ្រប់គ្នាហូបបាយរួមគ្នានៅតាមសហករណ៍។ អង្គការបានផ្តល់ត្រឹមតែបបរពោតរាវៗសម្រាប់ហូបប្រចាំថ្ងៃប៉ុណ្ណោះ គ្មានអាហារគ្រប់គ្រាន់ដើម្បីប៉ូវកម្លាំងឡើយ។ ចំពោះបញ្ហាសុខភាពនិងថ្នាំវិញ អង្គការមានផ្តល់ត្រឹមតែថ្នាំអាចម៍ទន្សាយសម្រាប់ព្យាបាលជំងឺទូទៅ។ អង្គការផ្តល់ថ្នាំនេះសម្រាប់តែពេលប្រជាជនមានជំងឺធ្ងន់ធ្ងរប៉ុណ្ណោះ។ ប្រសិនបើមានជំងឺតិចតួច អង្គការមិនអនុញ្ញាតឱ្យប្រើប្រាស់ថ្នាំទាំងនោះទេ ហើយថែមទាំងបង្ខំឱ្យចេញទៅធ្វើការបន្តទៀត។
ការរស់នៅប្រចាំថ្ងៃគឺពោរពេញទៅដោយការភ័យខ្លាច ការគំរាមកំហែង និងការបង្ខិតបង្ខំ។ អង្គការបានធ្វើទារុណកម្ម និងបង្ខំឱ្យប្រជាជនធ្វើការងារហួសកម្លាំង ស្ទើរតែគ្មានពេលសម្រាក។ ក្រៅពីការងារស្រែចម្ការ អង្គការបានបង្ខំប្រជាជនឱ្យប្រមូលលាមកមនុស្សធ្វើជាជីសម្រាប់ស្រោចស្រពដំណាំ។ លើសពីនេះទៅទៀត អង្គការបានវាយបំផ្លាញវត្តអារាមនៅក្នុងភូមិកូនត្នោតគ្មានសល់រហូតក្លាយជាទីវាលរហោឋាន។
នៅក្នុងរបបខ្មែរក្រហម បងថ្លៃរបស់សារឿន ត្រូវបានអង្គការចាប់ចងស្លាបសេក បោះដាក់លើឡាន រួចដឹកយកទៅសម្លាប់ចោលយ៉ាងព្រៃផ្សៃបំផុត។ ចំណែកឯ សារឿន ផ្ទាល់ ត្រូវបានអង្គការចាប់ខ្លួនយកទៅបម្រុងនឹងសម្លាប់រហូតដល់ទៅចំនួនបីដង។ សំណាងល្អ សារឿន អាចរត់រួចខ្លួនពីសេចក្តីស្លាប់ទាំងបីដង ទើបអាចរស់រានមានជីវិតដល់សព្វថ្ងៃនេះ។ បច្ចុប្បន្ន សារឿន មានជំងឺលើសសម្ពាធឈាម និងជំងឺខ្លាញ់រុំបេះដូង។ ជំងឺទាំងអស់នេះបានបណ្តាលឱ្យមានអាការចុកក ស្រវាំងភ្នែក មើលមិនសូវច្បាស់ និងឈឺតាមសន្លាក់ដៃជើងយ៉ាងខ្លាំង។
សម្ភាសន៍ដោយ៖ អ៊ឹម ស្រីណូ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ







