ការលំបាកវេទនាដែលខ្ញុំបានឆ្លងកាត់ក្នុងរបបខ្មែរក្រហម

(ស្ទឹងត្រែង) ផេង ឡូន មានអាយុ៦៥ឆ្នាំ រស់នៅភូមិកោះសំពាយ ស្រុកសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ ឡូន បានចែករំលែករឿងរ៉ាវដលគាត់ធ្លាប់ឆ្លងកាត់នៅក្នុងរបបខ្មែរក្រហម ប្រាប់មកកាន់អ្នកស្ម័គ្រចិត្តកម្ពុជា របស់អង្គការមជ្ឈមណ្ឌលឯកសារកម្ពុជាដូចខាងក្រោម៖

ទាក់ទងនឹងស្ថានភាពសន្តិសុខនៅក្នុងភូមិឃុំ ឡូន បានរំលឹកថា នៅអំឡុងឆ្នាំ១៩៧០ មានការបាញ់ផ្លោងគ្រាប់។ នៅឆ្នាំ១៩៧២ ឡូន បានផ្លាស់មករស់នៅតំបន់ស្រែក្រសាំង ហើយបន្តរស់នៅទីនោះបន្តទៀតនៅអំឡុងឆ្នាំ១៩៧៤។ នៅក្នុងឆ្នាំ១៩៧៥ ខ្មែរក្រហមបានចូលគ្រប់គ្រងអំណាច។

ចំពោះការគ្រប់គ្រងរបស់ខ្មែរក្រហមនៅមូលដ្ឋាន ឡូន បានលើកឡើងថា នៅក្នុងភូមិឃុំស្រែក្រសាំង ខ្មែរក្រហមបានចូលគ្រប់គ្រងនៅឆ្នាំ១៩៧៥។ នៅក្នុងរបបនោះ ឡូន មានតួនាទីជានីរសាររត់សំបុត្រ។ ការរត់សំបុត្រនោះមានចម្ងាយឆ្ងាយៗ ពីស្រែក្រសាំង ទៅត្បូងឃ្មុំ ឬទិសដៅផ្សេងទៀតតាមការចាត់តាំង ហើយនៅក្នុងក្រុមរបស់គាត់មានសមាជិកចំនួន៣នាក់។ ក្រៅពីការរត់សំបុត្រ ឡូន ធ្លាប់ធ្វើការងារនៅក្នុងឃ្លាំងដឹកស្រូវ។ ឡូន បានចងចាំថា អង្គភាពនៅតំបន់ស្រែក្រសាំងនោះមានសមាជិកចំនួន៣០នាក់ ហើយស្ថិតក្រោមការគ្រប់គ្រងរបស់ឈ្មោះ កៃ។

ឡូន បានលើកឡើងថា ស្ថានភាពរស់នៅ និងការហូបចុកក្នុងរបបនោះ ដោយសារគាត់ធ្វើការងារជាអ្នករត់សំបុត្រ ដូច្នេះហើយមិនសូវជួបការលំបាកខ្លាំងដូចប្រជាជនទូទៅនោះទេ។ ឡូន បានកត់សម្គាល់ថា ពេលខ្លះហូបឆ្អែត ហើយពេលខ្លះទៀតខ្វះខាតម្ដងម្កាល ចំណែកប្រជាជនដែលធ្វើការងារនៅក្នុងការដ្ឋានទើបជួបការលំបាកច្រើនជាង។ នៅក្នុងឆ្នាំ១៩៧៨ ឡូន បានរៀបការជាមួយប្រពន្ធរបស់គាត់ ដោយការរៀបការនោះធ្វើឡើងតាមការស្ម័គ្រចិត្តស្រឡាញ់គ្នាទៅវិញទៅមក ពុំមានការបង្ខំឡើយ។ ពិធីរៀបការនោះមានចំនួន៤គូ ក្នុងពេលតែមួយ។

បច្ចុប្បន្ន ឡូន ឈឺចង្កេះបន្តិចបន្តួច និងរលាកតម្រងនោម ដែលកំពុងព្យាបាលទាំងថ្នាំពេទ្យ និងថ្នាំបុរាណ។ ជំងឺទាំងនេះទើបកើតមានប្រមាណ២ឆ្នាំប៉ុណ្ណោះ ហើយគាត់នៅតែអាចធ្វើការងារប្រចាំថ្ងៃបានធម្មតា។

សម្ភាសន៍ដោយ៖ វេន ប៊ុនចាត់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin