សម័យនោះលំបាកខ្លាំងណាស់ ហូបចុកមិនគ្រប់គ្រាន់

(ស្ទឹងត្រែង) ម៉ា ផយ អាយុ៦២ឆ្នាំ មានទីកន្លែងកំណើត និងរស់នៅភូមិកោះសំពាយ ឃុំកោះសំពាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង បានរំលឹកឡើងវិញនូវបទពិសោធន៍ជូរចត់ និងការតស៊ូឱ្យរួចផុតពី សេចក្ដីស្លាប់ ក្នុងអំឡុងពេលដែលប្រទេសធ្លាក់ក្នុងសង្គ្រាម និងការកាប់សម្លាប់។
ផយ បានឆ្លងកាត់ការផ្លាស់ប្តូរទីលំនៅជាច្រើនលើកច្រើនសារ ដោយសារតែបញ្ហាសង្គ្រាម និងការជម្លៀសប្រជាជន។ នៅឆ្នាំ១៩៧០ ផយ បានចាកចេញពីស្រុកកំណើតទៅរស់នៅភូមិកោះសំពាយ។ លុះដល់ឆ្នាំ១៩៧៥ នៅពេលដែលខ្មែរក្រហមចូលកាន់កាប់អំណាច និងគ្រប់គ្រងតំបន់ ការរស់នៅត្រូវបានផ្លាស់ប្តូរទាំងស្រុង។ ផយ ត្រូវបានខ្មែរក្រហមចាត់តាំងឱ្យធ្វើការក្នុងកងកុមារចល័ត។ ការងារដែលគាត់ធ្វើជារៀងរាល់ថ្ងៃគឺ រែកដី លើកទំនប់ និងធ្វើស្រែចម្ការ។ ចំណីអាហារសម្រាប់ទ្រទ្រង់ជីវិតមានតែបបររាវប៉ុណ្ណោះ រកតែបាយមួយពេលហូបគ្មាន។ ការហូបចុកមិនគ្រប់គ្រាន់ រួមផ្សំនឹងការងារធ្ងន់ធ្ងរ នាំឱ្យកើតមានជំងឺឈឺស្កាត់ជាច្រើន និងកង្វះខាតថ្នាំសង្កូវសម្រាប់ព្យាបាល។
ក្រៅពីធ្វើការងារធ្ងន់ៗ ការបាត់បង់សមាជិកគ្រួសារ និងសាច់ញាតិគឺជាការឈឺចាប់ដ៏ធំធេងដែលមិនអាចបំភ្លេចបាន។ ក្នុងរបបនោះ សមាជិកគ្រួសារចំនួន១៨នាក់របស់ផយ ត្រូវបានបាត់បង់ជីវិតដោយសារការសម្លាប់ ការបង្អត់អាហារ និងជំងឺដង្កាត់។ ការបែកបាក់គ្រួសារ ការរស់នៅក្នុងភាពភ័យខ្លាចជានិច្ច និងការឃើញមនុស្សជាច្រើននាក់ស្លាប់បាត់បង់ជីវិតនៅចំពោះមុខ គឺជាវិប្បដិសារីដែលដក់ជាប់ក្នុងចិត្តជានិច្ច។
ក្រោយការដួលរំលំនៃរបបខ្មែរក្រហមនៅដើមឆ្នាំ១៩៧៩ ផយ បានត្រឡប់មករស់នៅស្រុកកំណើត។ ទោះបីជាសង្គ្រាមបានបញ្ចប់ទៅជាច្រើនទសវត្សរ៍យ៉ាងណាក៏ដោយ បញ្ហាសុខភាពផ្លូវកាយ និងផ្លូវចិត្តដែលបន្សល់ទុកពីសម័យនោះ នៅតែជាបន្ទុកដ៏ធ្ងន់ធ្ងរ។ បច្ចុប្បន្ន ផយ ប្រឈមមុខនឹងជំងឺរ៉ាំរ៉ៃ រួមមាន ជំងឺលើសឈាម ជំងឺបេះដូង និងជំងឺក្រពះ។
សម្ភាសន៍ដោយ៖ វេន ប៊ុនចាត់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ







