បងប្អូនបួននាក់ត្រូវខ្មែរក្រហមសម្លាប់

(កណ្ដាល) ប្រាក់ យ៉ូត មានអាយុ៦៧ឆ្នាំ រស់នៅភូមិត្រស់ ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ យ៉ូត បាននិយាយរឿងរ៉ាវដែលគាត់ធ្លាប់បានឆ្លងកាត់ ប្រាប់មកកាន់អ្នកស្ម័គ្រចិត្តកម្ពុជា នៃអង្គការមជ្ឈមណ្ឌលឯកសារកម្ពុជាដូចខាងក្រោម៖

នៅក្នុងរបប លន់ នល់ មានការទម្លាក់គ្រាប់បែក ពីសំណាក់កងទ័ពសត្រូវមកលើទឹកដីកម្ពុជា ដើម្បីបណ្ដេញកងទ័ពវៀតណាមខាងជើងឱ្យចេញ។ ការទម្លាក់គ្រាប់បែកនោះ បានប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជនកម្ពុជាដែលរស់នៅតំបន់ជិតៗនោះ។ ប្រជាជនដែលរស់នៅជិតទីនោះ ត្រូវរត់ភៀសខ្លួនពីកន្លែងមួយទៅកន្លែងមួយទៀត ស្ទើរតែគ្មានពេលសម្រាក។

នៅក្នុងរបបខ្មែរក្រហម យ៉ូត មានអាយុ១៧ឆ្នាំ។ ពេលនោះ អង្គការចាត់តាំងឱ្យ យ៉ូត ធ្វើការងារនៅក្នុងកងនារី រែកដី លើកទំនប់ ជីកប្រឡាយ និងធ្វើស្រែចម្ការ។ នៅក្នុងក្រុមរបស់យ៉ូត មានសមាជិកចំនួន១២នាក់ ហើយធ្វើការងារយឺតមិនដែលទាន់ក្រុមដទៃឡើយ។ យ៉ូត បានបន្តថា គាត់ចាប់ផ្ដើមធ្វើការងារតាំងពីព្រលឹម រហូតដល់ម៉ោង១២ថ្ងៃត្រង់ទើបបានសម្រាកហូបអាហារ បន្ទាប់មកម៉ោង១រសៀលត្រូវធ្វើការងារបន្តទៀត។

នៅក្នុងរបបខ្មែរក្រហម ប្រជាជនត្រូវធ្វើការងារទាំងថ្ងៃ ទាំងយប់ មិនសូវមានពេលវេលាសម្រាកបានគ្រប់គ្រាន់នោះទេ។ យ៉ូត បានលើកឡើងថា នៅក្នុងរបបនោះគាត់ធ្វើបានឃើញឈ្លបបានបណ្ដើរប្រជាជនជាជួរចងដៃព័ទ្ធទៅក្រោយ ទៅតំបន់ជិតវត្តតាលុន។ យ៉ូត បានបញ្ជាក់ថា ក្នុងចំណោមបងប្អូនរបស់គាត់ទាំងអស់ចំនួន៨នាក់ ៤នាក់ត្រូវបានខ្មែរក្រហមសម្លាប់ចោល។ បងប្រុសរបស់គាត់ឈ្មោះ កាន ត្រូវបានខ្មែរក្រហមយកទៅសម្លាប់ចោល ប៉ុន្តែគ្មានសាច់ញាតិណាម្នាក់បានដឹងព័ត៌មានឡើយ។ រហូតដល់ពេលរបបខ្មែរក្រហមបានដួលរលំទើបសមាជិកគ្រួសារបានដឹងថា កាន បាត់បង់ជីវិត។ ក្រៅពីនោះ អ្នករស់នៅក្នុងភូមិជាមួយ យ៉ូត ម្នាក់ឈ្មោះ ឡៃ ត្រូវបានឈ្លបនាំទៅសម្លាប់ ហើយបានប្រើហេតុផលថានាំទៅរៀនសូត្រ ដើម្បីចៀសវាងការសង្ស័យ។

យ៉ូត បាននិយាយថា នៅក្នុងរបបនោះអាហារដែលអង្គការផ្ដល់ឱ្យគឺមានតែបបរប៉ុណ្ណោះ កម្រនឹងមានបាយហូបណាស់។ ក្នុងមនុស្សម្នាក់អាចទទួលបានបបរចំនួនបីវែក។ នៅក្នុងរបបខ្មែរក្រហម ប្រជាជនត្រូវរស់នៅបែបពីសមាជិកគ្រួសារ ទៅស្នាក់នៅក្នុងសហករណ៍។ ប្រសិនជាចង់មកសួរសុខទុក្ខគ្រួសារត្រូវស្នើសុំទៅអង្គការ ប៉ុន្តែបើអង្គការមិនអនុញ្ញាត ត្រូវលួចទៅនៅពេលយប់ហើយពេលទៀបភ្លឹត្រូវក្រោកចេញទៅកន្លែងធ្វើការវិញ។ បច្ចុប្បន្ន យ៉ូត មានបញ្ហាឈឺសន្លាក់ដៃ-ជើង និងមានជំងឺលើសសម្ពាធឈាម។

សម្ភាសន៍ដោយ៖ កេត ស្រីនុត ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin