ជីវិតរស់នៅពោរពេញដោយភាពភ័យខ្លាច

 

(ខេត្តស្វាយរៀង) នេត សុខុម មានអាយុ ៦៣ឆ្នាំ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិត្រពាំងរាំង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ សុខុម មានឪពុកឈ្មោះ នេត វង និងម្តាយឈ្មោះ សោម ស្រី ហើយជាកូនទី៥ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៨ នាក់។ កាលពីកុមារភាព សុខុម មិនបានចូលរៀនទេ ហើយបច្ចុប្បន្នប្រកបរបរជាកសិករ។

រឿងរ៉ាវដែល សុខុម ចងចាំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហម គឺជាទុក្ខវេទនា និងការលំបាកស្ទើរតែបាត់បង់ជីវិតដែលគាត់បានជួបប្រទះក្នុងរបបនេះ។ កាលនោះ ប្រជាជនត្រូវបានបង្ខំឱ្យធ្វើការងារហួសកម្លាំង និងទទួលបានរបបអាហារត្រឹមបបរមួយកូនចានប៉ុណ្ណោះ។ សុខុម ត្រូវបានប្រើឱ្យរែកដី រើសអាចម៍គោ និងធ្វើការងារផ្សេងៗទៀតដោយគ្មានពេលសម្រាក​តាមការចាត់តាំងរបស់ប្រធានកងកុមារ។ ការខ្វះខាតអាហារ និងការបង្ខំឱ្យធ្វើការងារធ្ងន់ៗ បានធ្វើឱ្យសុខភាពរបស់ សុខុម ចុះខ្សោយ និងឈឺជាញឹកញាប់។ សុខុម បានរំឭកថា នៅគ្រានោះខ្មែរក្រហមបានបំបែកសមាជិកគ្រួសារគាត់​ចេញពីគ្នា រហូតធ្វើឱ្យខ្លួនស្ទើរតែមិនបានជួបមុខបងប្អូន និងសាច់ញាតិ។ ជីវិតរស់នៅប្រចាំថ្ងៃពោរពេញដោយភាពភ័យខ្លាច ព្រោះសុខុម មិនហ៊ាននិយាយ ឬសួរនាំអំពីអ្វីដែលកើតឡើងនៅជុំវិញខ្លួនឡើយ។

ក្នុងរបបនោះ សុខុម ធ្លាប់បានឃើញដោយផ្ទាល់នូវសកម្មភាពចាប់ចង វាយដំយ៉ាងឃោរឃៅ និងបណ្ដើរយកទៅសម្លាប់នៅតំបន់ភូមិស្វាយទន្ទឹម ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង។ សុខុម មិនហ៊ានសួរនាំ ឬចូលទៅជិតឡើយ ព្រោះខ្លាចត្រូវចាប់ខ្លួន ឬសម្លាប់។ គាត់ក៏បានឮថា ជនរងគ្រោះខ្លះត្រូវបានកាប់សរសៃកែងជើង មុនពេលបង្ខំឱ្យដើរចូលទៅក្នុងរណ្តៅដែលបានជីកទុកសម្រាប់សម្លាប់។ ក្រៅពីការកាប់សម្លាប់ ប្រជាជនដែលមិនអាចធ្វើការបានតាមផែនការរបស់អង្គការ តែងតែរងការបង្អត់អាហារ សម្លុតគំរាម និងគំរាមសម្លាប់។ សុខុម ផ្ទាល់ក៏ធ្លាប់ទទួលរងការគំរាមកំហែងបែបនេះដែរ ដោយសារគាត់ធ្វើការមិនបានតាមការកំណត់ ព្រោះសុខភាពចុះខ្សោយពីការអត់ឃ្លាន។

សុខុម ក៏បានឃើញការបំផ្លាញសាសនា វប្បធម៌ និងការអប់រំ។ វត្តអារាម និងផ្ទះសម្បែងត្រូវបានវាយកម្ទេច ឬយកទៅប្រើប្រាស់ជាកន្លែងសហករណ៍​​។ សុខុម បានបញ្ជាក់ថា ជីវិតក្នុងរបបខ្មែរក្រហម គឺពោរពេញទៅដោយការអត់ឃ្លាន ការបង្ខំឱ្យធ្វើការងារធ្ងន់ ភាពភ័យខ្លាច និងការបែកបាក់គ្រួសា​រ​។ បន្ទាប់ពីការរំដោះប្រទេសនៅឆ្នាំ១៩៧៩ សុខុម ទទួលបានសិទ្ធិសេរីភាព អាចមករស់នៅជួបជុំគ្រួសារវិញ។ បច្ចុប្បន្ន សុខុម មានជំងឺក្រពះពោះវៀន ឈឺសន្លាក់ដៃជើង និងពិការភ្នែកម្ខាង៕

សម្ភាសន៍ដោយ ផាត សែនពិសិដ្ឋ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin