រៀបការនៅសម័យខ្មែរក្រហម

(ខេត្តស្វាយរៀង) ទេព និត បច្ចុប្បន្នមានអាយុ ៦៦ ឆ្នាំ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិត្រពាំងរាំង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ និត មានឪពុកឈ្មោះ ទេព ផាត់ និងម្តាយឈ្មោះ សោម ទូច ហើយជាកូនទី៣ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៦ នាក់។ កាលពីកុមារភាព និត រៀនសូត្របានត្រឹមថ្នាក់ទី១១ ក្នុងរបបសង្គមរាស្ត្រនិយម។ បច្ចុប្បន្ន និត ប្រកបរបរជាកសិករ។

និត បានរៀបរាប់ថា ជីវិតក្នុងរបបខ្មែរក្រហម ពោរពេញទៅដោយការលំបាក វេទនា និងការបែកបាក់ព្រាត់ប្រាសសមាជិកគ្រួសារ។ អង្គការបានបង្ខំជម្លៀសប្រជាជនពីកន្លែងមួយទៅកន្លែងមួយជាបន្តបន្ទាប់ ដោយអះអាងថា ការរស់នៅទីកន្លែងដដែលមិនអាចកាត់ផ្តាច់កម្មសិទ្ធិឯកជនបានឡើយ​។ ដូច្នេះ ប្រជាជនត្រូវបានផ្លាស់ប្តូរភូមិរស់នៅជាញឹកញាប់។ និត និងគ្រួសារក៏ត្រូវបានបង្ខំជម្លៀសជាច្រើនដងដូចប្រជាជនផ្សេងទៀតដែរ។ និត បានចងចាំថា ឪពុករបស់ខ្លួនធ្លាប់លួចយកទឹកត្នោតមកឱ្យកូនៗផឹក។ នៅពេលអង្គការដឹងរឿងនេះ គ្រួសារត្រូវបានបំបែក ហើយ និត ត្រូវបានបញ្ជូនឱ្យទៅរស់នៅឆ្ងាយរហូតដល់ឃុំចន្ទ្រី។ ក្រោយមក នៅពេលរបបខ្មែរក្រហមជិតដួលរលំ និត ត្រូវបានបង្ខំជម្លៀសទៅតំបន់ព្រៃទូក និងបានរៀបការនៅទីនោះ។ នៅពេលរៀបការ និត ត្រូវរៀបការជាក្រុមក្នុងពេលតែមួយ ទោះបីគាត់ចង់ប្រកែកចំពោះការរៀបចំពិធីរៀបការដែលធ្វើឡើងដោយអង្គការក៏ដោយក៏មិនអាចធ្វើបាននោះទេ ព្រោះអង្គការអះអាងថា ខ្លួនជាម៉ែ និងជាឪរបស់ប្រជាជនទាំងអស់។

និត ធ្លាប់បានឃើញការសម្លាប់មនុស្សនៅក្នុងរបបខ្មែរក្រហមដែលគាត់នៅតែចងចាំរហូតមកដល់សព្វថ្ងៃ។ និត បានរំឭកព្រឹត្តិការណ៍នោះថា មានបុរសម្នាក់រស់នៅភូមិថ្នល់ពាម ត្រូវបានកម្មាភិបាលខ្មែរក្រហមចាប់ខ្លួន និងនាំចេញពីផ្ទះ ទាំងដែលគាត់មិនបានដឹងមូលហេតុ។ មុនពេលនាំខ្លួនទៅ គាត់បានសុំយកភួយជាប់ខ្លួន ហើយក្រោយមកត្រូវបានបណ្តើរទៅភូមិស្វាយទន្ទឹម។ និត ជឿថាបុរសនោះត្រូវបាននាំយកទៅសម្លាប់ ទោះបីជាមិនបានឃើញហេតុការណ៍ដោយផ្ទាល់ក៏ដោយ។ ហេតុការណ៍នេះបានធ្វើឱ្យប្រជាជននៅក្នុងតំបន់មានការភ័យខ្លាចយ៉ាងខ្លាំង ព្រោះមិនដឹងថាអ្នកណានឹងត្រូវចាប់ខ្លួនបន្ទាប់ទៀត។

តាមការរៀបរាប់របស់ និត ការចាប់ខ្លួន និងសម្លាប់មនុស្សពុំមានការជំនុំជម្រះ ឬការបង្ហាញហេតុផលច្បាស់លាស់ឡើយ។ មនុស្សដែលត្រូវអង្គការសង្ស័យ ឬមិនពេញចិត្ត អាចត្រូវបានចាប់ខ្លួនភ្លាមៗ។ និត ធ្លាប់ឮប្រជាជននិយាយតៗគ្នាថា បុរសដែលត្រូវចាប់ខ្លួនខាងលើពាក់ព័ន្ធនឹងការនិយាយអំពីការទស្សន៍ទាយ ដែលជាអ្វីដែលខ្មែរក្រហមមិនអនុញ្ញាត។ និត ក៏បានឃើញការបំផ្លាញសាសនា និងវប្បធម៌ផងដែរ។ វត្តអារាមត្រូវបានបំផ្លាញ ព្រះសង្ឃត្រូវបានចាប់ផ្សឹក ហើយព្រះពុទ្ធរូបជាច្រើនត្រូវបានវាយកម្ទេចចោល។ សមាជិកគ្រួសារ ជាពិសេសកុមារត្រូវបានបំបែកពីឪពុកម្តាយ និងបញ្ជូនឱ្យទៅធ្វើការងារនៅកន្លែងឆ្ងាយៗ បើទោះបីជាកំពុងមានជំងឺ។ និត បានរំឭកពីករណីប្អូនប្រុសរបស់គាត់ដែលត្រូវបានបញ្ជូនទៅធ្វើការលើកភូមិគំរូនៅឃុំមុខដា ខណៈកំពុងមានជំងឺគ្រុនក្តៅ ដែលធ្វើឱ្យឪពុកម្តាយមានក្ដីអាណិតអាសូរ និងឈឺចាប់យ៉ាងខ្លាំង។

ក្រោយការរំដោះប្រទេស និត បានវិលត្រឡប់មករស់នៅស្រុកកំណើតវិញ និងចាប់ផ្តើមកសាងជីវភាពរស់នៅឡើងវិញ។ បច្ចុប្បន្ន និត មានជំងឺឈឺចង្កេះ ឈឺសរសៃជង្គង់ និងឈឺក្បាលជាប្រចាំ៕

សម្ភាសន៍ដោយ ផាត សែនពិសិដ្ឋ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin