ធ្វើពុតជាឆ្កួតដើម្បីគេចពីស្លាប់

(ខេត្តស្វាយរៀង) ឈឹម សារី អាយុ ៦៩ ឆ្នាំ មានស្រុកកំណើតនៅភូមិទួលសាលា ឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង។ បច្ចុប្បន្ន គាត់រស់នៅភូមិអង្គប្រស្រែ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ សារី មានឪពុកឈ្មោះ អុង អ៊ីវ និងម្តាយឈ្មោះ ចាប ផល ហើយគាត់ជាកូនទី៥ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៥ នាក់។
សារី បានរៀបរាប់ថា រឿងរ៉ាវដែលគាត់មិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហម គឺទុក្ខលំបាក និងការឈឺចាប់ដែលបានឆ្លងកាត់។ កាលនោះ គាត់ត្រូវបានបង្ខំឱ្យធ្វើការងារហួសកម្លាំង និងទទួលបានអាហារមិនគ្រប់គ្រាន់។ សារី ក៏ធ្លាប់ប្រឈមនឹងការគំរាម និងការនាំខ្លួនទៅសម្លាប់។ សារី បានឮគេនិយាយក្នុងពេលប្រជុំថា នៅថ្ងៃទី៣០ អង្គការនឹងបោសសម្អាតកម្មាភិបាលភូមិភាគបូព៌ា។ ដោយសារភ័យខ្លាច សារី បានធ្វើពុតជាឆ្កួត ដើម្បីគេចផុតពីការយកទៅសម្លាប់។ សារី និងក្រុមគ្រួសារត្រូវបានអង្គការបង្ខំជម្លៀសពីខេត្តស្វាយរៀង ទៅខេត្តពោធិ៍សាត់។ ប្រជាជនដែលត្រូវបង្ខំជម្លៀសទៅខេត្តពោធិ៍សាត់ភាគច្រើនមកពីខេត្តស្វាយរៀង និងខេត្តព្រៃវែង។ ទៅក្នុងព្រៃ នៃខេត្តពោធិ៍សាត់ សារី ធ្លាប់ប្រទះឃើញសាកសពដោយចៃដន្យ ដែលត្រូវបានសម្លាប់ថ្មីៗ និងកប់មិនត្រឹមត្រូវ។ សាកសពខ្លះស្ថិតនៅហាលថ្ងៃ មានសភាពក្រៀម និងខ្លះទៀតមានសភាពហើមស្អុយរលួយ។ សារី សង្កេតឃើញថាជនរងគ្រោះមួយចំនួនប្រហែលត្រូវបានវាយដោយដំបង ព្រោះសាកសពមានសភាពដេកផ្កាប់មុខ។ សាកសពខ្លះទៀតមានស្នាមរបួសត្រង់ក ដែលអាចបណ្តាលមកពីការអារក។ ក្រោយពីបានឃើញសាកសព និងហេតុការណ៍ទាំងនេះ គាត់មានការភ័យខ្លាចយ៉ាងខ្លាំង និងបានប្រញាប់ចាកចេញពីទីនោះ ព្រោះខ្លាចមានគេដឹងថាគាត់បានឃើញសាកសពទាំងនោះ ហើយអាចនាំឱ្យគាត់ត្រូវសម្លាប់ដែរ។ សារី បានរៀបរាប់ថា មូលហេតុដែលជនរងគ្រោះមួយចំនួនត្រូវបានសម្លាប់ គឺដោយសារត្រូវបានចោទប្រកាន់ថាជាយួន។ សារី ក៏ធ្លាប់ត្រូវបានចោទប្រកាន់ដូចគ្នា។
ចំពោះការបំផ្លាញសាសនាវិញ សារី បានឃើញព្រះសង្ឃត្រូវបានបង្ខំឱ្យផ្សឹក ហើយព្រះសង្ឃដែលត្រូវបានផ្សឹកមួយចំនួនត្រូវបានបញ្ជូនឱ្យទៅធ្វើជាទាហាន។ ចំណែកព្រះពុទ្ធរូបនៅតាមវត្តអារាមត្រូវបានវាយកម្ទេច ដើម្បីកុំឱ្យមានការគោរពបូជា និងធ្វើពិធីបន់ស្រន់។ សារី ធ្លាប់ត្រូវបានចាត់តាំងឱ្យប្រមូលកម្ទេចថ្មដែលបានមកពីការវាយបំផ្លាញ រួចយកទៅប្រើសម្រាប់ធ្វើអាងទឹក។
ក្រោយរបបខ្មែរក្រហមដួលរលំ សារី បានធ្វើដំណើរត្រឡប់មករស់នៅស្រុកកំណើតវិញ និងប្រកបរបរជាកសិករ។ បច្ចុប្បន្ន គាត់មានជំងឺប្រចាំកាយគឺ ជំងឺក្រពះ ជំងឺលើសសម្ពាធឈាម និងឈឺជង្គង់៕
សម្ភាសន៍ដោយ ផាត សែនពិសិដ្ឋ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង







