យុវជនកងចល័តនៅស្វាយដូនកែវ

(ស្វាយរៀង)៖ សុខ វណ្ណា មានអាយុ៦៣ឆ្នាំ ជាកសិករ មានស្រុកកំណើត និងរស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ នៅក្នុងរបប លន់ នល់ ដោយសារប្រទេសមានសង្រ្គាម និងការទម្លាក់គ្រាប់បែក គាត់បានឈប់រៀនត្រឹមថ្នាក់​ទីប្រាំមួយ។​

សុវណ្ណា បានរៀបរាប់រឿងរ៉ាវប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាថា នៅរបប លន់ នល់ គាត់មានអាយុប្រហែល១៧ឆ្នាំ រស់នៅជាមួយឪពុក ម្តាយ និងបងប្អូនបីនាក់នៅស្រុករំដួល។ ពេល​ខ្មែរក្រហមចូលកាន់អំណាចគ្រួសាររបស់គាត់ត្រូវ​បានបំបែកមិនឲ្យរស់នៅជួបជុំគ្នា។ ចំណែកទ្រព្យសម្បត្តិ និងសត្វពាហនៈ ក៏ត្រូវបានអង្គការប្រមូលយកមកទុកក្នុងសហករណ៍ដែរ។ ក្នុងរបបនោះគាត់ និងបងប្អូន គឺជាកម្លាំងស្នូល ដែលត្រូវធ្វើស្រែ ជីកប្រឡាយ និង លើក       ទំនប់។

ក្រោយមកគាត់ និងគ្រួសារត្រូវបានខ្មែរក្រហមជម្លៀស​ទៅខេត្តពោធិ៍សាត់។ គាត់បានធ្វើដំណើរដល់អ្នកលឿងឆ្លងកប៉ាល់ ​បន្តទៅដល់ភ្នំពេញដោយស្នាក់នៅមួយយប់ ក៏ធ្វើដំណើរ​តាមរថភ្លើងរហូតដល់ឃុំស្វាយដូនកែវ ខេត្តពោធិ៍សាត់។ ពេល​ទៅដល់ទីនោះគាត់ត្រូវបានបញ្ចូល​រស់​នៅក្នុងកងចល័តឆ្ងាយពីបងប្អូន ឪពុកម្តាយ និងត្រូវធ្វើការនៅក្នុងព្រៃដូចជា ជីកទំនប់ លើកប្រឡាយ អារឈើ និងជីកអណ្តូងជាដើម​។

រឿងដែល សុវណ្ណា ចងចាំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហមគឺការដែលគាត់ត្រូវជីក និងរែកដីធ្វើទំនប់ក្រោមកំដៅថ្ងៃ ជាមួយនឹងរបបអាហារមិនគ្រាប់គ្រាន់ និងទិដ្ឋភាពនៃការធ្វើទារុណកម្មនិងសម្លាប់មនុស្សដែលលួច​ដកដំឡូងរបស់អង្គការ។

សុវណ្ណាបាន​បន្តទៀតថា «របស់របរទាំងអស់ជាកម្មសិទ្ធិរបស់​អង្គការ គ្មាននរណាមានសិទ្ធិហូបទេ ក្រៅតែពីរបប​​ដែលចែកឲ្យ។ មនុស្សភាគច្រើនស្គម ក្បាលជង្គង់ធំជាងក្បាល គ្មានកម្លាំងកំហែងក្នុងខ្លួនប៉ុន្តែនៅខំធ្វើការខ្លាចខ្មែរក្រហមយកទៅ​សម្លាប់ចោល។ ខ្ញុំដឹងថា ខ្មែរក្រហមមានបំណងសម្លាប់ប្រជាជន​ភូមិភាគបូព៌ាដែលជម្លៀសមកខេត្តពោធិ៍សាត់នេះទាំងអស់ប៉ុន្តែមិនទាន់មានឱកាស»

ក្នុងរបបនោះ វណ្ណា  មានជំងឺគ្រុនក្តៅខ្លាំង​មិនអាច​ទៅធ្វើការបានត្រូវបាន​បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ វណ្ណា ត្រូវបានព្យាបាលដោយថ្នាំខ្មែរដែលផ្សំពីសំបកស្តៅ និងសំបកឈើផ្សេងៗយកទៅដាំទឹក។ គាត់បន្តថា ទឹកថ្នាំធ្វើពីស្តៅនោះល្វីងខ្លាំង។ គាត់ត្រូវបានទាហាហខ្មែរក្រហមធ្វើទារុណ​កម្ម ឲ្យ​ផឹកទឹកនោះរហូតទាល់តែអស់។ នៅមន្ទីរពេទ្យគាត់ក៏​បានស្តាប់ឮទាហានខ្មែរក្រហមនិយាយគា្នពីការដុតសម្លាប់មនុស្សទាំងរស់​ជាច្រើននាក់ និងបានយកសាច់មនុស្សចែកគ្នាហូប។

ពេលរបបខ្មែរក្រហមដួលរលំ គាត់និងប្រជាជនដទៃ​ទៀតត្រូវបានខ្មែរក្រហមបង្ខំឡើងភ្នំប៉ុន្តែដោយសារ​ឃើញការដឹកនាំមិនល្អរបស់ខ្មែរក្រហមគាត់ និងប្រជាជនផ្សេងទៀត​បាននាំគ្នារត់គេចដើម្បីមកស្រុកកំណើតវិញ។ នៅអំឡុងពេលធ្វើដំណើរគាត់ក៏បានជួបជាមួយឪពុកម្តាយ និងបង ក៏នាំគ្នាមករស់​នៅស្រុកកំណើតរហូតដល់សព្វថ្ងៃ។

ក្នុងរបបរខ្មែរក្រហម បងប្រុស និងគ្រួសារដែលមាន ប្រពន្ធ និងកូនៗ ត្រូវបានខ្មែរក្រហមនាំទៅ​សម្លាប់ដោ​យសារប្រពន្ធបានលួចអំពៅរបស់អង្គការហូប។

បច្ចុប្បន្ន វណ្ណា មានជំងឺលើសឈាម ជំងឺឬសដូងបាត និងជំងឺឬសដូងច្រមុះ​។

សម្ភាសន៍ដោយ សុខ ចន្ទ្រា នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin