របបខ្មែរក្រហមជារបបឃោរឃៅបំផុត

(ស្វាយរៀង)៖ អ៊ុន ណាន មានអាយុ៥៧ឆ្នាំ ជាកសិករ រស់នៅភូមិតាសក់ ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ ណាន បានរៀបរាប់ប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាថា ក្នុងរបបខ្មែរក្រហម  គាត់មានអាយុប្រហែល១៣ឆ្នាំ ត្រូវបានប្រើឲ្យមើលគោ មើលក្របី ប្រមូលលាមកសត្វពាហនៈ កាប់ទន្ទ្រានខេត្ត និងធ្វើជីសម្រាប់ដំណាំកសិកម្មជាដើម។ណាន រស់នៅក្នុងកងកុមារជាមួយក្មេងដទៃទៀតឆ្ងាយពីបងប្អូន ឪពុម្តាយ។​​ កងកុមារមានចាស់​ៗក្នុងភូមិ​ជាអ្នកមើលការខុសត្រូវ ចំណែករបបអាហារគឺមានតែពីរវែកសម្រាប់ព្រឹកនិងល្ងាច។ ក្នុង​វ័យ​​កុមារ ណាន ក៏ដូចជាក្មេងដទៃៗទៀតដែរមិនបានទទួលការសិក្សាអប់រំទេ ព្រោះពេលនោះគ្មានសាលារៀននៅជិតកន្លែងគាត់រស់នៅ។ ណាន តែងតែស្រមៃឃើញ​ទុក្ខលំបាកទាំងនេះក្នុងវ័យ​កុមារត្រូវធ្វើការងារច្រើន និងមិនបានទៅសាលា។ រឿងរ៉ាវដែលគាត់ចងចាំបំផុតក្នុងរបបខ្មែរក្រហមគឺការដែលគេនាំឪពុកយកទៅសម្លាប់ដោយគ្មានកំហុស និងបានចោទប្រកាន់ថាជាខ្មាំងប្រឆាំងនឹងអង្គការ​។

អ៊ុន ណានបាន​និយាយថា «របប​ខ្មែរក្រហមជារបបមួយសាហាវឃោរឃៅ​បំផុតខ្ញុំមិនដែលបានជួបប្រទះទេ ខ្ញុំឃើញការសម្លាប់មនុស្សនៅសម័យនោះគឺងាយស្រួលសម្រាប់គេ។​…ប្រជាជន​គ្មានកំហុសត្រូវបានចោទប្រកាន់ថាជាជនក្បត់ទោះបីគ្រាន់តែធ្វើបាក់ចបជីកមួយ ឈឺមិនអាចទៅធ្វើការងារ…ក៏ជាហេតុផលនៃការសម្លាប់ដែរ»។

ក្រោយពីគេបានសម្លាប់ឪពុករួច​ ណាន និងម្តាយត្រូវអង្គការតាមដាន និងរកហេតុ​បន្តិចបន្តួចចង់យកគាត់ទៅសម្លាប់ផ្តាច់ពូជ។ គាត់នៅចាំបានថា ខ្មែរក្រហមបានដាក់ការងារធ្ងន់ និងច្រើនៗឲ្យម្តាយរបស់គាត់​ដែលជាស្ត្រីមេម៉ាយធ្វើ ដែលមានដូចជាធ្វើស្រែ ជីកទំនប់ និងលើកភ្លឺស្រែ ប៉ុន្តែដោយការ​ភ័យខ្លាចស្លាប់ ម្តាយខំប្រឹងធ្វើ​ការទាំងថ្ងៃទាំងយប់មិនហ៊ានសម្រាកទើបអាចសម្រេចតាមផែនការដែលគេកំណត់​។

នៅចុងរបបខ្មែរក្រហម ណាន និងម្តាយដោយមិនអាច​ទ្រាំ​ការងារធ្ងន់ របបអាហារមិនគ្រប់គ្រាន់ គាត់​បានរត់គេចចេញពីសហករណ៍ដោយរត់​ឆ្លងកាត់ព្រៃ និងវាលទៅឆ្ងាយ។ គាត់ស្គាល់ថា ជាទឹកដីខេត្តត្បូងឃ្មុំ អតីតខេត្តកំពង់ចាម។ នៅទីនោះ​គាត់បានជួបជាមួយអ្នកគ្រប់គ្រងចិត្តធម៌មិនបានសួរ​ដេញដោលគាត់ច្រើន និងអនុញ្ញាតឲ្យម្តាយនិងគាត់ស្នាក់នៅ និងធ្វើការបានមួយរយៈរបបខ្មែរក្រហមក៏បានដួលរលំទៅ។

បន្ទាប់ពីឆ្នាំ១៩៧៩ ណាន បានរស់នៅខេត្តត្បូងឃ្មុំអតីតខេត្តកំពង់ចាម បានពីរឆ្នាំបន្ទាប់មកគាត់ និងម្តាយក៏ត្រឡប់មករស់នៅស្រុកកំណើតវិញប្រកបរបបធ្វើស្រែរហូតដល់សព្វថ្ងៃ។

បច្ចុប្បន្ន​​ ណានមានជំងឺរលាកសួត ជំងឺក្រពះពោះ​វៀន និងជំងឺបេះដូង ដែលបណ្តាលឲ្យគាត់ឧស្សាហ៍ហត់ថប់ដង្ហើម និងវិលមុខ។ គាត់សប្បាយរីករាយ​ក្នុងការចែករំលែករឿងរ៉ាវពីរបបខ្មែរក្រហមប្រាប់ដល់យុវជនជំនាន់ក្រោយបានដឹង ព្រោះគាត់គិតថា ប្រវត្តិសាស្រ្តនេះអាចនឹងបាត់បង់ដោយប្រការណាមួយនៅថ្ងៃខាងមុខប្រសិនបើគ្មានការចងក្រងនិងរក្សាទុកនោះទេ។ ណាន ក៏បានស្នើឲ្យយុវជនត្រូវចេះសិក្សាស្វែងយល់ប្រវត្តិសាស្រ្តដែលបានកើតឡើងក្នុងប្រទេសកម្ពុជា មិនថាតែរបបខ្មែរក្រហមប៉ុណ្ណោះទេគឺគ្រប់សម័យកាលទាំងអស់។

សម្ភាសន៍ដោយ សោម ស្រីនិច ថ្ងៃទី២​ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin