អង្គការនាំទៅទីណាត្រូវតែទៅ

(តាកែវ) ៖ គួង ថុល ភេទស្រី មានអាយុ៦៥ឆ្នាំ មានទីលំនៅ នៅភូមិផ្សារជ្រែ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

គាត់បានរៀបរាប់ថា នៅក្នុងរបបខ្មែរក្រហម គាត់មានអាយុប្រហែល១៩ឆ្នាំ អង្គការបានឲ្យគាត់ទៅជីកព្រែកនៅទួលលង្ការ និងទៅដកស្ទូងនៅតំបន់ចំណោម។ គាត់ថាដោយសារតែគាត់នៅក្រោមការគ្រប់គ្រងរបស់អង្គការ ដូច្នេះហើយអង្គការប្រើឲ្យធ្វើអ្វី ឬទៅទីណាគឺត្រូវតែទៅ។ ទៅជីកព្រែក ជីកប្រឡាយទៅតាមដែលអង្គការនាំទៅ។

គាត់បានប្រាប់បន្ថែម នៅពេលដែលអង្គការដឹងថា មានប្រជាជនណាធ្វើក្ដាមប្រៃទុកហូប នោះអង្គការនឹងយកទៅចាក់ចោលមិនទុកឲ្យហូបទេ។ ការដែលយើងមិនតស៊ូធ្វើការ ចង់រត់គេច ប្រសិនបើអង្គការឃើញនោះនឹងវាយធ្វើបាបមិនឲ្យរត់ចេញឡើយ។ បន្ទាប់ពីនោះអង្គការបានជម្លៀសគាត់ទៅកាន់សហហករណ៍ស្រែអំបិល ហើយការងារដែលគាត់ធ្វើនៅពេលនោះគឺបុកអំបិល។

គាត់បានបន្តថា ធ្វើការនៅទីនោះមិនបានមួយខែស្រួលបួលផង អង្គការក៏បានបញ្ជូនគាត់ឲ្យទៅកាប់ព្រៃនៅកំពង់សោមបានជាងមួយឆ្នាំ។ កាប់ព្រៃរួចរាល់ហើយអង្គការបានដឹករូបគាត់មកនៅភ្នំពេញវិញ តែនៅមិនបានប្រហែលមួយឆ្នាំផងក៏មានការផ្ទុះអាវុធនៅភ្នំពេញ គាត់ក៏បានរត់គេចទៅនៅស្រុកថៃ។

គាត់ក៏បានរៀបរាប់អំពីដំណើរការនៃការធ្វើដំណើរទៅប្រទេសថៃ នៅតាមដងផ្លូវដែលធ្វើដំណើរទៅនោះមានមីនជាច្រើន នៅពេលដែលគាត់ចង់បត់ជើងតូច គាត់មិនហ៊ានដើរចេញពីផ្លូវតូចដែលគាត់ដើរនោះទេ ព្រោះខ្លាចជាន់មីន។ គាត់ក៏បានប្រាប់ថា នៅពេលនោះមិនដែលមានអ្នកណាវាយធ្វើបាបគាត់នោះទេ ព្រោះគាត់ខិតខំធ្វើការតាមការបញ្ជា ប៉ុន្តែគ្រាន់តែរបបអាហារហូបមិនគ្រប់គ្រាន់។

នៅពេលគាត់ធ្វើការនៅកំពង់សោម បាយមួយកូនធុងហូបគ្នាប្រាំមួយនាក់ ហើយការហូបនោះដែរដួសបាយបានតែម្ដងក្នុងម្នាក់។ ចំពោះរបបអាហារមួយថ្ងៃបានត្រឹមតែពីរពេល ហូបតែពេលថ្ងៃត្រង់ និងល្ងាចប៉ុណ្ណោះ ពេលខ្លះបានបាយ ពេលខ្លះបានបបរ។

គួង ថុល បានប្រាប់បន្ថែមថា នៅពេលខ្លះដោយសារតែភាពស្រេកឃ្លានគាត់សម្រេចចិត្តហូបកន្ទក់ ព្រោះដោយសារតែអាហារដែលអង្គការផ្ដល់ឲ្យមិនគ្រប់គ្រាន់។ នៅពេលដែលមានជម្ងឺឈឺស្កាត់ គាត់បានប្រាប់ថាគេមានការព្យាបាលដែរ។ អង្គការបានរៀបចំឲ្យគាត់មានគ្រួសារនៅក្នុងរបបខ្មែរក្រហម ហើយចំពោះការរៀបការនោះគឺ ម្ដងមួយក្រុម ពេលខ្លះមានប្រាំគូ ពេលខ្លះមានប្រាំបីគូ ហើយពេលខ្លះលើសពីហ្នឹងទៅទៀត៕

សម្ភាសន៍ដោយ ផន ហេងលី នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣

អត្ថបទដោយ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin