ឃើញតែសាកសពអណ្ដែតតាមមាត់ទន្លេ
(តាកែវ) ៖ ឃុត ពៅ ភេទស្រី មានអាយុ ៧៤ឆ្នាំ បច្ចុប្បន្នមានទីលំនៅ នៅភូមិតាមុំ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។ គាត់មានកូន៥នាក់ ស្រី២នាក់ ប្រុស៣នាក់ មានស្វាមីឈ្មោះ អាន(ស្លាប់)។ សព្វថ្ងៃគាត់រស់នៅជាមួយនឹងកូនស្រីពៅរបស់គាត់។
គាត់បានរៀបរាប់អំពីហេតុការណ៍ដែលគាត់បានឆ្លងកាត់ពីរបបខ្មែរក្រហមប្រកបដោយទុក្ខវេទនាណាស់។ គាត់ត្រូវបានជម្លៀសទៅស្រុកកៀនស្វាយ។ ពេលទៅដល់ទីនោះ អង្គការបានប្រើឲ្យគាត់ធ្វើការងារតាមកងនីមួយៗ ដោយគាស់គល់ឈើនៅក្នុងមួយថ្ងៃ៣០ដើម។ បន្ទាប់ពីនោះមកគាត់ត្រូវដាំពោត និងដកស្មៅសណ្ដែកដី ហើយក្រៅពីការងារទាំងនោះ អង្គការក៏បានប្រើឲ្យគាត់ក្រងស្បូវមួយថ្ងៃឲ្យបានប្រាំកណ្ដប។ គាត់ត្រូវបានជម្លៀសឲ្យទៅធ្វើការពីកន្លែងមួយទៅកន្លែងមួយទៀត ជាច្រើនដំណាក់កាល។ គាត់ត្រូវទៅធ្វើការបែកឆ្ងាយពីគ្រួសារ ទាល់តែមានការប្រជុំធំម្ដងៗ ទើបគេឲ្យគាត់បានមកផ្ទះជួបជាមួយនឹងគ្រួសាររបស់គាត់។
ពៅ បានបញ្ជាក់ថា នៅក្នុងរបបនោះគេប្រើឲ្យប្រជាជនគ្រប់រូប មិនថាចាស់ ឬក្មេង ធ្វើការលើសកម្លាំង។ អង្គការមិនឲ្យបាយបរិភោគបានគ្រប់គ្រាន់ និង សូម្បីតែពេលសម្រាកក៏មិនសូវបានគ្រប់គ្រាន់។ គាត់បាននិយាយថា៖
«គេប្រើយើងខ្លាំងៗណាស់ តែយើងវាមិនព្រមងាប់ ប្រើនេះប្រើឲ្យងាប់ម៉ងអូន! បាយគេចែកឲ្យយើងតែ២ខាំទេ អត់មានចែកឲ្យយើងច្រើនទេ។ បាយពេលដែលសហករណ៍ដាំហើយ យើងទៅយកខ្លួនឯងទៅ ឬគេរៀបនៅលើតុជាជួរដង្ហែរចឹងហាស៎! អ្នកណាមកមុន គេឆ្លាត កូនគេអ្នកស្រុកហ្នឹង គេហូបបានមុន យើងមកក្រោយបានតិចៗ»។
ចំពោះរបបអាហារនៅក្នុងរបបនោះគឺ មួយថ្ងៃទទួលបានពីរពេល ពេលព្រឹក និងពេលល្ងាច ហើយអាហារដែលទទួលបានគឺបានមិនទៀងនោះទេ ខែខ្លះបានបាយហូប ខែខ្លះបានត្រឹមតែបបររាវប៉ុណ្ណោះ។
បន្ទាប់ពីបញ្ចប់ការគាស់គល់ឈើនៅបឹងអង្កាញ់ អង្គការបានបញ្ជាឲ្យដកកម្លាំងមកវិញ។ ពៅ បាននិយាយថាអង្គការប្រុងនឹងសម្លាប់ប្រជាជននៅក្នុងកងសហករណ៍នោះចោលទាំងអស់ ដោយបានធ្វើនំបញ្ចុកសម្រាប់ទទួលប្រជាជនដែលវិលត្រឡប់មកវិញ។ ផែនការនោះត្រូវបរាជ័យដោយសារតែមានការទម្លាក់គ្រាប់បែក និងការវាយចូលស្រុកពីសំណាក់កងទ័ពវៀតណាម។
ស្វាមីរបស់ ពៅ ត្រូវបានកងទ័ពវៀតណាមចាប់យកទៅសម្លាប់ជាមួយនឹងប្រជាជនបួននាក់ទៀត។ ពៅ បានបញ្ជាក់ថានៅពេលនោះឲ្យតែអ្នកណាមានមាឌរៀងធំគេនឹងយកទៅសម្លាប់ចោលទាំងអស់ ព្រោះគេគិតថាជាកងទ័ពខ្មែរក្រហម។
នៅក្នុងរបបដ៏សាហាវឃោរឃៅនោះបានធ្វើបាប និងសម្លាប់ប្រជាជនស្លូតត្រង់អស់ជាច្រើននាក់។ ពៅ បានប្រាប់ថា ខ្មែរក្រហមបានសម្លាប់មនុស្ស ហើយបានបណ្ដែតសាកសពចោលតាមដងទន្លេ សាកសពដែលទើបតែស្លាប់ថ្មីៗក៏មាន ស្លាប់យូរហើយក៏មាន។ បើនិយាយអំពីទីកន្លែងនៃការសម្លាប់មនុស្សនោះគឺមិនមាននរណាម្នាក់ដឹងទីតាំងជាក់លាក់ឡើយ បានត្រឹមតែឃើញសពដែលគេបណ្ដែតចោលតាមទន្លេប៉ុណ្ណោះ។ កាលពីរបបខ្មែរក្រហម ពៅ បានប្រាប់ថា មានចៅស្រីរបស់គាត់ម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែចូលបម្រើការងារក្នុងកងទ័ព៕
សម្ភាសន៍ដោយ សំ ម៉ូលីកា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣
អត្ថបទដោយ នេន ស្រីមុំ