កងនារី

(ស្វាយរៀង) ៖ តូច សុខ មានអាយុ៦៣ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម សព្វថ្ងៃរស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់​មានឪពុកឈ្មោះ តូច ទិត្យ បានស្លាប់ក្នុងរបបខ្មែរក្រហមដោយសារជំងឺរាគ គ្មានការព្យាបាលត្រឹមត្រូវ ចំណែកម្តាយឈ្មោះ សាំង ពុធ បានស្លាប់ដោយសារជំងឺនៅបន្ទាប់ពីរបបខ្មែរក្រហម។ សុខ ជាកូនទីបីក្នុងចំណោមបង​ប្អូនចំនួនប្រាំបីនាក់។

កាលពីវ័យកុមារ សុខ មិនទទួលបានការសិក្សាអប់រំទេ​ដោយសារតែជីវភាពគ្រួសារក្រីក្រ ខ្វះខាត និងស្ថានភាពប្រទេសជាតិ​ពេលនោះមានសង្រ្គាម និងការទម្លាក់គ្រាប់បែក។

នៅក្នុងរបបខ្មែរក្រហម សុខ និងគ្រួសារត្រូវបាន ជម្លៀសពីស្រុកកំណើតភូមិស្វាយតាភ្ល ឲ្យទៅរស់នៅខេត្តបាត់ដំបង។ នៅទីនោះគាត់ស្ថិតនៅក្នុងកងចល័តនារី​ដែលជាកម្លាំងស្រួចរបស់សហករណ៍ មានភារកិច្ច​ត្រូវទៅធ្វើការឆ្ងាយៗពីភូមិ ដើម្បីជីក និងរែកដីដើម្បីកសាងទំនប់សម្រាប់ស្តុកទឹកទុកធ្វើស្រែ។ សុខ និងយុវជនចល័ត​ដទៃទៀតទទួលបានរបបបាយ ដែលគេវាល់ចែកពីរពេលក្នុងមួយថ្ងៃ។ គាត់ត្រូវងើបពីព្រឹកព្រលឹមដើម្បីទៅធ្វើការឲ្យទាន់ម៉ោងប្រាំមួយព្រឹក រហូតដល់ម៉ោងប្រាំល្ងាចទើបអាច​សម្រាក។ ដើម្បីធ្វើការបានគ្រប់តាមផែនការកំណត់ ថ្ងៃខ្លះគាត់ត្រូវបន្ថែមម៉ោងនៅពេលយប់ដើម្បីមានសិទ្ធិអាចទទួលបានរបបអាហារ។

នៅបាត់ដំបង កន្លែងសហករណ៍ សុខ រស់នៅមានការខ្វះខាតទឹកសម្រាប់បរិភោគ និងប្រើប្រាស់ជាខ្លាំង។ គាត់ត្រូវទៅដងទឹកស្ទឹងដែលនៅ​ឆ្ងាយៗពីកន្លែងស្នាក់នៅនិងកន្លែងធ្វើការ។ នៅទីនេះ សុខបានឃើញយុវជន​ចល័តដែលធ្វើការជាមួយគាត់ឈឺមិនអាចទៅធ្វើការបាន និង​មិនត្រូវ​បាន​​ផ្តល់​​របបអាហារឲ្យហូបទេ។ សុខ ក៏ធ្លាប់ឃើញទាហានខ្មែរក្រហមសម្លាប់យុវជនក្នុងកងចល័តដែលឈឺច្រើន និងបានយកសំលៀក​បំពាក់យុវជននោះមកប្រើប្រាស់ខ្លួនឯងទៀតផង។ ប្រធានកងរបស់គាត់បាននិយាយប្រាប់ថា មានតែអ្នកធ្វើការទេដែលមានសិទ្ធិទទួលបានរបបអាហារ។

ក្នុងរបបខ្មែរក្រហម សុខ មិនហ៊ាន​ប្រាប់ថា ខ្លួនឈឺទេ គាត់តែងតែបង្ហាញមុខនៅការដ្ឋានជីកទំនប់ជានិច្ច​ព្រោះខ្លាចខ្មែរក្រហមយកទៅសម្លាប់ចោល ដោយសារគាត់ជាប់និន្នាការជាប្រជាជនភូមិភាគបូព៌ា ដែលជម្លៀសមកភូមិភាភពាយ័ព្យ។

ក្នុងរបបខ្មែរក្រហម សុខ បានបាត់បងប្រុសពីរនាក់​ម្នាក់ស្លាប់ដោយសារតែជាន់គ្រាប់មីនអំឡុងពេលទៅធ្វើការនៅការដ្ឋានខេត្តបាត់ដំបង​ និងម្នាក់ទៀតជាអតីតទាហាន លន់ នល់ បានស្លាប់នៅស្រុកកំណើត ពេលដែល​ខ្មែរក្រហមបោសសំអាតអតីតទាហាន និងអ្នករាជការពីរបបចាស់។

ក្រោយរបបខ្មែរក្រហមដួលរលំ សុខ បានវិលត្រឡប់​មករស់នៅស្រុកកំណើតវិញ។ គាត់បានរៀបការនៅពេលក្រោយមក។ ប្តីគាត់បានស្លាប់ដោយសារជំងឺ សព្វថ្ងៃគាត់រស់នៅជាមួយកូន និងដាំបន្លែនៅជុំវិញផ្ទះព្រមទាំង​មើលថែទាំចៅៗ។

សុខ ធ្លាប់មានជំងឺគ្រុនចាញ់។ ដើម្បីឲ្យក្មេងជំនាន់ក្រោយចងចំាពីរបបខ្មែរក្រហម គាត់ឧស្សាហ៍​និយាយរឿងពីរបបនោះប្រាប់ដល់កូន និងចៅៗពេល​ជួបជុំគ្នា​ម្តង​ៗ​​។ គាត់បានប្រាប់ថា ក្មេងជំនាន់ក្រោយមានសំណាងជាងគាត់ដែលបានរស់នៅក្នុងប្រទេសមួយដែលមានសុខសន្តិភាព គ្មានសង្រ្គាម។

អត្ថបទដោយៈ អេង សុខម៉េង នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤

សម្ភាសន៍ដោយៈ សុខ ចន្ទ្រា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin