កងកុមារនៅក្នុងរបបខ្មែរក្រហម

(ក្រចេះ)៖ អ៊ាង ឈាន ភេទស្រី មានអាយុ ៥៧ឆ្នាំ មានទីលំនៅ ភូមិអំពិលទឹក ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។

នៅក្នុងរបបខ្មែរក្រហម គាត់មានអាយុជាងដប់ឆ្នាំ គាត់ជាកងកុមារ។ អង្គការបានប្រើឲ្យគាត់នៅចាំសត្វសេក ព្រោះខ្លាចសត្វនោះបំផ្លាញដំណាំ និងឲ្យគាត់ជួយលើកទំនប់ពេលព្រឹក។ មិនត្រឹមតែប៉ុណ្ណោះ ពេលខ្លះអង្គការបានបញ្ជូនឲ្យគាត់ទៅជួយស្ទូងស្រូវ។ នៅម៉ោងប្រហែលជាប្រាំបួនព្រឹកអង្គការបានឲ្យឈប់សម្រាក ដើម្បីឲ្យកុមារទាំងអស់ទៅរៀនអក្សររយៈពេលមួយម៉ោង។

ក្រៅពីការងារខាងលើនេះ អង្គការបានប្រើឲ្យគាត់ទៅកាប់ទន្ទ្រានខែត្រ យកទៅចញ្ច្រាំឲ្យល្អិតដើម្បីលាយជាមួយនឹងលាមកគោ ឬលាមកមនុស្ស សម្រាប់ធ្វើជាជីទុកដាក់ក្នុងស្រែ។ គាត់មិនត្រូវបានខ្មែរក្រហមជម្លៀសចេញទៅតំបន់ផ្សេងឡើយ ប៉ុន្តែម្ដាយរបស់គាត់ ត្រូវបានអង្គការជម្លៀសឲ្យទៅធ្វើការនៅតំបន់ទំនប់គល់ស្ពាន។ អង្គការបានជម្លៀសប្អូនប្រុសរបស់គាត់ទៅកងកុមារនៅក្រោលគោ ធ្វើការងារឃ្វាលគោ និងក្របី។

អង្គការតម្រូវឲ្យចុះទៅធ្វើការចាប់ពីម៉ោងប្រាំមួយព្រឹក និងពេលថ្ងៃចាប់ពីម៉ោងមួយ រហូតដល់ម៉ោងប្រហែលជាបួនល្ងាច។ អង្គការបានអនុញ្ញាតឲ្យក្មេងៗឈប់សម្រាក ប៉ុន្តែចាស់ៗនៅធ្វើការរហូតដល់ម៉ោងប្រាំ ឬម៉ោងប្រាំមួយល្ងាចទើបបានឈប់សម្រាក។ នៅក្នុងមួយថ្ងៃអង្គការបានផ្ដល់អាហារពីរពេល មានពេលព្រឹកប្រហែលជាម៉ោងដប់ និងពេលល្ងាចប្រហែលជាម៉ោងប្រាំពីរ។ ពេលព្រឹកនោះអង្គការបានផ្ដល់បាយសសម្រាប់ឲ្យបរិភោគ ចំណែកឯពេលល្ងាចគឺបានត្រឹមតែបបរខាប់ៗ ឬហៅម្យ៉ាងទៀតថា «បាយជ័រស្លា»

ការសិក្សារៀនសូត្រគឺ មិនបានច្រើនទេ គឺរៀនបានត្រឹមតែអក្សរ ក ខ និងស្រះបន្តិចបន្តួចពីរ-បីតួប៉ុណ្ណោះ ប៉ុន្តែផ្ដោតខ្លាំងទៅលើការបង្រៀនឲ្យកុមារមានភាពស្មោះត្រង់ជាមួយនឹងអង្គការ គិតថាអង្គការជាឪពុកម្ដាយរបស់ខ្លួន។ ចំពោះទីកន្លែងសិក្សា មិនមានថ្នាក់រៀនត្រឹមត្រូវទេ កុមារៗអង្គុយរៀននៅក្រោមដើមឈើដែលមានម្លប់ធំ។ មូលហេតុដែលត្រូវអង្គុយរៀននៅក្រោមដើមឈើបែបនេះគឺដោយសារតែ សាលារៀនស្ទើរតែទាំងអស់ អង្គការបានវាយបំផ្លាញចោល ឬត្រូវបានយកទៅធ្វើជាឃ្លាំងសម្រាប់ផ្ទុកសម្ភារៈ ឬជង្រុកដាក់ស្រូវ។

ឪពុករបស់ ឈាន ត្រូវបានខ្មែរក្រហមចាប់គាត់យកទៅដោយមិនដឹងមូលហេតុ ហើយបានជម្លៀសឲ្យឪពុករបស់គាត់ចេញទៅធ្វើការនៅតំបន់ឆ្ងាយពីគ្រួសារ។ បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ ឪពុករបស់គាត់បានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងស្វែងរកប្រពន្ធកូន ហើយបានរស់នៅជួបជុំគ្រួសារវិញ។ សម្រាប់រូបគាត់ផ្ទាល់មិនត្រូវបានអង្គការធ្វើបាបទេ ព្រោះគាត់មិនដែលសាងកំហុសម្ដងណាឡើយ។

ឈាន មាននិយាយប្រាប់បន្ថែមថា អង្គការតែងតែចាត់តាំងឲ្យកងឈ្លបនៅចាំមើលថា មានប្រជាជនណាដែលខ្ជិលមិនធ្វើការ ឬខុសសីលធម៌។ នៅពេលដឹងថាមានប្រជាជនណាដែលខ្ជិល លើកទីមួយ អង្គការបានហៅទៅកសាង។ ប្រសិនជាកសាងរួចហើយនៅតែបែបនោះទៀត អង្គការនឹងចាប់យកទៅសម្លាប់ចោលភ្លាម៕

សម្ភាសន៍ដោយ វឺង ណាំរ៉ុង នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤

អត្ថបទដោយ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin