ខ្មែរក្រហមដេញចាប់ខ្ញុំដោយសារតែដំឡូង

(ក្រចេះ)៖ ឈ ស៊ីឆេង មានអាយុ៥១ឆ្នាំ តួនាទីជាមេភូមិ មានទីកន្លែងកំណើតនៅភូមិអំពិលទឹក ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ហើយបច្ចុប្បន្នគាត់រស់នៅក្នុងភូមិ ឃុំដដែល។

នៅក្នុងរបបខ្មែរក្រហម គាត់មានអាយុប្រាំមួយឆ្នាំ។ ការធ្វើស្រែនៅក្នុងមួយឆ្នាំៗបានទិន្នផលច្រើន។ នៅក្នុងភូមិអំពិលទឹកដែលគាត់ស្នាក់នៅបច្ចុប្បន្ននេះ មានជង្រុកស្រូវពីរកន្លែង នៅក្បាលទំនប់មួយកន្លែង និងនៅទំនប់ក្រោមមួយកន្លែងទៀត។ ថ្វីត្បិតតែទិន្នផលស្រូវបានច្រើនមែន ប៉ុន្តែមិនដឹងថា អង្គការយកទិន្នផលស្រូវទាំងអស់នោះទៅទីណាទេ ព្រោះប្រជាជនមានការខ្វះខាតអាហារជាខ្លាំង។

ចំពោះលុយកាលពីសម័យសម្ដេច នរោត្តម សីហនុ ប្រទេសកម្ពុជានៅមានការចរាចរណ៍ក្រដាស់ប្រាក់។ ប៉ុន្តែនៅក្នុងរបបខ្មែរក្រហម មេដឹកនាំរបស់របបនោះបានលុបបំបាត់ចោលស្ទើរតែទាំងអស់ ទាំងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ខ្មែរក្រហមក៏បានលុបបំបាត់ព្រះពុទ្ធសាសនា។

ប្រជាជនកម្ពុជាគ្រប់រូបកាន់ព្រះពុទ្ធសាសនា ព្រោះព្រះពុទ្ធសាសនាគឺបានបង្រៀន និងបង្ហាញផ្លូវល្អឲ្យមនុស្សទាំងអស់បានដឹងថា អ្វីល្អអ្វីអាក្រក់ ប៉ុន្តែរបបខ្មែរក្រហមបានលុបបំបាត់ព្រះពុទ្ធសាសនា បំបាត់វត្តអារាម ព្រមទាំងសម្លាប់និស្សិត បញ្ញវន្ត គ្រូចាស់ព្រឹទ្ធាចារ្យ អ្នកចេះអ្នកដឹងទាំងអស់។

គាត់បានបន្ថែមថា ប្រជាជននៅក្នុងរបបនោះ ទទួលរងកម្មវេទនាដោយសារបាត់បង់ធនធានមនុស្ស ហើយបានយកអ្នកដែលមិនមានចំណេះដឹងយកទៅដឹកនាំ មិនដឹងខុសត្រូវ ឬទាបខ្ពស់ មិនគោរពសូម្បីតែឪពុកម្ដាយខ្លួនឯងដែលជាអាណាព្យាបាល។ នៅពេលដែលគាត់បានឡើងធ្វើជាប្រធានសហករណ៍ ឬជាកងឈ្លប បែរជាហៅម្ដាយឪពុករបស់ខ្លួនឯងថាជា «មិត្ត» ទាំងដែលឪពុកម្ដាយជាអ្នកផ្ដល់កំណើត និង ជាអ្នកមានគុណ។

ការដឹកនាំនៅក្នុងរបបខ្មែរក្រហម គាត់បានប្រាប់ថា មិនឃើញមានភាពរីកចម្រើននោះទេ។ ការសិក្សាមិនបានផ្តល់ជូនដិតដល់ ដោយគ្មានសាលារៀនត្រឹមត្រូវ។ សម្រាប់ខែប្រាំងកុមារទាំងអស់ត្រូវអង្គុយរៀននៅក្រោមដើមឈើ។ បើនិយាយអំពីផ្ទះសម្បែងនៅក្នុងមូលដ្ឋាន ក្នុងករណីអង្គការបញ្ជាឲ្យរើសសម្ភារៈចេញគឺត្រូវតែចេញ ព្រោះនៅក្នុងរបបខ្មែរក្រហមមិនមានកម្មសិទ្ធិផ្ទាល់ខ្លួនទេ មិនថាសម្ភារៈ ដំណាំ ផ្លែឈើ ផ្ទះ គឺត្រូវរាប់បញ្ចូលជារបស់សហករណ៍ទាំងអស់។

នៅឆ្នាំ១៩៧៨ គាត់មានអាយុប្រាំមួយឆ្នាំ ដោយហេតុតែមិនមានអាហារហូបគ្រប់គ្រាន់គាត់បានលួចកាយដំឡូងយកទៅស្ងោរហូប ប៉ុន្តែនៅពេលកាយរួចគឺមិនបានហូបនោះទេ។ គាត់បានប្រាប់បន្ថែមថាកងឈ្លបបានដេញចាប់គាត់តាំងពីព្រឹករហូតដល់ថ្ងៃត្រង់។

នៅពេលដែលរបបខ្មែរក្រហមចាប់ផ្ដើមរង្គោះរង្គើ គ្រប់ប្រជាជនទាំងអស់ត្រូវបានខ្មែរក្រហមជម្លៀសរត់ចូលក្នុងព្រៃ ដើម្បីតស៊ូព្រោះដោយសារតែមានការវាយប្រហារពីសំណាក់ទាហានវៀតណាម ព្រមទាំងទាហានផ្សេងៗដែលបានធ្វើចលនាតស៊ូបណ្ដេញខ្មែរក្រហមចេញពីទឹកដីកម្ពុជា។

ពេលនោះប្រសិនជាមានប្រជាជនណាដែលមិនព្រមរត់ចូលទៅក្នុងព្រៃទេ នោះខ្មែរក្រហមនឹងបាញ់សម្លាប់ចោលនៅទីនោះ ដូច្នេះហើយដោយហេតុភ័យខ្លាចជាមួយនឹងសេចក្ដីស្លាប់ ទើបនាំគ្នារត់ចូលព្រៃ៕

សម្ភាសន៍ដោយ វឺង ណាំរ៉ុង នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤

អត្ថបទដោយ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin