ទៅធ្វើការចោលកូនព្រោះខ្លាចខ្មែរក្រហមសម្លាប់

(កំពង់ឆ្នាំង) ៖ ស្រី ញ៉ឹប អាយុ៧៤ឆ្នាំ សព្វថ្ងៃរស់នៅភូមិជីប្រង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ញ៉ឹប គឺជា​ប្រជាជនមូលដ្ឋាន និង​​មិនត្រូវបានឲ្យទៅណាឆ្ងាយពីឃុំជៀបឡើយ បើទោះជាត្រូវ​ផ្លាស់ទី​ទៅធ្វើការតាមទីកន្លែងនានាក៏ដោយ។ ប៉ុន្តែ​​គាត់នៅតែ​ត្រូវឃ្លាតឆ្ងាយពីកូន​ៗរបស់គាត់ នៅពេលដែលអង្គការឲ្យគាត់​​ទៅធ្វើការនៅឆ្ងាយ។ កូនៗរបស់គាត់ត្រូវផ្ញើនៅ​ជាមួយជីដូន​ចាស់​ៗ​ឲ្យមើលថែ។

ញ៉ឹបបាននិយាយថា៖ «ពិបាកណាស់ដែលត្រូវទៅធ្វើការងារចោលកូនៗ ដែលនៅតូច។ កូនយំតាម ហើយហូបមិនឆ្អែត តែបើយើងមិនធ្វើតាម​ទេ​នឹងត្រូវគេយកទៅ​ម្លាប់

ដូច្នេះ​​​​ ត្រូវតែធ្វើតាមបញ្ជារបស់អង្គការ»។​  ចំណែកប្ដី​របស់គាត់​​​ក៏ត្រូវទៅធ្វើការឆ្ងាយពីគាត់​។ ញ៉ឹប បានប្រាប់ទៀតថា នៅក្នុងរបបនោះពិតជាលំបាក ព្រោះ​ប្រជាជន​ត្រូវបាន​ខ្មែរក្រហម​ប្រើឲ្យធ្វើការទាំងយប់ទាំងថ្ងៃ​ ដោយ​គ្មានពេលសម្រាក​។

ញ៉ឹប បានរៀបរាប់បន្ថែមថា កាល​នោះគាត់ត្រូវងើបទៅធ្វើការ​តាំងពីម៉ោង៤ព្រឹក រហូតដល់ម៉ោង១១ថ្ងៃត្រង់ទើប​មាន​គេ​​វាយរគាំងឲ្យសម្រាកហូបបាយតាម​សហករណ៍​ បន្ទាប់​មក​គាត់​បន្ដធ្វើការ​នៅពេលរសៀលថែមទៀត។ មានថ្ងៃខ្លះ ញ៉ឹប ក៏ត្រូវបន្តធ្វើការងារដល់ពេលយប់រហូតដល់ម៉ោង៩យប់​ ទើបបានសម្រាក។

ញ៉ឹប បានបន្ដទៀតថា គាត់មិនធ្លាប់ត្រូវបានគេគំរាមសម្លាប់ ឬធ្វើទារុណកម្មណាមួយឡើយ ពីព្រោះ​គាត់ខំប្រឹងធ្វើការងារ និង​មិនសូវឈឺ​។ ដោយ​ឡែក​ ញ៉ឹប ​ធ្លាប់បានឃើញហេតុការណ៍គួរឲ្យខ្លាចជាច្រើន ដូចជាប្រទះឃើញសាកសពមនុស្សស្លាប់ និង​មាន​មនុស្ស​ដេញបាញ់គ្នាជាដើម។

ញ៉ឹប បាននិយាយថា កាល​នោះរបប​អាហារ​​មិនគ្រប់គ្រាន់ និង​មិនមាន​មានជីវជាតិឡើយ​។ របបអាហារនាពេល​នោះមានដូចជា បបរលាយជាមួយដំឡូងមី ពោត និង​​មានគ្រាប់អង្ករមួយគ្រាប់ៗប៉ុណ្ណោះ​។ ចំណែកឯ​សម្លវិញ​មានដូចជា សម្លម្ជូរព្រលឹត និង​សម្លម្ជូរត្រកួន ដោយ​គេ​គ្រាន់តែបង់ប្រហុក ពីព្រោះ​ទឹកសម្ល​មានពណ៌ថ្លាឆ្វង់។ ញ៉ឹប បានប្រាប់អំ​ពីបញ្ហាសុខភាពរបស់គាត់អំឡុងពេល​របបខ្មែរក្រហម​ថា គាត់មិនសូវជាឈឺឆ្កាត់អ្វីឡើយ។​ បើទោះបីជា​គាត់​ឈឺ គាត់​គ្រាន់​តែ​កោស​ខ្យល់បន្ដិចបន្ដួច គាត់​នឹង​ធូរស្រាលវិញ​។ គាត់ក៏បានប្រាប់​បន្ត​អំពីការព្យាបាលជំងឺកាលពីរបបខ្មែរក្រហម​ផងដែរថា​ ខ្មែរក្រហម​មិនមានថ្នាំសង្កូវ ឬ​សម្ភារៈព្យាបាលសម្បូរបែបដូចបច្ចុប្បន្ន​ទេ​ ដោយ​មានតែថ្នាំអាចម៍ទន្សាយ។​ ការព្យាបាលជួន​កាល​​មាន​ប្រសិទ្ធភាព ជួនកាល​មិនមានប្រសិទ្ធភាព​ធ្វើ​ឲ្យ​ប្រជាជនខ្លះ​ត្រូវបាត់បង់ជីវិត។ ញ៉ឹបក៏បានរៀបរាប់បន្ថែមទៀត​ទាក់ទងនឹងរឿងរ៉ាវដែលគាត់ឈឺចាប់និងចងចាំមិនភ្លេចនៅរបបខ្មែរក្រហម​គឺ​ របបអាហារ​មិនគ្រប់គ្រាន់ និងការបង្ខិត​បង្ខំឲ្យគាត់ធ្វើការហួសកម្លាំង​​។ គាត់បន្ត​ថាប្រសិនបើប្រជាជនណាម្នាក់​ហ៊ានប្រឆាំងតវ៉ា ខ្មែរក្រហម​នឹងចោទថាជាខ្មាំង ហើយនឹងត្រូវ​បាន​​យក​ទៅ​សម្លាប់ពុំ​ខាន ។

សម្ភាសន៍ និងអត្ថបទដោយ ណុល ភក្ដី

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin