អង្គការកុហកខ្ញុំ

(ក្រចេះ) ៖ សាយ សុខ ភេទស្រី មានអាយុ៦០ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិឬស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។

ក្នុង​របបខ្មែរក្រហម គាត់មានអាយុប្រហែលជា១៥ឆ្នាំ ហើយរឿងរ៉ាវដែលគាត់ចងចាំជាងគេនៅក្នុងរបបខ្មែរក្រហម គឺការដែលអង្គការប្រើឲ្យគាត់ធ្វើការទាំងយប់ទាំងថ្ងៃ មិនមានពេលសម្រាកគ្រប់គ្រាន់។ អង្គការបានជម្លៀសគាត់ចេញពីផ្ទះ ចាកចេញឆ្ងាយពីឪពុកម្ដាយនិងបងប្អូនរបស់គាត់ ដោយបានកុហកថា ឲ្យគាត់ទៅដេរសម្លៀកបំពាក់ ប៉ុន្តែជាក់ស្ដែងនាំគាត់ឲ្យទៅធ្វើស្រែចម្ការ​ ដកស្ទូងស្រូវទៅវិញ។ អង្គការបានជម្លៀសប្រជាជនចេញដោយថ្មើរជើងទាំងយប់ទាំងថ្ងៃ។

នៅពេលនោះ មិនមានអាហារសម្រាប់បរិភោគគ្រប់គ្រាន់ឡើយ​ គាត់តែងតែរើសកួរស្រូវដែលជ្រុះនៅនឹងដីយក​ទៅបុកហូប ដើម្បីចម្អែតក្រពះ។ ប្រជាជនត្រូវធ្វើការងារច្រើនលើសអំពីកម្លាំង ប៉ុន្តែរបបអាហារមិនមានគ្រប់គ្រាន់ គឺ​បានត្រឹមតែបបរមួយចានម្នាក់ក្នុងមួយពេល។

ពេលដែលដើរទៅដល់ខេត្តកំពង់ឆ្នាំង មានអ្នកប្រាប់គាត់ថា នៅទីនោះគឺមានការសម្លាប់មនុស្ស ដូច្នេះហើយគាត់ និងប្រជាជនដទៃទៀតបាននាំគ្នាដើរត្រឡប់ក្រោយទៅកាន់ផ្ទះដើមវិញ។ គាត់បានប្រាប់បន្ថែមថា ពេលនោះគាត់ចេះតែដើរទៅតាមគ្នា មិនមានទិសដៅអ្វីឡើយ ចាកចេញឆ្ងាយពីឪពុកម្ដាយ តែម្នាក់ឯងមិនមានបងប្អូន ឬអ្នកដែលស្គាល់ទៅជាមួយ អង្គការនាំទៅទីណាគាត់ក៏ទៅទីនោះតាមដែរ។

ក្នុងអំឡុងពេលនៃការជម្លៀស គ្រប់ប្រជាជនកម្ពុជាទាំងអស់តែងតែមានការភ័យខ្លាច ព្រោះពេលនោះមានការទម្លាក់គ្រាប់បែក ឬបាញ់កាំភ្លើងស្ទើរតែរៀងរាល់ថ្ងៃ។ សុខ និយាយថាឲ្យតែពេលយប់ឡើងម្ដងៗមនុស្សគ្រប់គ្នាសឹងតែមិនហ៊ានសម្រាកឡើយ។

សុខ បានប្រាប់ថា នៅក្នុងរបបខ្មែរក្រហម មានមនុស្សស្លាប់បាត់បង់ជីវិតជាច្រើន មិនថាជាប្រជាជនធម្មតា ឬជាទាហាននោះទេ។ សភាពនៃសាកសពមានគ្រប់សណ្ឋាន សាកសពខ្លះនៅល្អ សពខ្លះបាត់បង់អវយវៈ។ ហេតុការណ៍ដែលបណ្ដាលឲ្យមនុស្សបាត់បង់ជីវិតគឺដោយសារតែមានការបាញ់គ្នា ព្រមទាំងទម្លាក់គ្រាប់បែក គ្រាប់ផ្លោង រវាងកងទ័ពខ្មែរក្រហម ជាមួយនឹងកងទ័ពវៀតណាម។ ម្យ៉ាងទៀតក៏មានការស្លាប់ដោយសារតែជំងឺ ព្រោះពេលនោះមិនមានថ្នាំ និងគ្រូពេទ្យសម្រាប់ព្យាបាលបានត្រឹមត្រឹមឡើយ។

អត្ថបទដោយ៖ នេន ស្រីមុំ

សម្ភាសន៍ដោយ៖ យ៉ុង ផល្លីន ២១/០២/២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin