អ្នករស់រានពីរបបខ្មែរក្រហម គឺជាមនុស្ស​អស្ចារ្យ

(ព្រៃវែង)៖ នៅ សម្បត្តិ មានអាយុ ៦៤ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានស្រុកកំណើត និងបច្ចុប្បន្នគាត់រស់នៅភូមិព្រៃមាស ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង​។

នៅរបប លន់ នល់ សម្បត្តិ រស់នៅជួបជុំសមាជិកគ្រួសារនៅស្រុកកំណើត ដោយនៅពេលនោះក្នុងភូមិ​មានសង្រ្គាម និងមានយន្តហោះទម្លាប់គ្រាប់បែកជាញឹកញាប់​។ ប្រជាជនបានរត់គេចពីផ្ទះសម្បែងទៅពួននៅតាមព្រៃ និងតាមវាលស្រែនៅពេលយប់។

ចូលដល់របបខ្មែរក្រហមអង្គការបានបំបែកប្រជាជន​ចេញ​ពីផ្ទះសម្បែងដែលធ្លាប់រស់នៅ។ សមាជិកគ្រួសារត្រូវបំបែក​ទៅតាមប្រភេទអាយុ និងវ័យដោយត្រូវរស់នៅក្នុងកងកុមារ កងចល័ត និងក្រុមចាស់ជរា។ សម្បត្តិត្រូវរស់នៅ និងធ្វើការក្នុងកងចល័តដោយជីកព្រែក និងលើកទំនប់ឆ្ងាយៗពីភូមិ។ ម្តាយឪពុក ត្រូវទៅធ្វើការនៅសហករណ៍រោងបាយ និងធ្វើស្រែទាំងមានជំងឺវ័យជរា។ ប្អូនៗត្រូវអង្គការប្រើឲ្យទៅមើលគោ និងរើសគួរស្រូវ។ បងៗរបស់សម្បត្តិក៏ត្រូវធ្វើការក្នុងកងចល័តដូចគាត់ផងដែរប៉ុន្តែនៅកងផ្សេងគ្នា។ សម្បត្តិនិយាយបន្ថែមថា ប្រជាជនទាំងអស់ ត្រូវធ្វើការគ្មានពេលសម្រាកទាំងឈឺ ទាល់តែអ្នកជំងឺធ្ងន់ៗទើបអង្គការឲ្យសម្រាក។ ទោះបីជាសម្រាកពេទ្យក៏ខ្មែរក្រហមនៅតែតាមដានអ្នកជំងឺដែរព្រោះខ្លាចអ្នកជំងឺធ្វើខ្ចិល និងគេចវេសពីការងារ។

ចំណែកការហូបចុកវិញអង្គការផ្តល់របបឲ្យតែអ្នកដែល​ធ្វើការងារប៉ុណ្ណោះ។ សម្បត្តិ និងប្រជាជនផ្សេងៗទៀត​ទទួលបានតែបបរពីរវែកក្នុងមួយថ្ងៃ ដោយហូបលាយជាមួយសម្លត្រកួន។

សម្បត្តិ រៀបរាប់ទាំងទឹកភ្នែកប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាអំឡុងពេលសម្ភាសន៍ថា គាត់មានការឈឺចាប់ និងមិនអាចបំភ្លេចបានចំពោះរឿងរ៉ាវដែលបានកើតឡើងក្នុងរបបខ្មែរក្រហម។ ប្រជាជនដែលមានជីវិតរស់រួចផុតពីរបបនោះសុទ្ធតែមានជីវិតថ្លៃ និងអស្ចារ្យ។

នៅអំឡុងពេលធ្វើដំណើរទៅធ្វើការ សម្បត្តិ បានឃើញផ្ទាល់ភ្នែកពេល​អង្គការសម្លាប់មនុស្សដោយដៃជាប់ចំណង និងវាយទម្លាក់ចូលក្នុងរណ្តៅដែលជីកទុកជាស្រេចក្នុងវត្តស្លា។ ពេលនោះជាសំណាងល្អដែលខ្មែរក្រហមមិនបានដឹងថា​ គាត់បានមើលឃើញ បើអង្គការដឹងគាត់ប្រហែលជាគ្មានជីវិតរស់ដល់សព្វថ្ងៃទេ។

បច្ចុប្បន្ន សម្បត្តិ មានជំងឺក្រពះ និងជំងឺពោះវៀន។

សម្ភាសន៍ដោយ រុន សុជាតិ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin