សូត្រ វិត៖ ខ្ញុំតែងត្រូវបានអង្គការទិតៀនព្រោះធ្វើការងារមិនគ្រប់ផែនការ
(តាកែវ)សូត្រ វិត ភេទស្រី អាយុ៦៨ឆ្នាំ។ បច្ចុប្បន្ន គាត់រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។
នៅឆ្នាំ១៩៧០ បងប្រុសរបស់ វិត បានចេញទៅធ្វើជាទាហាន និងបានបាត់ខ្លួនរហូតមកដល់បច្ចុប្បន្ន។ ចូលដល់សម័យខ្មែរក្រហម វិត ធ្វើជាអនុប្រធានកង៤ ហើយដឹកនាំនារីធ្វើការងារជីកប្រឡាយ និងលើកប្រព័ន្ធភ្លឺស្រែ។ អង្គការបានដាក់ផែនការឲ្យកងនារី ជីកប្រឡាយ ជម្រៅ៨ម៉ែត្រ និងប្រវែង៣ម៉ែត្រ ឲ្យរួចរាល់ក្នុងមួយថ្ងៃ។ ក្រៅពីការជីកប្រឡាយ ក្រុមរបស់ វិត បានទៅលើកប្រព័ន្ធភ្លឺស្រែ។ ក្នុងមួយថ្ងៃអង្គការ ឲ្យក្រុមរបស់គាត់ លើកប្រព័ន្ធភ្លឺស្រែឲ្យរួចរាល់ប្រវែង៤០ម៉ែត្រ បាត៧ទឹក កំពស់៥ទឹក ខ្នងលើ៥ទឹក ឲ្យរួចរាល់។ កងនារីរបស់ វិត តែងតែត្រូវបានអង្គការស្ដីបន្ទោសព្រោះធ្វើការងារយឺតពេល ហើយមិនបានល្អ និងពេលខ្លះមិនគ្រប់ផែនការ។ វិត បានឲ្យដឹងថា ប្រសិនបើឈឺគឹបានហូបតែទឹកបបរបន្តិចបន្តួច ទាល់តែបានធូរស្រាល ហើយទៅធ្វើការងារវិញទើបបានបាយហូប។
នៅឆ្នាំ១៩៧៧ អង្គការបានរៀបចំឲ្យ វិត រៀបការជាមួយយុវជនម្នាក់។ វិត មិនបានស្គាល់ប្ដីរបស់គាត់ពីមុនមកទេ តែដោយសារខ្លាចអង្គការយកទៅសម្លាប់ ទើបគាត់យល់ព្រម។ ពេលរៀបការរួច វិត បានប្ដូរមកធ្វើការងានៅក្នុងសហករណ៍វិញ។ ដំបូងអង្គការបានប្រើឲ្យ វិត ដកសំណាបឲ្យបាន៥ផ្លូនក្នុងមួយថ្ងៃ ប៉ុន្តែគាត់ធ្វើបានតែ៥ដំបរ។ ខាងប្រធានក្រុមរបស់ វិត បានបញ្ជូនគាត់ឲ្យទៅស្ទូងវិញ ប៉ុន្តែដោយសារគាត់ស្ទូងសំណាបរង្វើលពេកទើបអង្គការដកគាត់ឲ្យទៅរែកកណ្ដាប់បន្តទៀត។ ការងាររែកកណ្ដាប់ វិត ធ្វើមិនបានល្អនោះទេ ហេតុនេះហើយបានជាខាងសហករណ៍ប្ដូរគាត់ឲ្យទៅបុកអង្ករជំនួសវិញ។ វិត ត្រូវបានអង្គការស្ដីបន្ទោសជាញឹកញាប់ ព្រោះគាត់ធ្វើការងារមិនគ្រប់តាមការកំណត់។ ក្រោយមកទៀត ខាងសហករណ៍បានប្ដូរ វិត ឲ្យមករែកលាមកវិញ ព្រោះគាត់បាននិយាយតមាត់ជាមួយអង្គការ។ ក្នុងអំឡុងពេលនោះ វិត មានទម្ងន់កូន៧ខែ។ នៅចុងឆ្នាំ១៩៧៨ វិត ឆ្លងទន្លេបានកូនប្រុសម្នាក់ ហើយគាត់បានដាក់ឈ្មោះថា វិសាល។ ពេលឆ្លងទន្លេ មានឆ្មបម្នាក់នៅជួយ វិត ប៉ុន្តែដោយសារគាត់ឈឺខ្លាំងពេក ទើបមានគ្រូពេទ្យមកចាក់ថ្នាំឲ្យ។ ក្រោយពេលឆ្លងទន្លេ វិត ទទួលបានបាយ រួមជាមួយម្ហូបខសាច់ជ្រូក ឬក៏សាច់មាន់ហូប ប៉ុន្តែដោយសារគាត់ឈឺខ្លាំងពេកទើបគាត់ហូបមិនបានឆ្ងាញ់។ នៅឆ្នាំ១៩៧៩ មានហេតុការណ៍វៀតណាមចូលមក វិត បានរត់ចេញពីភូមិ។ ក្នុងការធ្វើដំណើរ វិត បានសុំរទេះអ្នកភូមិជិះ ព្រោះគាត់នៅមានធ្លាក់ឈាម និងឈឺចាប់នៅឡើយ។
សម្ភាសន៍ដោយ ទុយ តារ៉ា ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយៈ ភា រស្មី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤