គាំ យ៉ន៖ កងចល័តជីកទំនប់
(ក្រចេះ)៖ គាំ យ៉ន ភេទប្រុស មានអាយុ៧៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកអូរត្រែងសែនជ័យ ខេត្តក្រចេះ។ គាត់មានបងប្អូនសរុបទាំងអស់ ៥នាក់ ប្អូនប្រុសរបស់គាត់ម្នាក់ឈ្មោះ គាំ យ៉ាន បានស្លាប់នៅក្នុងរបបខ្មែរក្រហម និង ២នាក់ទៀតស្លាប់បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ បងប្អូនទាំង២នាក់នោះ គឺស្លាប់ដោយសារតែជំងឺប្រចាំកាយ។
នៅក្នុងរបបខ្មែរក្រហម យ៉ន មានតួនាទីជាកងចល័ត ជីកទំនប់ និងលើកប្រឡាយ។ ផលវិបាកដែលគាត់បានជួបប្រទះនៅក្នុងរបបនោះគឺ កង្វះរបបអាហារ ពីមួយពេលទៅមួយពេលមានត្រឹមតែបបររាវដែលមានទឹកច្រើនជាងអង្ករ។ ថ្វីត្បិតតែគាត់ហូបមិនបានគ្រប់គ្រាន់ពិតមែន ប៉ុន្តែគាត់មិនដែលហ៊ានត្អូញត្អែរឡើយ ព្រោះនៅក្នុងរបបខ្មែរក្រហម អង្គការបានកំណត់ចំនួនអាហារដែលប្រជាជនម្នាក់ៗទទួលបានក្នុង ១ពេល។ ក្នុងករណីនេះដែរ ប្រសិនជាមានប្រជាជនណាម្នាក់ត្អូញត្អែរពាក់ព័ន្ធនឹងរបបអាហារ ឬការរស់នៅមិនស្រណុកសុខស្រួល នោះអង្គការនឹងនាំយកទៅកសាង។
យ៉ន ខិតខំធ្វើការងារឲ្យគ្រប់តាមផែនការដែលអង្គការបានកំណត់។ គាត់បាននិយាយបន្ថែមថា ប្រសិនជាមានប្រជាជនណាដែលមិនធ្វើបានតាមអ្វីដែលអង្គការបានកំណត់មកទេ នោះនឹងត្រូវចាប់យកទៅវាយធ្វើបាប ឬសម្លាប់ចោល។ គាត់តែងតែឃើញអង្គការបណ្ដើរប្រជាជនយកទៅ ប៉ុន្តែគាត់មិនបានដឹងទេថា បណ្ដើរយកទៅទីណា។
យ៉ន បានរៀបការជាមួយនឹងភរិយារបស់គាត់ នៅក្នុងរបបខ្មែរក្រហម ដោយមានអង្គការជាអ្នករៀបចំឲ្យ។ នៅអំឡុងពេលនោះពិធីរៀបការ គឺមានតែគូគាត់ប៉ុណ្ណោះ មិនមានគូផ្សេងទៀតឡើយ។
គាត់ចាំបានថា មានប្រជាជនម្នាក់ដែលជិតស្និតគ្នាជាមួយនឹងគាត់ មានភាពភ័យខ្លាចអង្គការយកទៅសម្លាប់ ព្រោះដោយសារតែនៅពេលដែលកំពុងតែភ្ជូរដីស្រែស្រាប់តែក្របីរត់ចេញពីគន្លង។ បន្ទាប់ពីក្របីបានរត់ចេញពីគន្លងបែបនេះ គាត់បានស្រែកជេរក្របី។ ភ្លាមៗនោះមិត្តភក្ដិរបស់ យ៉ន បាននិយាយថា៖ «មិត្តអើយ! តិចគេឮគេយកទៅវៃចោល។» គាត់ក៏បានឆ្លើយតបទៅកាន់មិត្តរបស់គាត់វិញថា គាត់មិនខ្វល់នោះទេប្រសិនជាអង្គការចាប់យកទៅសម្លាប់មែនក៏ល្អដែរ ព្រោះរបបនោះលំបាកណាស់។
បន្ទាប់មកទៀតអង្គការបានបញ្ជូនគាត់ និងប្រជាជនផ្សេងទៀតឲ្យទៅប្រយុទ្ធជាមួយកងទ័ពវៀតណាម នៅតំបន់ស្នូល។ គាត់ទៅមិនបានប៉ុន្មានផង ក៏បានលួចរត់ចេញពីសមរភូមិមុខនោះវិញ ព្រោះនៅទីនោះមានការលំបាក និងប្រឈមមុខជាមួយនឹងការស្លាប់បាត់បង់ជីវិត។
យ៉ន បានប្រាប់ថា នៅក្នុងរបបខ្មែរក្រហម ដោយសារមិនអាចទ្រទ្រាំនឹងធ្វើការងារធ្ងន់ៗបាន គាត់បានធ្វើពុតជាឈឺ។ នៅក្នុងរបបនោះ មិនមានពេទ្យជំនាញសម្រាប់ព្យាបាលទេ ហើយថ្នាំក៏ដូចគ្នាដែរ មានតែថ្នាំដែលផ្សំឡើងពីឫសឈើប៉ុណ្ណោះ។
ថ្វីត្បិតតែនៅក្នុងរបបខ្មែរក្រហម គាត់ធ្វើការច្រើន និងធ្ងន់ៗ ប៉ុន្តែមកទល់ពេលបច្ចុប្បន្ននេះគាត់កត់សម្គាល់ឃើញថា គាត់មិនមានជំងឺដែលបន្សល់មកពីរបបខ្មែរក្រហមឡើយ សុខភាពរបស់គាត់គឺល្អ៕
សម្ភាសន៍ដោយ៖ យ៉ុង ផល្លីន នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ