ញុះញង់កុមារ
(កោះកុង) “ញុះញង់[1] ( កិ. ) ញុះញយៗគឺនិយាយចាក់រុកនាំអុចអាលឲ្យអ្នកដទៃធ្វើការអ្វីៗដែលមិនគប្បី, ឲ្យឈ្លោះឲ្យទាស់ទែងគ្នា, ឲ្យបាក់បែកគ្នា: កុំនិយាយញុះញង់ឲ្យកើតមានសាមគ្គីភេទ, គេនៅសុខៗ វាមកញុះញង់ឲ្យបែកគ្នា។” នៅក្នុងរបបខ្មែរក្រហម អង្គការតែងបណ្ដុះកុមារតូចៗឲ្យស្មោះត្រង់ជាមួយនឹងអង្គការ ហើយតែងតែញុះញង់ឲ្យកុមារតាមដានឪពុកម្ដាយខ្លួនឯងផ្ទាល់។ នេះជាការរៀបរាប់របស់ ប្រាក់ ហ៊ួយ ភេទស្រី អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មានទីកន្លែងកំណើតនៅឃុំឫស្សីស្រុក ស្រុកកំពង់ត្រាច ខេត្តកំពត។ បច្ចុប្បន្ន ហ៊ួយ រស់នៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ហ៊ួយ បានរៀបរាប់រឿងរ៉ាវបទពិសោធន៍ជីវិត ឆ្លងកាត់របប លន់ នល់ និងរបបខ្មែរក្រហម ប្រាប់ទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជា របស់អង្គការមជ្ឈមណ្ឌលឯកសារកម្ពុជា។ នៅអំឡុងរបប លន់ នល់ គ្រប់គ្រងអំណាច តំបន់ដែលគាត់រស់នៅ គឺក្នុងស្រុកកំពង់ត្រាច មានការទម្លាក់គ្រាប់បែក និងគ្រាប់ផ្លោង។ ហ៊ួយ និងគ្រួសារបានរត់ភៀសខ្លួនមួយរយៈចេញពីស្រុកកំពង់ត្រាច ទៅកាន់ដំណាក់ស្ដេច នៅខេត្តកែប។ ការទម្លាក់គ្រាប់បែក បានបណ្ដាលឲ្យខូចខាតផ្ទះសំបែង, ផ្លូវថ្នល់ និងទ្រព្យសម្បត្តិមួយចំនួនទៀត។ បន្ទាប់ពីការទម្លាក់គ្រាប់បែក មានភាពស្ងប់ស្ងាត់ គាត់បានវិលត្រលប់ទៅកាន់ស្រុកកំពង់ត្រាចវិញ។
នៅឆ្នាំ១៩៧៥ ជាឆ្នាំដែលរបបខ្មែរក្រហមបានឡើងកាន់អំណាច ហ៊ួយ មិនត្រូវបានជម្លៀសចេញពីស្រុកកំពង់ត្រាចឡើយ។ ការងារដែលខ្មែរក្រហមចាត់តាំងឲ្យគាត់ធ្វើនោះរួមមាន លើកទំនប់, ជីកប្រឡាយ, ដកស្ទូង, ដាំដំណាំ និង ការងារជាច្រើនផ្សេងទៀត។ ខ្មែរក្រហម ចាត់តាំងឲ្យប្រជាជនធ្វើការងារច្រើន សឹងតែគ្មានពេលសម្រាក ដោយត្រូវប្ដូរកន្លែងធ្វើការពីមួយកន្លែងទៅមួយកន្លែងមួយទៀតឥតឈប់ឈរ។ នៅក្នុងរបបខ្មែរក្រហម ហ៊ួយ មិនបានសិក្សារៀនសូត្រឡើយ ព្រោះអង្គការមិនអនុញ្ញាតឲ្យប្រជាជនមានចំណេះជ្រៅជ្រះទេ។ ប្រជាជន ត្រូវតែខិតខំធ្វើការងារជូនអង្គការឲ្យគ្រប់តាមផែនការ កំណត់។
នៅក្នុងរបបខ្មែរក្រហម មានតែកុមារតូចៗប៉ុណ្ណោះដែលអាចរៀនសូត្របានខ្លះៗ គឺរៀនអក្សរត្រឹមតែ៤-៥តួ។ ម៉្យាងទៀត គ្រូបង្រៀនរបស់ខ្មែរក្រហម បណ្តុះកុមារទាំងអស់នោះ ឲ្យស្រឡាញ់និងស្មោះត្រង់នឹងអង្គការ ព្រមទាំងត្រូវចាត់ទុកអង្គការថាជាឪពុកម្ដាយ។ ខ្មែរក្រហមថែមទាំងញុះញង់ឲ្យកុមារទាំងអស់លួចតាមដានឪពុកម្ដាយរបស់ខ្លួនថែមទៀតផង ព្រោះខ្មែរក្រហមខ្លាចមានប្រជាជនក្បត់ជាមួយនឹងអង្គការ។
ចំពោះរបបអាហារ ប្រជាជនទទួលបានតែបបរលាយជាមួយនឹងសម្លព្រលឹត-ត្រកួន ហើយថ្ងៃខ្លះមានសាច់ជ្រូក និងត្រី។ គាត់បានបន្ថែមថា ដោយសារតែមានភាពខ្វះខាតស្រូវនៅតំបន់របស់គាត់ អង្គការមិនមានផ្ដល់បបរ ឬបាយឲ្យប្រជាជនឡើយ ដោយផ្តល់តែពោតស្ងោរ។ ហ៊ួយ បាននិយាយថា មានចំនួនតិចថ្ងៃណាស់ដែលគាត់បានបបរហូប ដោយគាត់ត្រូវហូបពោតស្ងោរជារៀងរាល់ថ្ងៃអស់រយៈពេល២ខែ។ ថ្វីត្បិតតែ នៅក្នុងរបបខ្មែរក្រហម ហ៊ួយ បរិភោគអាហារមិនគ្រប់គ្រាន់យ៉ាងណាក្ដី គាត់មិនដែលមានបញ្ហាសុខភាពធ្ងន់ធ្ងរទេ។ ហួយ គ្រាន់តែឈឺក្បាល និងអស់កម្លាំងប៉ុណ្ណោះ។ នៅពេលដែលមិនស្រួលខ្លួន គាត់គ្រាន់តែកោសខ្យល់ រួចទៅធ្វើការបន្តទៀត។
ហ៊ួយ មិនហ៊ានឈប់សម្រាកទេនៅពេលដែលគាត់ឈឺ ព្រោះខ្លាចអង្គការបង្អត់អាហារ។ នៅក្នុងរបបខ្មែរក្រហម អ្នកជំងឺដែលមានសិទ្ធិឈប់សម្រាកពីការងារបាន លុះត្រាតែបុគ្គលនោះមានជំងឺធ្ងន់ធ្ងរ ដែលគ្រូពេទ្យប្រចាំការនៅសហករណ៍មិនអាចព្យាបាលជា។ អ្នកជំងឺធ្ងន់ធ្ងរនោះ អាចឈប់សម្រាកនិងទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត។ ចំពោះការព្យាបាល គ្រូពេទ្យមិនសូវមានជំនាញវិជ្ជាជីវៈទេ ព្រោះគ្រូពេទ្យមួយចំនួនធំ គឺជាប្រជាជនធម្មតា ពុំធ្លាប់ទទួលបានការសិក្សាវិជ្ជាពេទ្យបានខ្ពង់ខ្ពស់អ្វីឡើយ។ ថ្វីត្បិតតែ អង្គការបានបញ្ជូនប្រជាជនឲ្យទៅរៀនពីការព្យាបាល ប៉ុន្តែការរៀននោះគឺមិនត្រឹមត្រូវវិជ្ជាជីវៈឡើយ។ ដូច្នេះ អ្នកជំងឺជាច្រើនបានស្លាប់ ដោយសារតែការព្យាបាលមិនត្រឹមត្រូវ។
នៅក្នុងរបបខ្មែរក្រហម ហ៊ួយ បានបាត់បង់សមាជិកគ្រួសារចំនួន៤នាក់។ ឪពុករបស់គាត់ឈ្មោះ ឃិន ត្រូវបានកងឈ្លបចាប់ខ្លួនទៅដោយប្រាប់ហេតុផលទៅកាន់គ្រួសាររបស់គាត់ថា នាំយកគាត់ទៅបុកអង្ករនៅសហករណ៍ផ្សេង។ ឪពុករបស់គាត់ បានបាត់ដំណឹងតាំងពីពេលនោះរហូតមក។ បន្ទាប់ពីកងឈ្លបចាប់ខ្លួនប្ដីទៅបាត់ដូច្នេះម្ដាយរបស់ហ៊ួយ មានការពិបាកចិត្តនិងកើតមានជំងឺ។ គួបផ្សំជាមួយនឹងការបរិភោគអាហារមិនគ្រប់គ្រាន់ ម្តាយរបស់ហ៊ួយ បានធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់បាត់បង់ជីវិត។ យាយ និងតារបស់ហ៊ួយ ក៏បានស្លាប់ដោយសារតែមានជំងឺប្រចាំកាយ នៅក្នុងរបបខ្មែរក្រហមដែរ។
បន្ទាប់ពីរបបខ្មែរក្រហមបានបញ្ចប់ ហ៊ួយ បានរៀបការជាមួយនឹងស្វាមីនៅចុងឆ្នាំ១៩៧៩។ បន្ទាប់ពីរៀបការរួច ហ៊ួយ និងស្វាមីបានផ្លាស់ទីលំនៅពីខេត្តកំពត ទៅរស់នៅខេត្តកោះកុងរហូតមកទល់សព្វថ្ងៃ៕
សម្ភាសន៍ដោយ៖ គឹម អាន នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥
[1] វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជជួន ណាត