កម្សត់ជូរចត់ និងគ្មានសិទ្ធិសេរីភាព

ជុំ ចាន់សន់ រស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង (២០២៤)

(ស្ទឹងត្រែង)៖ ជុំ ចាន់សន់ ភេទស្រី កើតនៅឆ្នាំ១៩៦០ បច្ចុប្បន្នមានអាយុ ៦៤ឆ្នាំ។ ចាន់សន់ មានទីកន្លែងកំណើត នៅស្រុកថាឡាបរិវ៉ាត់ និងមានទីលំនៅបច្ចុប្បន្នរស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ចាន់សន់ មានបងប្អូនប្រាំមួយនាក់ ក្នុងនោះស្រីបួននាក់។

អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ឪពុករបស់ ចាន់សន់ ដែលជាទាហាននាសម័យនោះ បានមករស់នៅភូមិអូរស្វាយ។ ចាន់សន់ និយាយថា នៅរបបសង្គមរាស្ត្រនិយម ភូមិអូរស្វាយ មានការកសាងសមិទ្ធផលជាច្រើន និងមានប្រជាជនជាច្រើនគ្រួសារបានមកតាំងទីលំនៅ, ធ្វើស្រែចម្ការ, ចិញ្ចឹមសត្វ និងនេសាទ។ នៅឆ្នាំ១៩៧០ ចាន់សន់ ឈប់រៀនត្រឹមថ្នាក់ទី១១ (សង្គមចាស់)។ ចាន់សន់ បានត្រលប់មកធ្វើការងារផ្ទះ និងមើលថែប្អូន។ ចំណែក ឪពុកម្ដាយទៅធ្វើស្រែប្រវាស់ដៃ។

នៅឆ្នាំ១៩៧២ ខ្មែរក្រហមបានចូលមកគ្រប់គ្រងក្នុងភូមិ។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសប្រជាជនចំនួនប្រាំគ្រួសារ ដោយរួមទាំងគ្រួសាររបស់ចាន់សន់ដែរ ចេញពីភូមិឲ្យទៅរស់នៅភូមិញើន ដោយធ្វើដំណើរតាមរទេះគោ។ នៅទីនោះ ចាន់សន់ ធ្វើការក្នុងកងកុមារ។ បន្ទាប់មកនៅឆ្នាំ១៩៧៧ ចាន់សន់ ចូលធ្វើការក្នុង​កងចល័ត ដោយព្រាត់ប្រាសពីគ្រួសារ និងត្រូវធ្វើការដូចជា ភ្ជួរស្រែ និងស្ទូងស្រូវរហូតដល់យប់អធ្រាត្រ ក្រោមពន្លឺភ្លើងចង្កៀងម៉ាំងសុង។ ចាន់សន់ និយាយថា គាត់ត្រូវធ្វើការទាំងឈឺ ទាំងយប់ទាំងថ្ងៃ ដោយគ្មានពេលសម្រាក។ ចំណែករបបអាហារដែលគាត់ទទួលបាន មានពោតពីរស្នៀតសម្រាប់ហូបពេលព្រឹក និងបាយមួយកូនចានចង្កឹះលាយជាមួយសណ្ដែក, គល់ចេក ឬផ្លែល្វា សម្រាប់ពេលថ្ងៃត្រង់ និងពេលល្ងាច។ ដំឡូងដែលប្រជាជន​ដាំបាន គឺខ្មែរក្រហមមិនអនុញ្ញាតឲ្យប្រជាជនជីកយកហូបនោះទេ។ ដូច្នេះ ប្រជាជនត្រូវរស់នៅដោយហូបចុកមិនគ្រប់គ្រាន់។

ចាន់សន់ និយាយថា នៅរបបខ្មែរក្រហម គាត់គ្មានសង្ឃឹមថាបានរស់រានមានជីវិតនោះទេ ដោយសារការរស់នៅដ៏វេទនា, កម្សត់ជូរចត់ និងគ្មានសិទ្ធិសេរីភាព។ មិនយូរប៉ុន្មាន បងប្រុសម្នាក់​របស់ចាន់សន់ ត្រូវបានខ្មែរក្រហមយកទៅសម្លាប់ ដោយមិនដឹងមូលហេតុ។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ ចាន់សន់ បានត្រលប់មកភូមិកំណើតវិញ។ នៅឆ្នាំ១៩៩២ ចាន់សន់ បានរៀបការ និងប្រកបរបរនេសាទ។ បច្ចុប្បន្ន ចាន់សន់ មានការព្រួយបារម្ភទាក់ទងនឹងការនេសាទខុសច្បាប់ និងទិន្នផលត្រីបន្តធ្លាក់ចុះជារៀងរាល់ឆ្នាំនៅតាមដងទន្លេមេគង្គ៕

សម្ភាសន៍ដោយ ទូច ស្រីទីន ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin