ជីវិតដូចមាន់ក្នុងទ្រុង

ហម ផាត់ រស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង (២០២៤)

(ស្ទឹងត្រែង)៖ ហម ផាត់ ភេទប្រុស មានអាយុ៧៤ឆ្នាំ កើតនៅភូមិកំពង់ជ្រៃ ស្រុកកំពង់ស្រឡៅ ខេត្តព្រះវិហារ។ បច្ចុប្បន្ន ផាត់ រស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ផាត់ មានបងប្អូនបួននាក់ (ស្លាប់ម្នាក់) ក្នុងនោះស្រីម្នាក់។

នៅមុនឆ្នាំ១៩៦៥ គ្រួសាររបស់ផាត់ បានមករស់នៅភូមិអូរស្វាយ។ ផាត់ និយាយថា នៅពេលនោះ ភូមិអូរស្វាយ មានប្រជាជនតែ១០គ្រួសារប៉ុណ្ណោះ រស់នៅទីនេះ។ នៅឆ្នាំ១៩៦៥ ភូមិអូរស្វាយ មានការអភិវឌ្ឍ ព្រមទាំងមានការចែកដីស្រែចម្ការ និងផ្ទះកាឡុង ដល់ប្រជាជនដែលមករស់នៅ, ធ្វើស្រែចម្ការ និងនេសាទ ក្នុងភូមិអូរស្វាយ, ភូមិកោះព្នៅ និងភូមិផ្សេងៗទៀត។

នៅឆ្នាំ១៩៧០ បន្ទាប់ពីរដ្ឋប្រហារនៅទីក្រុងភ្នំពេញ ផាត់ ការរស់នៅក្នុងភូមិ ចាប់ផ្តើមមានការលំបាកបណ្តាលមកពីសង្គ្រាម។ នៅឆ្នាំ១៩៧២ ផាត់ បានព្រាត់ប្រាសពីឪពុកម្ដាយ ដោយសារគាត់ត្រូវទៅធ្វើជាទាហានជីវពល ដើម្បីការពារភូមិ។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានឡើងកាន់អំណាច ប្រជាជននៅក្នុងភូមិត្រូវបានបង្ខំឲ្យរស់នៅរួម, ធ្វើការរួម និងហូបរួម នៅក្នុងសហករណ៍។ ផាត់ ត្រូវបានខ្មែរក្រហមបញ្ជាឲ្យរែកដី, រែកជីលាមកគោ, ឃ្វាលក្របី និងលើកទំនប់សម្រាប់ធ្វើស្រែប្រាំងនៅពេលយប់ ដោយគ្មានពេលសម្រាកបានគ្រប់គ្រាន់ ឬពេលទំនេរនោះទេ។ ផាត់ និយាយថា អ្នកដែលខ្មែរក្រហមចោទថាខ្ជិល ឬតវ៉ាប្រឆាំងចំពោះការហូបចុកមិនគ្រប់គ្រាន់ នឹងត្រូវបាត់ខ្លួន។

របបអាហារដែល​ប្រជាជនទទួលបាន មានបាយមួយចានចង្កឹះក្នុងមួយពេល។ ចំណែកឯ ដំឡូងដែលប្រជាជនដាំបាន ត្រូវទុកជារបស់រួម។ ផាត់ និយាយថា ស្រូវមានពេញជង្រុក ប៉ុន្តែខ្មែរក្រហមមិនឲ្យប្រជាជនហូបគ្រប់គ្រាន់នោះទេ។ នៅចុងឆ្នាំ១៩៧៨ ផាត់ បានកាប់ឈើឲ្យខ្មែរក្រហមរហូតដល់របួសជើង និងសម្រាកនៅមន្ទីរអង្គភាព រហូតដល់របបខ្មែរក្រហមដួលរលំ។

នៅឆ្នាំ១៩៧៩ ផាត់ បានជួបជុំឪពុកម្ដាយ និងបងប្អូនវិញ។ នៅឆ្នាំ១៩៨០ ផាត់ បានរៀបការ និងចូលធ្វើជាទាហានស្វ័យត្រាណ (ប្រជាការពារភូមិ)។ ផាត់ និយាយថា នៅរបបខ្មែរក្រហម គាត់ឃើញ ក្មេងជំទង់ម្នាក់ត្រូវបានខ្មែរក្រហមយកទៅសម្លាប់ ដោយផ្ទាល់ភ្នែក។ ផាត់ បន្តថា ជីវិតប្រជាជននៅសម័យនោះ ដូចមាន់ក្នុងទ្រុង ដែលខ្មែរក្រហមចង់សម្លាប់នរណាម្នាក់ក៏បានតាមអំពើចិត្ត៕

សម្ភាសន៍ដោយ ទូច ស្រីទីន ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin