កងចល័តជីកទំនប់អង្គរទ្រេត

ទុំ លុត រស់នៅភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

(ខេត្តព្រៃវែង) ទុំ លុត មានអាយុ៦៥ឆ្នាំ រស់នៅភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងមានស្រុកកំណើតនៅ ភូមិព្រៃធ្លុង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ លុត មានឪពុកឈ្មោះ ទុំ, ប្តី ឈ្មោះ ឡូត និងមានបងប្អូនចំនួនប្រាំបីនាក់។ ក្នុងរបបខ្មែរក្រហម លុត បានបាត់បង់ពូម្នាក់​ដោយ​សារខ្មែរក្រហមនាំទៅសម្លាប់ព្រោះឪពុកមានោះធ្វើជាទាហាន លន់ នល់ ។ កាលពីកុមារភាព លុត រៀនបានត្រឹមថ្នាក់ទី១២ (សង្គមចាស់) នៅសាលាបឋមសិក្សាក្នុងភូមិព្រៃធ្លុង។

ក្នុងរបប លន់ នល់ លុត រស់នៅក្នុងឃុំពានរោង។ នៅពេលល្ងាច​ មានយន្តហោះរបស់សហរដ្ឋអាមេរិក មកទម្លាក់គ្រាប់ដើម្បីសម្លាប់កងទ័ពវៀតកុង (វៀតណាមខាងជើង) ដែលបានលាក់ខ្លួនតាមព្រៃ និងនៅផ្ទះជាមួយអ្នកស្រុក។ នៅ​គ្រប់ផ្ទះរបស់ប្រជាជនមានជីករណ្តៅត្រង់សេ (លេណដ្ឋាន) សម្រាក់ពួនលាក់ខ្លួន។ នៅគ្រានោះ លុត នៅចាំបានថា យន្តហោះបានទម្លាក់គ្រាប់បេ និងបណ្តាលឲ្យទាហានវៀតកុងស្លាប់អស់ចំនួនប្រាំនាក់។ ប្រជាជនរស់នៅ ទាំងជួបការលំបាកផ្នែកជីវភាព ខ្វះខាតស្រូវ និងអង្ករ ហូបចុក ដោយសារ​មិនបានចេញទៅប្រកបរបរ និងធ្វើស្រែចម្ការ។

នៅខែមេសា ឆ្នាំ១៩៧៥ ពេលដែលខ្មែរក្រហមទទួលជ័យជម្នះលើរបប លន់ នល់ ក្នុងភូមិចាប់ផ្តើមបង្កើតជាសហករណ៍, ការដ្ឋានការងាររួម និងការហូបចុករួមគ្នា។ កាលនោះ លុត មានអាយុប្រមាណ១៥ឆ្នាំ  ត្រូវបានកងឈ្លបខ្មែរក្រហមចាត់តាំងឲ្យធ្វើជាគ្រូពេទ្យភូមិ។ លុត ឃើញថាការព្យាបាល ធ្វើឡើង​ដោយប្រើប្រាស់តែថ្នាំផ្សំពីឫសឈើដោយមនុស្សចាស់ៗក្នុងភូមិកិន និងសូនជាគ្រាប់តូចៗរាងដូចអាចម៍ទន្សាយ ។ លុត ធ្វើជាគ្រូពេទ្យព្យាបាលអ្នកជំងឺនៅក្នុងភូមិរយៈពេលប្រហែលមួយឆ្នាំ ក៏ត្រូវកងឈ្លបផ្លាស់ប្តូរការងារទៅធ្វើក្នុងកងចល័តនារីវិញ។ ការងាររបស់ លុត នៅកងចល័តនារីគឺត្រូវស្ទូងស្រូវ, ច្រូតកាត់, ជីកប្រឡាយ, លើកភ្លឺស្រែ, លើកទំនប់ នៅឆ្ងាយ​ៗពីភូមិកំណើត រហូតដល់តំបន់វាលប៉ប្រាំខាងកើតទីរួមខេត្តព្រៃវែង។ ក្នុងកងចល័ត លុត ត្រូវធ្វើការងារធ្ងន់, គ្មានពេលសម្រាកគ្រប់គ្រាន់, គឺធ្វើតាំងពីព្រឹក រហូតដល់យប់ជ្រៅ។ លុត និយាយថានៅទំនប់អង្គរទ្រេត មានយុវជន-យុវនារី រាប់ពាន់នាក់បានជីក និងរែកដី។ លុត ដឹងថាខ្មែរក្រហមមានផែនការប្រែក្លាយទំនប់អង្គរទ្រេតឲ្យទៅជាអាងស្តុបទឹក ដែលមានស្ថានីយនៅរការគួយ។ លុត បានជីកទំនប់នេះរយៈពេលប្រមាណមួយឆ្នាំ ហើយនៅទីនេះរបបអាហារដែលគាត់​ទទួលបានមិនគ្រប់គ្រាន់ទេ។ ក្នុងម្នាក់ ទទួលបានត្រឹមបបរពីរវែក សម្រាប់ថ្ងៃត្រង់ និងល្ងាច។ បបរមានទឹកច្រើនជាងអង្ករ ព្រោះអង្ករមួយគីឡូ ត្រូវដាំធ្វើជាបបរចែកគ្នាហូបប្រហែលចំនួន២០០នាក់។

នៅក្នុងរបបខ្មែរក្រហម លុត ធ្លាប់ឃើញកងឈ្លបសម្លាប់ប្រជាជននៅទួលពីរកន្លែង គឺនៅ «ក្រាំងគ និងត្រពាំងស្វាយ»។ នៅក្រាំងគ និងត្រពាំងស្វាយ កងឈ្លបបានយកគល់ឫស្សីធំៗ​ដាក់ព័ទ្ធជុំវិញដីទួលដើម្បីបិទបាំងសកម្មភាព​សម្លាប់មនុស្ស។ លុត ក៏ធ្លាប់ឃើញកងឈ្លបយកអ្នកទោស មកទឹមរទេះជំនួសគោ ដើម្បីភ្ជួរស្រែដែរ។

បន្ទាប់ពីរបបខ្មែរក្រហមដួលរលំទៅ លុត ត្រលប់មកស្រុកកំណើតវិញ និងបានប្រកបរបរធ្វើ ស្រែចម្ការ រហូតដល់សព្វថ្ងៃ។ បច្ចុប្បន្ន លុត មានជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម៕

សម្ភាសន៍ដោយ តឿ ទី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin