ប្រធានអង្គភាពកុមារ

ជឹម សយ រស់នៅភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្ដកណ្ដាល (២០២១)

(កណ្ដាល)៖ ជឹម សយ ភេទស្រី មានអាយុ ៦៦ឆ្នាំ ជាកសិករ។ សយ រស់នៅភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្ដកណ្ដាល។ សយ មានបងប្អូនពីរនាក់ ក្នុងនោះស្រីម្នាក់។

នៅរបបខ្មែរក្រហម សយ ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើជាគ្រូបង្រៀន និងជាប្រធានក្នុងអង្គភាពកុមារ។ បន្ទាប់មក ខ្មែរក្រហមបានដក សយ ឲ្យទៅធ្វើពលកម្មនៅ អង្គភាពទួលក្រសាំង ដោយសារ សយ មិនអនុវត្តតាមផែនការខ្មែរក្រហម។ ខ្មែរក្រហមមានបំណងបញ្ជូនសយទៅធ្វើការនៅព្រំដែន។

បន្ទាប់មក សយ ត្រូវលត់ដំនៅវរសេនាក្រៅផ្ញើ ឬវរសេនាមិនពេញសិទ្ធិ ផ្ទុយពីវរសេនាលេខ២១ ដែលជាវរសេនាពេញសិទ្ធិ។  សយ ត្រូវរែកដី លើកភ្លឺស្រែ ទាំងយប់ទាំងថ្ងៃ និងត្រូវសម្រាកនៅលើទំនប់ព្រែកតន់។ សយ ត្រូវធ្វើការតាំងពីព្រឹកព្រលឹមរហូតដល់ម៉ោង១ថ្ងៃ ទើបទទួលបានបាយស្មុកហូប។ សយ និយាយថា វរសេនាពេញសិទ្ធិ អាចសម្រាបកហូបបាយម៉ោង១១ព្រឹក ចំណែក វរសេនាមិនពេញសិទ្ធិ ហូបនៅម៉ោង១ថ្ងៃ។

នៅឆ្នាំ១៩៧៩ ក្រោយរបបខ្មែរក្រហមដួលរលំ សយ បន្តរស់នៅទួលក្រសាំងមួយរយៈ និងក្រោយមកផ្លាស់មករស់នៅទីលំនៅបច្ចុប្បន្ន។ នៅអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ នាឆ្នាំ២០២១ សយ ថាគាត់ជួបប្រទះបញ្ហាជីវភាព។

អ្វីដែល សយ ចងចាំមិនភ្លេចពីរបបខ្មែរក្រហមនោះគឺ ជីដូន និងម្ដាយមីង ដែលធ្លាប់ធ្វើជាគ្រូបង្រៀន និងរស់នៅក្រុងភ្នំពេញ ត្រូវបានខ្មែរក្រហមនាំឡើងកប៉ាល់។ តាំងពីពេលនោះមក អ្នកទាំងពីរមិនដែលឃើញត្រលប់មកវិញនោះទេ៕

សម្ភាសដោយ ឆែ អ៊ីឡាង ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin