កងសេដ្ឋកិច្ចនៅរបបខ្មែរក្រហម

ប៉ុក ក្រើន រស់នៅភូមិក្រពើ ឃុំបល្ល័ង ស្រុកប្រាសាទបាគង ខេត្តសៀមរាប (២០២១)

(សៀមរាប)៖ កើតនៅឆ្នាំ១៩៥៩ ប៉ុក ក្រើន ភេទប្រុស អាយុ ៧១ឆ្នាំ មានទីកន្លែងកំណើត និងរស់នៅភូមិក្រពើ ឃុំបល្ល័ង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ក្រើន មានឪពុកឈ្មោះ ប៉ុយ ប៉ុក និងម្ដាយឈ្មោះ ប៉ិ ឡាន។ ក្រើន មានប្រពន្ធឈ្មោះ ចេត និងមានកូនប្រាំបួននាក់ ក្នុងនោះស្រីប្រាំបីនាក់។

ដោយសារបញ្ហាជីវភាព ក្រើន មិនបានសិក្សា និងធ្វើស្រែចម្ការរហូតដល់មានរដ្ឋប្រហារនៅឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧១ ក្រើន បានរៀបការនៅភូមិរុនតាឯក។ នៅឆ្នាំ១៩៧២ ក្រើន ធ្វើជាសេនាជនខ្មែរក្រហម។ នៅឆ្នាំ១៩៧៣ ក្រើន ត្រូវខ្មែរក្រហមបញ្ជូនទៅជីកប្រឡាយ និងលើកទំនប់នៅស្រះស្រង់។ នៅឆ្នាំដដែល មានការទម្លាក់គ្រាប់បែកនៅការដ្ឋានដែលក្រើនធ្វើការ។ នៅឆ្នាំ១៩៧៤ ប្អូនប្រុសរបស់ក្រើនម្នាក់ ដែលជាយោធាខ្មែរក្រហមបានបាត់ខ្លួនពេលទៅប្រយុទ្ធនៅទីក្រុងភ្នំពេញ។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានឡើងកាន់អំណាច។ ក្រើន ត្រូវបានខ្មែរក្រហមចាត់ទុកជាប្រជាជនចាស់ និងត្រូវជីកប្រឡាយ, លើកទំនប់, លើកភ្លឺស្រែ និងធ្វើស្រែនៅតាមសហករណ៍។ ចំណែក ប្រពន្ធក្រើន ធ្វើការនៅក្នុងកងចល័ត ដោយត្រូវដកស្ទូង។ ក្រើន និយាយថា ប្រពន្ធគាត់តែងតែលួចខ្ចប់បបរយកមកឲ្យកូន ដោយសារការហូបចុកមិនគ្រប់គ្រាន់។ របបអាហារ មានតែបបរ ឬបាយកកប៉ុណ្ណោះ។ ដោយឡែក ប្រជាជន១៧មេសា ដែលលួចហូប នឹងត្រូវយោធាខ្មែរក្រហមចាប់ខ្លួនយកទៅសម្លាប់។

នៅឆ្នាំ១៩៧៦ ក្រើន ធ្វើការនៅកងសេដ្ឋកិច្ច ដោយត្រូវដឹកជញ្ជូនសម្ភារ, ឃ្វាលគោ និងចែកស្បៀងដូចជាអង្កាមជាដើម។ ក្រើន និយាយថា ខ្មែរក្រហមបានប្រមូលគោរាប់រយក្បាល និងសម្ភារផ្សេងៗដាក់ជារបស់រួមទាំងអស់។ នៅពេលធ្វើការក្នុងកងសេដ្ឋកិច្ច ក្រើន ថាគាត់បានឃើញភ្ញៀវបរទេស មកទស្សនាប្រាសាទ។

នៅឆ្នាំ១៩៧៧ ខ្មែរក្រហមចាប់ផ្តើមរៀបចំឲ្យប្រជាជនរៀបការដោយបង្ខំ។ ចំណែក អ្នកដែលប្រព្រឹត្តិខុសសីលធម៌ និងអ្នកត្រូវបានចោទថាជាខ្មាំងអង្គការ នឹងត្រូវយកទៅសម្លាប់នៅវត្តខ្សាច់ ឬមន្ទីរសន្តិសុខ នៅដំដែក។ នៅរបបខ្មែរក្រហម ព្រះសង្ឃត្រូវបានផ្សឹក វត្តអារាមត្រូវបានបំផ្លាញ។

នៅឆ្នាំ១៩៧៨ ខ្មែរក្រហមជម្លៀស ក្រើន ឲ្យទៅធ្វើការនៅមាត់ទន្លេ រហូតមានជំងឺគ្រុនចាញ់។ ខ្មែរក្រហម បានយកទឹកថ្នាំផ្សំពីឫសឈើ និងស្លឹកឈើ យកមកចាក់ព្យាបាលគាត់ និងប្រជាជនឯទៀត។ ក្រើន និយាយថា ប្រជាជនជាច្រើនបានស្លាប់នៅពេលព្យាបាល។

នៅឆ្នាំ១៩៧៩ របបខ្មែរក្រហមបានដួលរលំ ក្រើន បានត្រលប់មករស់នៅ និងប្រកបរបរធ្វើស្រែចម្ការនៅភូមិកំណើតវិញរហូតមកទល់សព្វថ្ងៃ៕

សម្ភាសដោយ ដន ហុគី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin