ជុំ ហ៊ាន ៖ សមាជិកបើកបរនាវាចម្បាំង០២

ជុំ ហ៊ាន ភេទប្រុស អាយុ៦៨ សព្វថ្ងៃប្រកបមុខរបបធ្វើចម្ការ។ ហ៊ាន មានស្រុកកំណើតនៅភូមិឃ្លាំងមឿង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ បច្ចុប្បន្នរស់នៅភូមិអូរសួស្ដី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ហ៊ាន មានប្រពន្ធឈ្មោះ ហ៊ុល សាមឿន អាយុ៦៨ឆ្នាំ សព្វថ្ងៃប្រកបមុខរបបធ្វើចម្ការ។ ហ៊ាន មានកូនប្រុសចំនួន៤នាក់ ។ កូនរបស់ ហ៊ាន សព្វថ្ងៃមានគ្រួសារអស់ហើយ។ ហ៊ាន មានឪពុកឈ្មោះ ជុំ ហ៊ីង (ស្លាប់ឆ្នាំ២០១៥ ដោយសារជំងឺចាស់ជរា) និងម្ដាយឈ្មោះ ផាន់ ម៉ៅ (ស្លាប់ដោយសារជំងឺ)។ ហ៊ាន មានបងប្អូនចំនួន៧នាក់(ប្រុស៤នាក់ ស្រី៣នាក់)។ ហ៊ាន ជាកូនទី១នៅក្នុងគ្រួសារ។ បងប្អូន ហ៊ាន បានទទួលមរណៈភាពចំនួន២នាក់(ប្រុស) ប្អូនទី៣ឈ្មោះ ជុំ ហ៊ន (ស្លាប់ឆ្នាំ១៩៧៨ ដោយសារជំងឺ) ប្អូនទី៥ឈ្មោះ ជុំ ឈាង(ស្លាប់ឆ្នាំ១៩៩៣ ដោយសារក្រឡាប់ឡានដឹកឈើ)។
កាលពីក្មេង ហ៊ាន រៀនបានថ្នាក់ទី១២ សង្គមចាស់ សាលារៀននៅក្នុងវត្ត តទល់ ដែលស្ថិតនៅក្នុងភូមិតទល់ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ មូលហេតុដែល ហ៊ាន ឈប់រៀនដោយតែគ្រួសារមានជីវភាពក្រីក្រ បងប្អូនច្រើន ហើយគ្មានអ្នកជួយឪពុកម្ដាយមើលគោ ក្របី។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ឧត្ដមសេនីយ៍ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេច ព្រះនរោត្ដមសីហនុ ចេញពីមុខតំណែង។ នៅក្នុងអំឡុងពេលនោះ ហ៊ាន រស់នៅជាមួយគ្រួសារមិនទាន់ជម្លៀសទៅណាទេ។ បន្ទាប់ពីរដ្ឋប្រហារទម្លាក់សម្ដេច ព្រះនរោត្ដម សីហនុ បានរយៈពេល៣ខែ ទាហានអាមេរិកាំងបានបើកយន្តហោះចំនួន៣ ទៅ៤គ្រឿង ហោះមកទម្លាក់គ្រាប់បែកនេប៉ាល់ចូលមកក្នុងភូមិឃ្លាំងមឿង ដែលបណ្ដាលឲ្យផ្ទះប្រជាជន១៥០ខ្នងផ្ទះ ត្រូវបានឆាបឆេះគ្មានសល់ គោ ក្របី ស្លាប់ពេញភូមិ និងដាំណាំមួយចំនួនធំត្រូវបានបំផ្លិចបំផ្លាញគ្មានសល់។ ការទម្លាក់គ្រាប់បែករបស់ទាហានអាមេរិកាំងនៅតែបន្តទម្លាក់ឥតឈប់ឈរដែលបណ្ដាលឲ្យប្រជាជននៅក្នុងភូមិពិបាកចេញប្រកបរបរចិញ្ចឹមជីវិត ដោយឃើញស្ថានការណ៍មិនអាចរស់នៅបាន ឪពុកម្ដាយ ហ៊ាន និងប្រជាជនផ្សេងទៀត បានសម្រេចចិត្តជម្លៀសចេញពីភូមិឃ្លាំងមឿងទៅរស់នៅភូមិតាគាត់កើត ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែលមានព្រំប្រទល់ជាប់ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
នៅក្នុងខែមេសា ឆ្នាំ១៩៧២ ហ៊ាន និងបងប្អូនជីដូនមួយ២នាក់ទៀត បានចិត្តស្ម័គ្រចូលបម្រើកងទ័ពស្រុកខ្សាច់កណ្ដាល ដែលគ្រប់គ្រងដោយតា មិត្ត (អភិបាលស្រុក) តា ញឹល (រងស្រុក) និងបង វឿន (បញ្ជាការកងស្រុក)។
ពេលចូលមប្រើកងទ័ពខ្មែរក្រហមដំបូង ហ៊ាន ត្រូវបានបញ្ជូនឲ្យទៅហ្វឹកហាត់ខាងផ្នែកយោធានៅកងអនុសេនាធំ គ ១, កងអនុសេនាតូចទី៣, ក្រុមទី១ ដើម្បីឲ្យហ្វឹកហាត់ ដោះអាវុធ ក្រាបលូន និងហាត់បាញ់កាំភ្លើង ដែលដឹកនាំហ្វឹកហាត់ដោយ យី រ័ត្ន, វឿននិង សេរី វុធ។ បន្ទាប់ពីហ្វឹកហាត់ខាងផ្នែកយោធាបានប្រហែល៦ខែ ហ៊ាន ត្រូវបាន យី រ័ត្ន បញ្ជូនបន្តឲ្យទៅរៀនយុទ្ធសាស្រ្តខាងវាយប្រយុទ្ធនៅបាភ្នំ រយៈពេល៦ខែបន្ថែមទៀត។ បន្ទាប់ពីហ្វឹកហាត់ចប់ ហ៊ាន ត្រូវបានបញ្ចូលជាមួយកងវរតំបន់២២ (កងពិសេស) ង ២៥២ ដែលមានតួនាទីជាប្រធានកងអនុសេនាតូច គ្រប់គ្រងកងទ័ពចំនួន៣០នាក់ ដែលគ្រប់គ្រងធំដោយ តាឌឹម, តាស៊ីមនិងតាសំ។
បន្ទាប់មក តាឌឹម បានបញ្ជាឲ្យ ហ៊ាន រៀបចំកម្លាំងដើម្បីទៅវាយជាមួយកងទ័ព លន់ នល់ ដែលបោះទីតាំងឈរជើងនៅ វាលពោធិ៍ចុងព្រែកលួង ដែលស្ថិតនៅក្រុងអរិយក្សត្រ ខេត្តកណ្ដាល។ បន្ទាប់ពីវាយរំដោះបានវាលពោធិ៍ចុងព្រែកលួង ហ៊ាន បានដឹកនាំកម្លាំងបន្តវាយចូលក្រុងអរិយក្សត្រ រហូតរំដោះបានក្រុងអរិយក្សត្រ។ លុះដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥ ហ៊ាន បានដឹកនាំកម្លាំងចេញពីក្រុងអរិយក្សត្រ ដោយធ្វើដំណើរតាមនាវាចម្បាំង (VP) ដើម្បីឆ្លងទៅវាយរំដោះនៅកោះឧកញ៉ាតីបន្ថែមទៀត។ នៅវេលាម៉ោង០៩:២០នាទីយប់ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥ ហ៊ាន វាយរំដោះ និងកាន់កាប់បានកោះឧកញ៉ាតីទាំងស្រុង។
លុះដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ហ៊ាន បានដឹកនាំកម្លាំងវាយសម្រុកចូលបន្ទាយកៀនឃ្លាំង ដែលមានទីតាំងនៅក្បែរវត្តភ្នំ ហើយបានបន្តវាយទៅតាមវត្តភ្នំ រហូតកាន់កាប់បានផ្សារថ្មី, ផ្សារចាស់ និងផ្សារកណ្ដាល សម្រាប់បោះទីតាំងឈរជើង។ បន្ទាប់ពីរំដោះភ្នំពេញបានរយៈពេលមួយសប្តាហ៍ កងវរតំបន់២២ទាំងអស់ ត្រូវបាន តា ឌឹម ផ្លាស់ចេញពីទីក្រុងភ្នំពេញ បញ្ជូនឲ្យទៅនៅក្រុងព្រះសីហនុ។ ពេលធ្វើដំណើរចូលមកដល់ក្រុងព្រះសីហនុកងវរតំបន់២២ ត្រូវបានរំលាយបញ្ចូលជាកងពលទី៣ ដើម្បីបង្កើតជាកងពលធំលេខ១៦៤ ដែលគ្រប់គ្រងដោយ មាស មុត។
បន្ទាប់មកកងពលធំលេខ ១៦៤ បានបំបែកជា៤កងពលតូច៖ កងពលទី១ កងពលទី២ កងពលទី៣ និងកងពលលេខ៤៤។ ពេលនោះ ហ៊ាន ត្រូវបានបំបែងពីកងពលធំឲ្យទៅចូលរួមជាមួយកងពលទី៣ វរសេនាតូច៤២។ ពេលផ្លាស់មកនៅក្នុងកងវរសេនាតូច៤២ ហ៊ាន ត្រូវបាន មាស មុត ដកចេញពីប្រធានកងអនុសេនាតូច ឲ្យមកធ្វើជាយុទ្ធជនវិញម្ដង ដោយមានតួនាទីជាសមាជិកបើកបរនាវាចម្បាំង០២ ការពារដែនសមុទ្រ និងការពារតាមដែនកោះ ដែលគ្រប់គ្រងដោយ តា ឡន (ប្រធាន) និងតា សំ (អនុប្រធាន)។ ហ៊ាន បាននិយាយបន្ត ពេលកំពុងបើកកប៉ាល់ល្បាតតាមដែនសមុទ្រដូចសព្វដង ហ៊ាន បានប្រទះឃើញទូកថៃមួយគ្រឿង បានបើកចូលមកដែនទឹកប្រទេសកម្ពុជា។
ពេលនោះ ហ៊ាន និងកងទ័ពរួមក្រុមជាមួយបានបើកកប៉ាល់យ៉ាងលឿនសំដៅទៅទូករបស់ថៃ ដើម្បីបណ្ដេញឲ្យចេញពីដែនទឹកកម្ពុជាប៉ុន្តែទូកនេសាទថៃដែលបើកចូលដែនទឹកកម្ពុជាគឺជាកប៉ាល់ចម្បាំងថៃ(ប៉េសេអុង) ដែលបានក្លែងបន្លំជាទូកនេសាទ ដើម្បីចូលមកឈ្លបយកការណ៍ក្នុងដែនទឹកកម្ពុជា។ បន្ទាប់មក កប៉ាល់ចម្បាំងថៃ(ប៉េសេអុង) បានបាញ់កប៉ាល់ល្បាតរបស់ក្រុម ហ៊ាន លិចអស់១គ្រឿង។ បន្ទាប់ពីដឹងថាជាកប៉ាល់ចម្បាំងថៃ ហ៊ាន បានទាក់ទងទៅខាងនាវាចម្បាំង០២ ដើម្បីឲ្យទៅទប់ទល់ជាមួយកប៉ាល់ចម្បាំងថៃ(ប៉េសេអុង) ហើយនាវាចម្បាំង០២បានឡោមព័ទ្ធ និងបាញ់ពន្លិចកប៉ាល់ចម្បាំងថៃអស់ចំនួន២គ្រឿង។
នៅឆ្នាំ១៩៧៨ កងទ័ពវៀតណាមសហការជាមួយកងទ័ពរណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជាបានវាយចូលមករំដោះក្រុងព្រះសីហនុ។ ពេលនោះ តា ឡន បានបញ្ជាកងទ័ពទាំងអស់រៀបចំកម្លាំង ដើម្បីចាំទប់ទល់ជាមួយកងទ័ពវៀតណាម និងកងទ័ពរណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជា។ ដោយឃើញកងទ័ពស្លាប់ និងរងរបួសជាច្រើននាក់ តា ឡន បានបញ្ជាកងទ័ពទាំងអស់ដកថយមកឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ បន្ទាប់ពីទប់ទល់ជាមួយកងទ័ពវៀតណាម និងកងទ័ពរណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជាអត់ឈ្នះ កងទ័ពភូមិភាគបូព៌ា ដែលដឹកនាំដោយ សោ ភឹម ត្រូវបានថ្នាក់លើចោទប្រកាន់ថាក្បត់ រួចចាប់យកទៅសម្លាប់ជាបន្តបន្ទាប់មានដូចជា សោ ភឹម, តាយ៉ាន, តាឌឹម និងតាង៉ែត ដែលសុទ្ធតែជាអ្នកគ្រប់គ្រងធំនៅក្នុងកងពល១៦៤។
បន្ទាប់ពីដកថយមករស់នៅស្រុកព្រៃនប់ បានរយៈពេល២ខែ កងទ័ពទាំងអស់ត្រូវបានផ្លាស់ចេញពីព្រៃនប់ បញ្ជូនទៅស្រែអំបិល ខេត្តកោះកុង ដើម្បីប្រមូលកម្លាំង និងបំពាក់អាវុធឲ្យកងទ័ពសារឡើងវិញ ដើម្បីទៅវាយជាមួយកងទ័ពវៀតណាមតាមផ្លូវជាតិលេខ៤ រហូតទៅដល់ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ពេលធ្វើដំណើរចូលមកដល់ស្រុកភ្នំស្រួច កងទ័ពភូមិភាគបូព៌ា ត្រូវបានថ្នាក់លើចោទប្រកាន់ថាក្បត់ម្ដងទៀត ហើយកងទ័ពទាំងអស់ត្រូវបានដកកាំភ្លើងចេញមិនឲ្យប្រើប្រាស់។ បន្ទាប់ពីដកកាំភ្លើងមិនឲ្យប្រើប្រាស់ ហ៊ាន បានសម្រេចចិត្តឈប់ពីកងទ័ព ហើយហ៊ាន និងប្រជាជនផ្សេងទៀតប្រហែល៥០០០នាក់ បានលួចរត់ចេញពីស្រុកភ្នំស្រួច សំដៅទៅភ្នំឱរ៉ាល់ ហើយបានបន្តធ្វើដំណើរចេញពីភ្នំឱរ៉ាល់ ដោយឆ្លងកាត់ភ្នំខ្មោច រហូតមកដល់ព្រំដែនថ្មដា ដែលមានព្រំប្រទល់ជាប់ខេត្តកោះកុង។
បន្ទាប់ពីស្នាក់នៅព្រំដែនថ្មដា បានរយៈពេល១ថ្ងៃ ហ៊ាន និងប្រជាជនទាំងអស់បានបន្តដំណើរចេញពីព្រំដែនថ្មដា ទៅរស់នៅជំរំ ខៅឡាង ដែលស្ថិតក្នុងទឹកដីថៃ។ នៅក្នុងខែតុលា ឆ្នាំ១៩៧៩ ហ៊ាន បានរៀបការមានប្រពន្ធ។ បន្ទាប់ពីរស់នៅជំរំ ខៅឡាង បានរយៈពេល៦ខែ ដោយមិនមានអាហារហូបចុកគ្រប់គ្រាន់ ហ៊ាន និងប្រពន្ធបានរត់ចេញពីជំរំត្រឡប់មករស់នៅព្រំដែនថ្មដាវិញ។ នៅឆ្នាំ១៩៨៨ កងទ័ពរដ្ឋាភិបាលកម្ពុជា បានដឹកនាំកម្លាំងជាច្រើនចូលមកវាយជាមួយកងទ័ពខ្មែរក្រហមនៅព្រំដែនថ្មដា ដោយឃើញសភាពការណ៍មិនស្រួល ហ៊ាន និងប្រពន្ធបានរត់ចេញពីព្រំដែនថ្មដា ទៅរស់នៅក្នុងដីថៃធ្វើជាកម្មករចៀរជ័រកៅស៊ូ។ បន្ទាប់ពីព្រំដែនថ្មដាមានសភាពស្ងប់ស្ងាត់ ហ៊ាន និងប្រពន្ធបានផ្លាស់ចេញពីទឹកដីថៃ ទៅធ្វើកម្មករចុះទូកនេសាទ ដែលស្ថិតនៅក្នុង ខេត្តកោះកុង។ នៅឆ្នាំ២០០៤ ដោយសារតែការនេសាទមិនសូវបានគ្រួសារមានជីវភាពខ្វះខាត ហ៊ាន និងប្រពន្ធបានផ្លាស់មករស់នៅព្រំដែនដាវិញ ដោយប្រកបរបរធ្វើចម្ការរហូតមកដល់សព្វថ្ងៃ៕
អត្ថបទដោយ ចាន់ ណារិទ្ធ