ជាប់គុកខ្មែរក្រហមក្រោយបញ្ជូនពីប្រទេសសៀម

ថង ឡៃ ត្រូវបានប្រទេសសៀមបញ្ជូនមកឲ្យប្រទេសខ្មែរវិញនៅអំឡុងឆ្នាំ១៩៧៦ ហើយខ្មែរក្រហមបាននាំគាត់ទៅឃុំនៅគុកទួលស្លែង។ ខាងក្រោមនេះជាការរៀបរាប់របស់ យិន ឡែ[1] អាយុ៧៥ឆ្នាំ ត្រូវជាម្តាយ រស់នៅភូមិធ្មេញត្រី ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបានថ្លែងថាគ្មានសំណងអ្វីមានតម្លៃស្មើនឹងការបាត់បង់ជីវិតកូននោះទេ។
ឡៃ អាយុ ២០ឆ្នាំ (ឆ្នាំ១៩៧៦)[2] មានឪពុកឈ្មោះ ថង (ស្លាប់សម័យខ្មែរក្រហម) និងមានបងប្អូនចំនួនប្រាំពីរនាក់៖ ទី១ ថង សុខន, ទី២ ថង ឡៃ (ម្ចាស់ប្រវត្តិរូប), ទី៣ ថង រ៉ន, ទី៤ ថង សាវិន, ទី៥ ថង សាវុន, ទី៦ ថង សាវ៉ង និងទី៧ ថង ចាន់ថា។ ឡៃ រៀនបានត្រឹមថ្នាក់ទី២ (សង្គមចាស់) នៅសាលាស្ថិតក្នុងវត្តសំរោង។ នៅពេលឈប់រៀន ឡៃ បានមកជួយធ្វើស្រែឪពុកម្តាយ និងបានរៀបការជាមួយប្រពន្ធឈ្មោះ ប្រាជ្ញ។ នៅដើម ឆ្នាំ១៩៧៥ ឡៃ បានស្ម័គ្រចិត្តចូលធ្វើទាហានរបប លន់ នល់ បានរយៈពេលខ្លីក៏ត្រូវបានម្តាយបង្ខំឲ្យឈប់។
នៅខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានចូលកាន់កាប់ស្រុកកំណើតរបស់ឡៃ និងបានបង្ខំឲ្យប្រជាជនទំាងអស់ទៅរស់នៅរួមតាមសហករណ៍ និងទៅធ្វើការងារនៅការដ្ឋាន ដែលអង្គការរៀបចំដោយបានបំបាត់ចោលនូវកម្មសិទ្ធិឯកជនទាំងអស់របស់ប្រជាជន។ នៅចុងឆ្នាំ១៩៧៥ ឡៃ បានចាកចោលប្រពន្ធ និងគ្រួសារដោយសម្រេចចិត្តរត់ភៀសខ្លួនទៅប្រទេសសៀមដោយសារតែខ្លាចអ្នកភូមិរាយការណ៍ប្រាប់កងឈ្លបខ្មែរក្រហមថាគាត់ជាអតីតទាហាន លន់ នល់។ ម្យ៉ាងវិញទៀតនៅពេលនោះមានយុវជនជាច្រើនបានរត់ទៅប្រទេសសៀមព្រោះមិនអាចទ្រំាធ្វើការងារធ្ងន់, គ្មានអាហារហូបគ្រប់គ្រាន់ និងការកាប់សម្លាប់របស់ខ្មែរក្រហម។
ម្តាយរបស់ឡៃ ចាំបានថាពេលរត់ទៅប្រទេសសៀម នៅពេលនោះ ឡៃ បានរត់ទៅជាមួយយុវជនឈ្មោះហាំ, អតីតមេឃុំសំរោងឈ្មោះសាប់ និងយុវជនផ្សេងទៀត។ ឡៃ ពេលទៅដល់ប្រទេសសៀមបានប្រកបការងារជាជាងសាងសង់ផ្ទះជាមួយឪពុកមា[3] ជាមេជាងម៉ៅការធ្វើផ្ទះនៅប្រទេសសៀម។ នៅប្រទេសសៀមបានប្រមាណមួយឆ្នាំម្តាយរបស់ឡៃ ទទួលដំណឹងថារបបខ្មែរក្រហមបានស្នើឲ្យអាជ្ញាធរសៀមបញ្ជូនប្រជាជនខ្មែរទាំងអស់រួមទាំង ឡៃ មកស្រុកខ្មែរវិញ។ តម្រួតសៀមបានប្រាប់ ឡៃ និងប្រជាជនថាត្រូវទៅប្រជុំរយៈពេលខ្លីនៅប្រទេសខ្មែរដោយមិនចាំបាច់យកទ្រព្យសម្បត្តិ និងសម្ភារទៅច្រើននោះទេ។ ម្តាយរបស់ឡៃ ទទួលដំណឹងតាមអ្នកស្គាល់ប្រាប់ថា ឡៃ, មេឃុំសាប់ និងយុវជនផ្សេងទៀតត្រូវបានបញ្ជូនមកឲ្យខ្មែរក្រហមទាំងអស់។ ចាប់ពីពេលនោះម្តាយរបស់ឡៃ បានបាត់ដំណឹងកូន និងមិនដឹងថាខ្មែរក្រហមបញ្ជូនកូនទៅទីណានោះទេ។ ម្តាយរបស់ឡៃ គិតថាកូនរបស់គាត់ត្រូវបានសម្លាប់ពេលបញ្ជូនមកដល់ប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៧៦។
បើយោងតាមឯកសារប្រវត្តិរូប I09189 ថង ឡៃ (លេខសម្គាល់២៤) មានអាយុ២០ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ១៩៧៦ និងបានឃុំខ្លួននៅផ្ទះឃ, បន្ទប់ធំ៣ បន្ទប់តូច១០។ ឡៃ មានស្រុកកំណើតនៅភូមិបត់ត្រង់ ឃុំសំរោង ស្រុកសេរីសោភ័ណ ខេត្តបាត់ដំបង (បច្ចុប្បន្នខេត្តបន្ទាយមានជ័យ) ហើយ ឡៃ ធ្លាប់ជាសមាជិកសេរីកា មុនពេលចាប់ខ្លួន[4]។
ក្នុងរបបខែ្មរក្រហមម្តាយរបស់ឡៃ បានជួបការលំបាកត្រូវធ្វើការងារធ្ងន់ដូចអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដទៃទៀតដែរ។ គាត់ត្រូវស្ថិតក្នុងកម្លាំងស្រួចទីមួយរបស់ការដ្ឋានការងារ។ នៅរដូវវស្សាគាត់ត្រូវធ្វើស្រែដក, ស្ទូងសំណាប និងនៅរដូវប្រាំងត្រូវទៅជីករែកដីសាងសង់ទំនប់, ប្រឡាយ។ ទោះជាធ្វើការងារធ្ងន់ក៏គាត់ទទួលបានរបបអាហារមិនគ្រប់គ្រាន់ និងពេលមានជំងឺក៏មិនហ៊ានសុំច្បាប់សម្រាកដែរខ្លាចអង្គការមិនផ្តល់របបអាហារ ឬនាំទៅសម្លាប់។ ម្តាយរបស់ឡៃ ពេលសម្ភាសប្រាប់ថាសព្វថ្ងៃគាត់មានជំងឺឈឺចង្កេះ ហើយត្រូវប្រើឈើច្រត់ជាជំនួយពេលធ្វើដំណើរ។ ម្តាយនិយាយថាបើកូននៅមានជីវិត ពេលនេះអាចជួយសម្រាលជីវភាព និងបន្ទុកកម្លាំងការងារបានច្រើនព្រោះ ឡៃ ជាក្មេងឧស្សាហ៍ធ្វើការងារតាំងពីក្មេង។ សព្វថ្ងៃពេលមានពិធីបុណ្យទានម្តាយតែងតែឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធកូន។ ទោះបីជារបបខ្មែរក្រហមបានកន្លងទៅយូរហើយក៏ដោយក៏ម្តាយនៅតែសោកស្តាយពីការបាត់បង់ជីវិតរបស់កូន៕
អត្ថបទដោយ អេង សុខម៉េង
[1] ឯកសារ BMI0001, បទសម្ភាសរបស់ឡុង ដានី ជាមួយ ឈ្មោះ យិន ឡែ ត្រូវជាម្តាយរបស់ ថង ឡៃ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០០៦ នៅភូមិធ្មេញត្រី ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ, ឯកសារតម្កល់ទុកនៅមជ្ឈមណ្ឌលឯកសារកម្ពុជា។
[2] ឯកសារលេខ I09189, ឯកសារប្រវត្តិរូបអ្នកទោសជាប់ឃុំរបស់ឈ្មោះ ថង ឡៃ អាយុ ២០ឆ្នាំ, ឯកសារតម្កល់ទុកនៅមជ្ឈមណ្ឌលឯកសារកម្ពុជា។
[3] ឪពុកមារបស់ឡៃ មានឈ្មោះ ថៃ ទៅរស់នៅប្រទេសសៀមតាំងពីរបប លន់ នល់ និងបានស្លាប់ក្រោយ ឆ្នាំ១៩៧៩ នៅស្រុកសេរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ។
[4] ដូចខាងលើ។