ឆេង សាន់៖ បញ្ជូនទៅអប់រំ ព្រោះមានបងប្អូនជាអតីតទាហាន លន់ នល់

ឆេង សាន់ អាយុ៦៨ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ សាន់ មានស្រុកកំណើតនៅភូមិច្បារមន ឃុំកុមារជា ស្រុកបាទី ខេត្តតាកែវ។ កាលពីកុមារ សាន់ បានរៀនបន្តិចបន្តួចនៅក្នុងសាលារៀន និងចេះសរសេរស្រៈ និងព្យញ្ជនៈ។ នៅក្នុងសម័យខ្មែរក្រហម សាន់ មិនបានរស់នៅជាមួយម្ដាយឪពុកនោះទេ អង្គការបានបញ្ជូនគាត់ទៅរស់នៅក្នុងកងចល័តនារី និងធ្វើការងារជីកព្រែក លើកប្រឡាយ ជាមួយមិត្តនារីផ្សេងទៀត។

ក្រោយមក អង្គការបានស៊ើបដឹងថា សាន់​ មានបងប្អូនធ្វើជាទាហាន លន់ នល់ ទើបបញ្ជូនគាត់ទៅអប់រំនៅមន្ទីរព្រៃក្ដួច។ នៅព្រៃក្ដួច អង្គការបានចាត់តាំង សាន់ ឲ្យធ្វើការងារដកព្រលិតពីក្នុងស្រះ យកទៅស្ល នៅក្នុងរោងបាយ។ ការងារដកព្រលិត គឺមិនងាយស្រួលទេសម្រាប់សាន់ ព្រោះគាត់ខ្លាចឈ្លើងធំៗជាច្រើនដែលនៅក្នុងស្រះទឹក រហូតដល់គិតថាខ្លួនឯងស្លាប់ក្នុងពេលនោះ។ បន្ទាប់មក អង្គការបានបញ្ជូន សាន់ ឲ្យទៅភ្នំខ្លែង ដើម្បីធ្វើការងារវាយថ្មល្អិតធ្វើថ្នល់។ នៅពេលវាយថ្ម សាន់ ត្រូវធ្វើការងារឲ្យគ្រប់តាមចំនួនអង្គការកំណត់ បើមិនដូច្នេះទេ គាត់មិនទទួលបានរបបអាហារនោះទេ។ ក្រៅពីការងារខាងលើ អង្គការបានបញ្ជូន សាន់ ទៅកៀនស្វាយស្ថិតនៅខាងកើតភ្នំពេញ ដើម្បីធ្វើការងាររែកលាមកមនុស្សលាយជាមួយអាចម៍គោ យកទៅជ្រលក់សំណាបស្ទូង និងចុងក្រោយ គាត់ត្រូវ​ទៅធ្វើការនៅភ្នំមួយទៀតជិតខេត្តកំពត។

នៅខែមករា នៅឆ្នាំ១៩៧៩ បន្ទាប់ពីមានកងទ័ពរំដោះចូលមកជួយ សាន់ បានធ្វើដំណើរដោយថ្មើរជើងត្រលប់មកផ្ទះវិញ។ នៅតាមផ្លូវធ្វើដំណើរ មានមនុស្សទៅដណ្ដើមយកស្បែកជើងដែលគាត់កំពុងពាក់ និងបានធ្វើឲ្យ សាន់ ហើមជើង ដោយសារតែដើរជើងទទេ។ ពេលមកដល់ផ្ទះ សាន់ បានជួបជាមួយឪពុកម្ដាយវិញ និងចាប់ផ្ដើមធ្វើស្រែដើម្បីចិញ្ចឹមជីវិត។ ក្រោយមកដោយសារតែជីវភាពខ្វះខាត សាន់ ត្រូវដើរស៊ីឈ្នួលច្រូតស្រូវរហូតដល់ស្រុកព្រៃកប្បាស។ នៅស្រុកព្រៃកប្បាស សាន់ បានជួបជាមួយស្វាមីរបស់គាត់ និងរស់នៅទីនោះបន្ទាប់ពីរៀបការរួច។

នៅពេលផ្ដល់បទសម្ភាសដល់អ្នកស្ម័គ្រចិត្ត សាន់ មានកូនចំនួន៥នាក់ ហើយកូន​ចំនួន៤នាក់បានរៀបការរួច។ សាន់ បានយករឿងរ៉ាវដែលគាត់បានឆ្លងកាត់សម័យខ្មែរក្រហមប្រាប់ទៅកូនចៅ

អត្ថបទដោយ៖ ភា រស្មី

សម្ភាសដោយ៖ គ្រី ភាព ថ្ងៃទី១១ ខែសីហា ២០២១

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin