ខ្មែរក្រហមបង្ខំឲ្យធ្វើការរហូតដល់ពិការភ្នែក

វ៉ិត ស្រី រស់នៅភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល (២០២១)

(កណ្ដាល)៖ វ៉ិត ស្រី ភេទស្រី មានអាយុ ៦០ឆ្នាំ និងរស់នៅភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ ស្រី មានទីកន្លែងកំណើតនៅសង្កាត់ទួលទំពូង ក្រុងភ្នំពេញ ដោយមានឪពុក និងបងស្រីធ្វើជាពេទ្យ។

នៅឆ្នាំ១៩៧០ ស្រី បានចូលរៀននៅសាលាទួលស្លែង នៅអាយុ ៦ឆ្នាំ។ ក្រៅពីម៉ោងសិក្សា ស្រី បានដើរលក់នំកង និងនំក្រូច។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមដែលចូលកាន់កាប់ទីក្រុងភ្នំពេញ បានជម្លៀសគ្រួសារស្រីត្រលប់មកស្រុកកំណើតឪពុកម្ដាយរបស់គាត់នៅឯស្រុកស្អាង។ នៅពេលធ្វើដំណើរ គ្រួសារស្រីមានតែកង់មួយ និងឆ្នាំងបាយមួយប៉ុណ្ណោះ។ នៅតាមផ្លូវ ស្រី ចងចាំថា គ្រួសារគាត់គ្មានទីកន្លែងសម្រាកនោះទេ។ ដូច្នេះ ឪពុកម្ដាយគាត់ បានសុំស្នាក់នៅផ្ទះជាមួយប្រជាជនដទៃ។

នៅពេលមកដល់ភូមិអូររំចេក ខ្មែរក្រហមបានចាត់ទុកគ្រួសារស្រីជាប្រជាជន១៧មេសា។ ស្រី ត្រូវធ្វើការក្នុងអង្គភាពនារី នៅភូមិទួលក្រសាំង នៃវរលេខ១៣០ ដោយត្រូវរែកដី និងធ្វើជីលាមក រហូតដល់គាត់មានជំងឺភ្នែកក្រហម។ នៅពេលមានជំងឺ ខ្មែរក្រហមចោទគាត់ថា មានជំងឺសតិអារម្មណ៍ ហើយគាត់នៅតែត្រូវបន្តរែកដី រហូតដល់ពិការភ្នែកទាំងសងខាងនៅចុងឆ្នាំ១៩៧៥។

ពីឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៧៨ ស្រី ត្រូវមើលក្មេងនៅតាមរោងកុមារ និងសម្អាតរោងបាយទាំងពិការភ្នែក។ នៅទីនោះ ស្រី ទទួលបានបបរបីវែកតូចសម្រាប់ហូបក្នុងមួយពេល។ ស្រី និយាយថា សម្លត្រកួនមួយចាន គឺសម្រាប់មនុស្សដប់នាក់ហូប។ ដោយសារហូបចុកមិនគ្រប់គ្រាន់ ម្ដាយរបស់ស្រី ដែលធ្វើការនៅរោងបាយ តែងតែលួចអង្ករ មកដាំក្នុងកំសៀវទឹកទុកឲ្យគាត់ហូប។ ស្រី ចងចាំថានៅពេលនោះ ម្ដាយគាត់រស់នៅក្នុងផ្ទះតូចមួយធ្វើពីឫស្សី ដែលមានកាំជណ្តើរតែបីកាំប៉ុណ្ណោះ។ នៅពេលកងឈ្លបសួរ ម្ដាយគាត់ថាកំពុងដាំទឹក។ នៅរបបខ្មែរក្រហម អ្នកដែលលួចហូប នឹងត្រូវកងឈ្លបចោទថាហូបបែបឯកជន ឬក្បត់អង្គការ ដែលអាចត្រូវយកទៅកសាង។

ក្រោយមក បន្ទាប់ពីខ្មែរក្រហម​ដឹងពីប្រវត្តិរបស់ឪពុក និងបងស្រីគាត់ អ្នកទាំងពីរត្រូវបានខ្មែរក្រហមនាំយកទៅសម្លាប់។ ឪពុករបស់គាត់ ត្រូវបានខ្មែរក្រហមហៅទៅជួសជុលផ្ទះ ចំណែកបងស្រីរបស់គាត់ ត្រូវបានហៅទៅដាំស្ល នៅវរលេខ២៩។ ចំណែក ប្អូនស្រីរបស់​គាត់ម្នាក់ទៀត មានជំងឺរហូតដល់ស្លាប់។

នៅឆ្នាំ១៩៧៩ ស្រី និងម្ដាយ បានត្រលប់មកភូមិអូររំចេក និងធ្វើស្រែចម្ការ។ នៅឆ្នាំ១៩៨៥ ស្រី បានរៀបការនិងមានកូនម្នាក់។ ជាចុងក្រោយ ស្រី នៅតែមានភាពឈឺចាប់ និងមិនចង់ឲ្យរបបខ្មែរក្រហមកើតឡើងម្តងទៀតនោះឡើយ៕

សម្ភាសដោយ ឌី ស៊ូម៉េង ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin