ខ្ញុំស្ទើរតែស្លាប់ដោយសារដីបាក់សង្កត់

(ខេត្តស្វាយរៀង) គឹម រ៉េត អាយុ ៦៧ ឆ្នាំ មានស្រុកកំណើតនៅភូមិក្រាំងលាវ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ រ៉េត មានឪពុកឈ្មោះ គឹម ហោ និងម្តាយឈ្មោះ រ័ត្ន អ៊ុច ហើយគាត់ជាកូនទី២ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៨ នាក់ ក្នុងនោះស្រី ៣ នាក់។ កាលពីកុមារភាព រ៉េត រៀនសូត្របានត្រឹមថ្នាក់ទី៣ ក្នុងរបបសង្គមរាស្ត្រនិយម។

រ៉េត បានរៀបរាប់ថា នៅឆ្នាំ១៩៧០ ឧត្តមសេនីយ៍ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ និងបានបង្កើតរបបថ្មីមួយឈ្មោះថារបប លន់ នល់។ នៅពេលនោះ ប្រទេសកម្ពុជាចាប់ផ្តើមមានសង្គ្រាម និងការប្រយុទ្ធគ្នា។ ដោយសារភាពភ័យខ្លាចគ្រាប់ផ្លោង រ៉េត បានរត់ភៀសខ្លួនជាញឹកញាប់ចេញពីផ្ទះសម្បែង ទៅរស់នៅតាមព្រៃឬតាមវាលស្រែ រហូតដល់របប លន់ នល់ ដួលរលំ។ ក្នុងអំឡុងពេលនោះ ការហូបចុកក៏មិនសូវខ្វះខាតទេព្រោះគាត់ និងសមាជិកគ្រួសារអាចធ្វើស្រែចម្ការបានម្តងម្កាលដែរ។ ពេលខ្លះ រ៉េត សុំបាយអ្នកស្គាល់គ្នាហូប។

ក្រោយមក ប្រទេសកម្ពុជាបានឈានចូលដល់របបមួយទៀត គឺរបបខ្មែរក្រហម។ នៅពេលនោះឈ្លប និងមេភូមិបានប្រមូលមាស ប្រាក់ លុយកាក់ ទ្រព្យសម្បត្តិ គោ ក្របី ស្រូវ អង្ករ ចាន ឆ្នាំង និងសម្ភារផ្សេងៗរបស់ប្រជាជនយកទៅដាក់ជាទ្រព្យរួមនៅក្នុងសហករណ៍។ បន្ទាប់មក រ៉េត ត្រូវបានអង្គការចាត់តាំងឱ្យទៅជីកប្រឡាយជាក្រុម។ ក្នុងមួយក្រុមមានសមាជិកចំនួន ១៥ នាក់។ រ៉េត បានរំឭកថា អ្នកជីកប្រឡាយខ្លះត្រូវដីបាក់សង្កត់ស្លាប់ ហើយសាកសពត្រូវបានយកចេញពីកន្លែងធ្វើការ។ រ៉េត និយាយថា ខ្ញុំស្ទើរត្រូវដីប្រឡាយសង្កត់ស្លាប់ដូចកងចល័តផ្សេងទៀត។ ចំពោះការជីក​ប្រឡាយ អង្គការកំណត់ឱ្យមនុស្សម្នាក់ៗជីកឱ្យបានប្រវែង ៥ ម៉ែត្រក្នុងមួយថ្ងៃ។ ថ្ងៃខ្លះ រ៉េត អាចបំពេញការងារបានតាមផែនការ ប៉ុន្តែថ្ងៃខ្លះក៏មិនអាចបញ្ចប់បានដែរក៏ត្រូវបានមេកងស្តីបន្ទោស។ ប្រឡាយត្រូវជីកឱ្យត្រង់ និងតាមទំហំដែលអង្គការបានកំណត់។ ប្រសិនបើមិនត្រឹមត្រូវ កងចល័តត្រូវធ្វើសាជាថ្មី។ ចំពោះការលើកប្រព័ន្ធភ្លឺស្រែវិញ រ៉េត បានរៀបរាប់ថា ការងារត្រូវធ្វើជាក្រុម រហូតដល់តំបន់ស្រុករមាសហែក។ ក្នុងមួយថ្ងៃ មនុស្សម្នាក់ៗត្រូវលើកដីប្រវែងប្រមាណ ៥ ម៉ែត្រ ទទឹង ១,២ ម៉ែត្រ និងកម្ពស់ ០,៥ ម៉ែត្រ។ រ៉េត បានបញ្ជាក់ថា គាត់ខិតខំធ្វើការងារឱ្យបានរួចរាល់តាមផែនការ ដោយសារភ័យខ្លាចមេកងដាក់ទោស។ ចំពោះរបបអាហារវិញ រ៉េត បានបញ្ជាក់ថា ក្នុងមួយថ្ងៃ អង្គការអនុញ្ញាតឱ្យហូបតែពីរពេលប៉ុណ្ណោះ គឺពេលថ្ងៃ និងពេលល្ងាច។ ក្នុងមួយពេលៗ មនុស្សម្នាក់ទទួលបានបាយឬបបរមួយកូនចាន ជាមួយសម្លត្រកួន ឬដើមចេក។ អាហារខ្វះខាត ប៉ុន្តែប្រជាជនត្រូវតែស៊ូទ្រាំធ្វើការងារទោះបីជាគ្មានកម្លាំងគ្រប់គ្រាន់។

រ៉េត បានរំឭកថា នៅពេលហូបអាហារ អ្នកទទួលខុសត្រូវនៅរោងបាយតែងសួរថា ហូបឆ្អែតឬទេ។ ទោះបីហូបមិនឆ្អែត ប៉ុន្តែគាត់ និងសមាជិកកងចល័តតែងឆ្លើយថា ឆ្អែតដោយសារភ័យខ្លាចមានទោស ប្រសិនបើហ៊ានត្អូញត្អែរ។ នៅរដូវប្រមូលទិន្នផលស្រូវ សមាជិកកងចល័តត្រូវច្រូតស្រូវ បោកបែន និងបុកស្រូវឱ្យបានស្អាតយកទៅទុកនៅឃ្លាំងរួម។ រ៉េត បានបញ្ជាក់ថា ប្រជាជនមិនត្រូវបានអនុញ្ញាតឱ្យលួចអង្ករយកទៅដាំបាយហូបដោយខ្លួនឯងឡើយ បើអង្គការដឹងនឹងត្រូវទទួលទោស។ រ៉េត បានរៀបរាប់ថា គាត់ធ្លាប់ប្រឈមនឹងការយកទៅសម្លាប់ចំនួនបីលើក។ លើកទីមួយ នៅពេលទៅដងទឹក គាត់បានឃើញជនជាតិវៀតណាមកំពុងចងសន្ទូច ហើយក្រោយមកបាននិយាយប្រាប់អ្នកដទៃពីអ្វីដែលខ្លួនបានឃើញ។ លើកទីពីរ រ៉េត បាននិយាយជាមួយអ្នកដទៃអំពីភាពខ្វះខាតនៃអាហារ ដោយប្រៀបធៀបថា ក្រុមមួយហូបឆ្អែត ខណៈក្រុមរបស់គាត់ហូបមិនឆ្អែត។ និងលើកទីបី រ៉េត បានឃើញមនុស្សម្នាក់ត្រូវបានចងភ្ជាប់នឹងឈើឆ្កាង និងត្រូវវះទ្រូង។ ដោយសារការភ័យតក់ស្លុត គាត់បានភ្លាត់មាត់និយាយពីអ្វីដែលខ្លួនបានឃើញ។ ក្រោយមក រ៉េត ត្រូវបានព្រមានថា ប្រសិនបើនៅតែនិយាយពីហេតុការណ៍អីចឹងម្តងទៀតនឹងត្រូវយកទៅសម្លាប់។

នៅចុងឆ្នាំ១៩៧៨ រ៉េត ត្រូវបានជម្លៀសទៅដល់តំបន់ទួលល្ហុង។ នៅទីនោះ គាត់បានជួបកងទ័ពរណសិរ្សរំដោះ និងកងទ័ពវៀតណាម ព្រមទាំងទទួលដំណឹងថា ប្រទេសកម្ពុជាត្រូវបានរំដោះហើយ ប្រជាជនអាចវិលត្រឡប់ទៅស្រុកកំណើតវិញបាន។ បន្ទាប់មក រ៉េត បានធ្វើដំណើរត្រឡប់មកផ្ទះ និងចាប់ផ្តើមបង្កបង្កើនផលស្រូវ ដើម្បីចិញ្ចឹមជីវិតរហូតមកដល់សព្វថ្ងៃ។ បច្ចុប្បន្ន រ៉េត មានជំងឺប្រចាំកាយ រួមមានជំងឺលើសសម្ពាធឈាម ជាតិស្ករក្នុងឈាមខ្ពស់ និងជំងឺក្រពះពោះវៀន៕

សម្ភាសន៍ដោយ ផាត សែនពិសិដ្ឋ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin