ខ្មែរក្រហមសម្លាប់មនុស្សដោយគ្មានកំហុស

(ខេត្តស្វាយរៀង) សោម សាកន អាយុ ៥៦ ឆ្នាំ មានស្រុកកំណើតនៅភូមិបែកចាន ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង ហើយបច្ចុប្បន្នរស់នៅភូមិក្បាលក្រពើ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ សាកន មានឪពុកឈ្មោះ សោម សយ និងម្តាយឈ្មោះ អ៊ុន ឡាយ ហើយគាត់គឺជាកូនទី២ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៧ នាក់។ កាលពីកុមារ​ភាពគាត់រៀនសូត្របានត្រឹមថ្នាក់អក្ខរកម្ម។

រឿងរ៉ាវដែល សាកន មិនអាចបំភ្លេចបានក្នុងខ្មែរក្រហមគឺការបង្ខំឱ្យធ្វើការងារលំបាកហួសកម្លាំង។ កាលនោះ សាកន ត្រូវប្រធានកងប្រើឱ្យកើបអាចម៍គោ អាចម៍ក្របី និងលាមកមនុស្ស យកទៅធ្វើជាជីធម្មជាតិ។ លើសពីនេះ នៅរដូវវស្សា សាកន ត្រូវបានប្រធានកងតម្រូវឱ្យជីកប្រឡាយ លើកភ្លឺស្រែ និងធ្វើការងារផ្សេងៗទៀត​តាមការចាត់តាំង។ ទោះបីជាត្រូវធ្វើការងារធ្ងន់ធ្ងរប៉ុន្តែអាហារដែលទទួលបានគឺមានតែបបររាវ ចំនួន ២ វែក ក្នុង ១ថ្ងៃ។ នៅរបបខ្មែរក្រហមនៅពេលធ្វើដំណើរទៅធ្វើការ សាកន ធ្លាប់ឃើញសាកសពជាច្រើននៅតាមផ្លូវ។ បន្ថែមពីនេះ សាកន ធ្លាប់ឃើញការធ្វើទារុណកម្ម និងវាយដំ មនុស្ស នៅក្បែរគុម្ពឫស្សី។ សាកន និយាយថាការធ្វើទារុណកម្ម និងសម្លាប់មនុស្សកាលពីរបបខ្មែរក្រហម ត្រូវបានធ្វើឡើងដោយគ្មានការជំនុំជម្រះឬគិតគូរឡើយ បើទោះបីជាប្រជាជនទាំងនោះគ្មានកំហុសក៏ដោយ។ សាកន និងឪពុកម្តាយ ព្រមទាំងបងប្អូនទាំងអស់ត្រូវបានបំបែកឱ្យរស់នៅ និងធ្វើការផ្សេងៗពីគ្នា។

នៅឆ្នាំ១៩៧៨ សាកន ត្រូវបានអង្គការបង្ខំជម្លៀសទៅដល់ខេត្តព្រៃវែង ហើយនៅពេលប្រទេសជាតិត្រូវបានរំដោះ គាត់បានវិលត្រឡប់មកស្រុកកំណើតវិញ។ បច្ចុប្បន្ន សាកន មានជំងឺលើសសម្ពាធឈាម ជំងឺក្រពះពោះវៀន ឧស្សាហ៍ខ្សោយកម្លាំង ទន់ដៃទន់ជើង និងឈឺក្បាលវិលមុខ៕

សម្ភាសន៍ដោយ ផាត សែនពិសិដ្ឋ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

 

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin