ភឹម សម្បត្តិ៖ ធ្វើមិនឲ្យលើសផែនការ

ភឹម សម្បត្តិ រស់នៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល (២០២១)

(កណ្ដាល)៖ ភឹម សម្បត្តិ ភេទស្រី មានអាយុ ៦៣ឆ្នាំ។ សម្បត្តិ រស់នៅនិងមានភូមិកំណើតនៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ សម្បត្តិ មានឪពុកឈ្មោះ ញ៉ែម ភឹម,​ ម្ដាយឈ្មោះ ឡេ ភុក និងមានបងប្អូនចំនួន៥នាក់។ សម្បត្តិ មានប្តីឈ្មោះ ម៉ុម ប៉ែត និងមានកូនចំនួន៦នាក់ ក្នុងនោះមានស្រី៣នាក់។ សព្វថ្ងៃ សម្បត្តិ បន្តរស់នៅជាមួយប្តីដែលរៀបការដោយបង្ខំនៅអំឡុងរបបខ្មែរក្រហម។

នៅឆ្នាំ១៩៧០ សម្បត្តិ បានឈប់រៀនត្រឹមថ្នាក់ទី១០ នៅសាលាវត្តកោះ ហើយគាត់បានរត់គេចខ្លួនទៅរស់នៅភូមិបែកចាន។ នៅឆ្នាំ១៩៧៣ បន្ទាប់ពីមានការបាញ់ផ្លោងដែលបណ្ដាលឲ្យឪពុករបស់សម្បតិ្តស្លាប់ សម្បត្តិ បានទៅរស់នៅស្រុកកណ្ដាលស្ទឹង ក្នុងតំបន់ដែលគ្រប់គ្រងដោយខ្មែរក្រហម។ សម្បត្តិ និយាយថា “ស្លាប់ឪពុក ស្លាប់ពូ” ដោយសារគ្រាប់ផ្លោង។ សម្បតិ្ត បន្ដថា “លំបាកពេក ខ្ញុំក៏រត់ទៅតំបន់រំដោះ”។ សម្បត្តិ ក៏បានទៅធ្វើស្រែនៅក្នុងកងអង្គភាព។

នៅឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាចនៅទូទាំងប្រទេស ខ្មែរក្រហមបានចាត់ទុក សម្បត្តិ ជាប្រជាជនចាស់ និងបង្ខំឲ្យគាត់ត្រូវធ្វើការក្នុងកងស្រួចនៅម្តុំវត្តទ្រនំជ្រឹង។ នៅឆ្នាំ១៩៧៦ ខ្មែរក្រហមបានប្រាប់សម្បត្តិ ដែលកាលនោះមានអាយុ១៩ឆ្នាំថា គាត់ត្រូវបានអង្គការណែនាំឲ្យមានគ្រួសារ ហើយគាត់មិនអាចប្រកែកបានជាមួយអង្គការទេ។ នៅពេលនោះ សម្បត្តិ និយាយថា “អត់[ព្រម]ទេ អត់ដែលស្គាល់គ្នាទេ”។ ស្អែកឡើង ខ្មែរក្រហមបង្ខំឲ្យប្តីប្រពន្ធទាំងអស់ចំនួន១៣គូ រួមទាំងសម្បត្តិរៀបការក្នុងពេលតែមួយ។ បន្ទាប់ពីរៀបការរួចបានពីរសប្តាហ៍ សម្បត្តិ និងប្តីរបស់គាត់ត្រូវរស់នៅបែកគ្នា ដោយអ្នកទាំងពីរត្រូវទៅធ្វើការក្នុងកងរៀងៗខ្លួន។

សម្បត្តិ ត្រូវធ្វើការតាំងពីព្រលឹមទល់ព្រលប់ ដោយគាត់ត្រូវជីកប្រឡាយ និងលើកភ្លឺស្រែ។ ជួនកាល សម្បត្តិ ត្រូវទៅដកស្ទូងទាំងភ្លៀង និងបន្តធ្វើការទាំងយប់។ ក្នុងមួយថ្ងៃ សម្បត្តិ ទទួលបានរបបអាហារតែពីរពេលប៉ុណ្ណោះ គឺនៅពេលថ្ងៃត្រង់ និងពេលល្ងាច។ សម្បត្តិ និយាយថា បន្ទាប់ពីរដូវច្រូតកាត់រួច គាត់ទទួលបានបាយ។ ក្រៅពីរដូវនេះ គាត់ទទួលបានតែបបរ, ដំឡូងស្ងោរ ឬចេកស្ងោរប៉ុណ្ណោះ។

ក្រោយមក ខ្មែរក្រហមចាត់តាំង សម្បត្តិ ឲ្យធ្វើជាមេភូមិ និងត្រូវដឹកនាំប្រជាជនដកស្ទូងនៅភូមិបឹងធំ និងភូមិកំបូល។ នៅពេលថ្នាក់លើដាក់ផែនការឲ្យក្រុមរបស់សម្បត្តិ គាត់តែងតែប្រាប់សមាជិកក្រុមរបស់គាត់ធ្វើការមិនឲ្យលើសផែនការ ដោយគាត់និយាយថា “ដាក់ដប់ធ្វើប្រាំពីរទេ”។ សម្បត្តិ បន្តថា ធ្វើដូច្នេះ គឺគាត់មានបំណងជួយ និងយោគយល់ដល់សមាជិកក្រុមរបស់គាត់ ដែលត្រូវធ្វើការហួសកម្លាំង និងហូបចុកគ្រប់គ្រាន់។ សម្បត្តិ លើកឡើងថា នៅក្នុងភូមិដែលគាត់គ្រប់គ្រង គឺមានតែយាយអាយុ៩០ឆ្នាំម្នាក់ប៉ុណ្ណោះ ដែលស្លាប់នៅមន្ទីរពេទ្យឃុំដោយសារជំងឺ។

ដោយឡែកនៅភូមិផ្សេង យប់ឡើង សម្បត្តិ តែងតែឮសំឡេងមនុស្សស្រែកចេញពីបរិវេណវត្តស្ងួនពេជ្រ។ ក្រោយមក សម្បត្តិ ដឹងថាទីនោះ គឺជាមន្ទីរឃុំឃាំងអ្នកទោស។ ក្រៅពីនេះ បងស្រីរបស់សម្បត្តិ បានប្រាប់គាត់ថា នៅរបបខ្មែរក្រហម មេភូមិខ្មែរក្រហមបានបញ្ជូនបងថ្លៃរបស់គាត់ទៅធ្វើការកន្លែងផ្សេង ដើម្បីមានឱកាសរំលោភបំពានបងស្រីរបស់គាត់។ សម្បត្តិ បន្តថាបងស្រីរបស់គាត់ប្រាប់តែគាត់ម្នាក់ប៉ុណ្ណោះ។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ប្រជាជននៅក្នុងភូមិរបស់គាត់ នៅតែរាប់អានជាមួយសម្បត្តិ ពីព្រោះគាត់មិនបានធ្វើទង្វើអាក្រក់ដាក់ប្រជាជនដូចមេភូមិខ្មែរក្រហមដទៃទៀត៕

សម្ភាសដោយ​ ធន់ នាត ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin