ការងាររបស់កុមារប្រមូលផ្ដុំ

(តាកែវ) ហេង ធឿន អាយុ៥៨ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ធឿន គឺជាកសិករ រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ធឿន គឺជាប្រជាជនមូលដ្ឋាននៅភូមិព្រៃលៀប។

នៅក្នុងសហករណ៍ ធឿន មិនបានរស់នៅជាមួយឪពុកម្ដាយនោះទេ គាត់ត្រូវទៅរស់នៅក្នុងកងកុមារប្រមូលផ្ដុំតាអូរ។ ការងាររបស់កុមារប្រមូលផ្ដុំ មានដូចជា ការរែកកម្អួតភ្នំ យកមកចាក់ក្នុងស្រែម្ដុំឡស្លា(ខាងត្បូងភូមិ)។ បន្ថែមពីលើការងាររែកដី ធឿន កើបលាមក និងធ្វើជី។ នៅរដូវស្ទូងដក ធឿន ត្រូវជញ្ជូនកណ្ដាប់ឲ្យកងយុវជនស្ទូង។ ធឿន បានឲ្យដឹងថា គាត់ត្រូវធ្វើការងារជារៀងរាល់ថ្ងៃ​ បើទោះបីជាមានភ្លៀងធ្លាក់ខ្លាំងយ៉ាងណាក៏ដោយ។ ធឿន បានបន្តថា នៅពេលដែលរងាខ្លាំង  គាត់ត្រូវចុះត្រាំក្នុងទឹកត្រឹមក ដើម្បីកាត់បន្ថយភាពត្រជាក់។

ក្រោយមកទៀត អង្គការបានបញ្ជូនកងកុមារ ឲ្យទៅធ្វើការងារចល័តក្រៅភូមិ។ នៅកងចល័ត ធឿន ត្រូវចាំកណ្ដុរ និងចាបកុំឲ្យស៊ីស្រូវ នៅព្រៃក្ដួច ។ លើសពីនេះទៅទៀត នៅពេលដល់រដូវប្រមូលផល ធឿន បានចូលទៅជួយរែកកណ្ដាប់ស្រូវនៅតាមព្រំដែន។ បើតាមសម្ដីរបស់ ធឿន  នៅព្រំដែន គាត់ត្រូវធ្វើការងារទាំងយប់អាធ្រាត្រ ហើយពេលខ្លះត្រូវរត់គេចពីទាហានវៀតណាមទៀតផង។ នៅពេលដែលកងចល័តធ្វើការងារនៅពេលយប់ អង្គការបានទុកពេលឲ្យប្រជាជនសម្រាកនៅពេលព្រឹក និងចូលធ្វើការវិញបន្ទាប់ពីអាហារថ្ងៃត្រង់រួច។  មុនពេលចូលក្នុងសហករណ៍ ធឿន ត្រូវអង្គការប្រើឲ្យ រែកដីដំបូកឲ្យបាន ១៥ម៉ែត្រក្នុងមួយថ្ងៃ។ ពេលចូលក្នុងសហករណ៍វិញ ធឿនត្រូវ​អង្គការចាត់តាំងឲ្យធ្វើការងារនៅ រោងបាយ ក្នុងតួនាទីជាអ្នករត់តុអាហារ។

ចំពោះការរបបអាហារវិញ ធឿន បានឲ្យដឹងថា គាត់ទទួលបានបាយ ឬក៏បបរបន្តិចបន្តួចហូបជាមួយដំឡូងមី។ នៅពេល ធឿន ហូបមិនឆ្អែត គាត់បានលួចអំបិលរបស់អង្គការទៅហូបជាមួយស្លឹកថ្នឹងបន្ថែមទៀត។ ធឿន មិនហ៊ានលួចបាយ ឬក៏អ្វីផ្សេងៗរបស់អង្គការទៀតទេ ព្រោះខ្លាចអង្គការយកទៅសម្លាប់ចោល។ នៅក្នុងសម័យខ្មែរក្រហម ធឿន មានអាយុប្រមាណ ៧ ទៅ៨ឆ្នាំ។

សម្ភាសន៍ដោយ ៖ ទុយ ដារ៉ា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ៖ ភា រស្មី នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin