មិនចង់ឮសូម្បីតែឈ្មោះរបបនោះ

(តាកែវ)៖ ប៉ាន់ រី មានអាយុ៦៥ឆ្នាំ រស់នៅភូមិតាំងញាតិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។ បច្ចុប្បន្ននេះ រី មានបញ្ហាសុខភាពមួយចំនួនរួមមាន វិលមុខអស់កម្លាំង ខ្សោយបេះដូង ឈឺមួយចំហៀងខ្លួន លើសជាតិខ្លាញ់ និងលើសជាតិស្ករ។

នៅក្នុងសម័យខ្មែរក្រហម រី មានអាយុ១៨ឆ្នាំ។ ខ្មែរក្រហមបានចាត់ទុក រី និងគ្រួសាររបស់គាត់ជាប្រជាជនថ្មី ហើយបានបញ្ជូនគាត់ទៅកាន់តំបន់៥១ នៅពេជ្រនិល ក្នុងខេត្តកំពង់ស្ពឺ។ នៅក្នុងការបញ្ជូននេះ គេបានដឹកគាត់តាមរយៈឡានទាហាននាសម័យនោះ ដោយចេញដំណើរពីម៉ោង៣រសៀល រហូតដល់ម៉ោង១រំលងអាធ្រាត្រទើបទៅដល់ទីតាំង។ នៅពេលទៅដល់ទីនោះ រី បានរៀបរាប់ថាមានតែព្រៃស៊ុបទ្រុប ហើយពេលដើរទៅបានឃើញមានរណ្តៅគ្រាប់ប្លោងដែលបន្សល់ពីរបប លន់ នល់ ចំនួនមួយគ្រាប់។

រី ត្រូវបានខ្មែរក្រហមបញ្ជូនទៅពេជ្រនិលចំនួនពីរខែដើម្បីធ្វើជាកងចល័តសម្រាប់ដកស្ទូង និងធ្វើស្រែនៅទីនោះ។ អ្នកដែលទៅជាមួយគាត់មានខ្លះបានស្លាប់បាត់បង់ជីវិតដោយសារចាញ់ទឹកដី(តាមជំនឿរបស់អ្នកស្រុក) ព្រោះអ្នកទាំងនោះបានបេះបន្លែ និងផ្លែឈើព្រៃហូប ប៉ុន្តែសម្រាប់រូបគាត់មិនមានបញ្ហាអ្វីទេ។

នៅពេលត្រឡប់មកពីពេជ្រនិលវិញ ខ្មែរក្រហមបានបញ្ជូន រី ឱ្យចូលក្នុងកងចល័តដើម្បីជីកប្រឡាយដែលសព្វថ្ងៃមានឈ្មោះ ព្រែកត្រពាំងទន្លេ។ បន្ទាប់មក ខ្មែរក្រហមបានបញ្ជូនគាត់ទៅតំបន់ទន្លេបាទីដើម្បីជីកព្រែកបន្តទៀត។ រី បាននិយាយថា៖ «ការជីកព្រែកនេះ ខ្មែរក្រហមតម្រូវឱ្យជីកដោយប្រើដែកត្បែង ហើយស្ថានភាពដីគឺជាប្រភេទដីគ្រោះក្រហមដែលរឹង។ មានការពិបាកជីកខ្លាំងណាស់!»។ ការជីកព្រែកនេះខ្មែរក្រហមបានកំណត់ជីកក្នុងមួយថ្ងៃឱ្យបានប្រវែង១០ម៉ែត្រ ហើយប្រសិនបើជីកមិនបានគ្រប់គោលការណ៍ទេ គេនឹងដាក់ទោសឱ្យជីកបន្តទៀតទាល់តែហើយទើបបានសម្រាក។

រី បានបញ្ជាក់ថា មានពេលខ្លះការជីកនេះអូសបន្លាយដល់ពាក់កណ្តាលយប់ មិនត្រឹមតែប៉ុណ្ណោះគាត់ត្រូវធ្វើការទាំងគ្មានបាយហូបទាល់តែសោះ។ គាត់បានបន្តថា​ ការងារជីកព្រែកនេះតម្រូវឱ្យជីកហើយជញ្ជូនដីឡើងទៅលើ ដែលផ្លូវឡើងមានសភាពចោទខ្លាំងនិងខ្ពស់ ហើយបង្គីដែលប្រើសម្រាប់រែកដីមានទំហំធំៗ។ រី បានបន្ថែមថា ការស្នាក់នៅក្នុងសហករណ៍ គឺអង្គការធ្វើរោងសម្រាប់ឱ្យប្រជាជនសម្រាករួមគ្នា។ ចំណែកឯទឹកសម្រាប់ប្រើប្រាស់គ្មានទឹកស្អាតទេ ទឹកមានពណ៌ឡើងក្រហម ដោយសារទឹកនោះដងចេញពីជង្ហុកដែលដក់នៅក្បែរកន្លែងជីកនោះឯង។

ក្រៅពីការជីកព្រែក ខ្មែរក្រហមបានប្រើ រី ឱ្យទៅដកស្ទូង​ និងច្រូតកាត់។ នៅពេលរដូវដកស្ទូង ខ្មែរក្រហមបានប្រើគាត់ឱ្យរែកកណ្តាប់ពីចម្ងាយឆ្ងាយ ពីម្តុំដើមក្រសាំងដែលបច្ចុប្បន្នជាសាលាសំណាក់រហូតដល់តំបន់ព្រៃទំពូង។ នៅពេលនោះនរណាដកសំណាបបានប៉ុន្មានគឺត្រូវរែកប៉ុណ្ណឹង។ ម្យ៉ាងវិញទៀត ចំពោះការស្ទូងស្រូវខ្មែរក្រហមបានកំណត់ផែនការដោយក្នុងមួយហិកតាត្រូវស្ទូងឱ្យហើយក្នុងមួយថ្ងៃជាមួយកម្លាំងមនុស្សចំនួន១៧នាក់ ហើយជួនកាលត្រូវងើបពីម៉ោងពីរយប់ដើម្បីទៅស្ទូងឱ្យបានគ្រប់ផែនការដែលអង្គការដាក់ឱ្យ។

រី បាននិយាយថា ចំពោះការហូបចុក នៅពេលខែប្រមូលផលប្រជាជនអាចហូបបាយបាន ប៉ុន្តែបាយនោះត្រូវបានចែកវាល់យ៉ាងត្រឹមត្រូវ។ ក្រោយមកទៀតមានត្រឹមតែបបរខាប់ៗស្រដៀងនឹងបាយជ្រោយប៉ុណ្ណោះ។ រហូតដល់ពេលរដូវច្រូតកាត់ហួសយូរទៅ របបអាហារត្រូវប្ដូរមកជាបបររាវៗ មួយពេលដោយប្រើអង្ករបីកំប៉ុងសម្រាប់មនុស្សជាច្រើនហូប។ ចំណែកឯមន្ទីរពេទ្យនៅពេលនោះមានទីតាំងនៅម្តុំវត្តត្នោតសព្វថ្ងៃ និងមាននៅកន្លែងផ្សេងៗទៀត។ រីឯថ្នាំវិញ ផ្សំពីឬសឈើ សំបកឈើដោយយកមកបុក កិន និងលុញធ្វើជាថ្នាំគ្រាប់សម្រាប់ឱ្យអ្នកជំងឺលេប ហើយចំពោះសេរ៉ូមវិញយកទឹកដូងច្រកចូលក្នុងដបរួចយកមកចាក់បញ្ចូលក្នុងខ្លួន។

នៅក្នុងរបបខ្មែរក្រហម រី បានបាត់បង់សមាជិកគ្រួសារជាច្រើនដូចជាក្មួយ និងបងប្រុសចំនួនមួយគ្រួសារ។ បងប្រុសរបស់គាត់ត្រូវបានគេយកទៅវាយចោលនៅព្រៃកប្បាសដោយមិនដឹងមូលហេតុច្បាស់លាស់។ មូលហេតុដែលឈ្លបតែងតែនិយាយនៅពេលយកមនុស្សទៅសម្លាប់គឺថាយកទៅរៀនសូត្រ។ ចំពោះការបំផ្លាញវត្តអារាម ខ្មែរក្រហមបានប្រើឱ្យប្រជាជន១៧មេសាទៅវាយកម្ទេចដើម្បីយកវត្ត និងវិហារធ្វើជាកន្លែងដាំស្លនិងចិញ្ចឹមសត្វ។

ជាចុងក្រោយ រី បានផ្តាំផ្ញើឱ្យក្មេងជំនាន់ក្រោយខិតខំសិក្សាឈ្វេងយល់ និងចៀសវាងការប្រប្រាស់អំពើហិង្សា។ ក្រៅពីនោះគាត់មិនចង់ឱ្យមានរបបខ្មែរក្រហមនេះកើតឡើងម្តងទៀតទេ ហើយមិនចង់ឮសូម្បីតែឈ្មោះរបបនោះ ព្រោះការរស់នៅមានការលំបាកខ្លាំងណាស់និងត្រូវបែកបាក់គ្រួសារ និងបងប្អូន៕

សម្ភាសន៍ដោយ៖ ម៉ា សារពេជ្ញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin