ការទម្លាក់គ្រាប់បែកនោះមានគ្រប់រូបភាព

(កណ្ដាល)៖ ហ៊ឹម គួយ មានអាយុ៦៣ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។
នៅក្នុងទសវត្សរ៍ឆ្នាំ៧០ គួយ ព្រមទាំងក្រុមគ្រួសារបានរស់នៅក្នុងឃុំព្រែកស្នៀត ស្រុកពារាំង ខេត្តព្រៃវែង។ នាពេលនោះ ស្ថានភាពនៅក្នុងប្រទេសមានភាពចលាចល។ នៅក្នុងឃុំព្រែកស្នៀតដែលជាកន្លែងរស់នៅ បានរងគ្រោះដោយសារការទម្លាក់គ្រាប់បែកយ៉ាងខ្លាំង។ គួយ បាននិយាយថា ការទម្លាក់គ្រាប់បែកនោះមានគ្រប់រូបភាព ទាំងគ្រាប់ផ្លោង គ្រាប់បែក និងគ្រាប់កាំភ្លើង រួមទាំងមានសំឡេងលាន់ឮគ្រប់ទិសទី។ ស្ថានភាពដ៏គ្រោះថ្នាក់នេះ បានបង្កការភិតភ័យយ៉ាងខ្លាំង និងជំរុញឱ្យក្រុមគ្រួសារសម្រេចចិត្តចាកចោលផ្ទះសំបែង ធ្វើដំណើរដោយថ្មើរជើងផ្សងគ្រោះថ្នាក់ទៅរកកន្លែងមានសុវត្ថិភាពនៅស្រុកព្រះស្តេច ខេត្តព្រៃវែង។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានឡើងកាន់កាប់អំណាចទាំងស្រុង។ ប្រជាជនទូទាំងប្រទេសរួមទាំងគ្រួសាររបស់ គួយ ត្រូវបានបង្ខំឱ្យធ្វើការងារយ៉ាងធ្ងន់ធ្ងរជារៀងរាល់ថ្ងៃ។ ការងារស្នូលដែល គួយ ត្រូវធ្វើតាមការចាត់តាំងមានដូចជា ការស្តារប្រឡាយទឹក និងការលើកទំនប់ លើកប្រព័ន្ធភ្លឺស្រែ ដោយផ្តោតសំខាន់លើប្រព័ន្ធធារាសាស្ត្រ។
ក្រៅពីការបង្ខំឱ្យធ្វើការងារហួសកម្លាំង ខ្មែរក្រហមបានផ្តល់អាហារក្នុងបរិមាណតិចតួចបំផុត។ អាហារប្រចាំថ្ងៃមានត្រឹមតែបាយមួយដុំ និងទឹកសម្លមួយវែក ហើយថ្ងៃខ្លះមានត្រឹមតែបបរសមួយវែកគត់។ រួមជាមួយគ្នានេះ ខ្មែរក្រហមបានបំផ្លាញសម្បត្តិវប្បធម៌ ដោយបានវាយកម្ទេចវត្តអារាមនៅក្នុងភូមិព្រែក ស្រុកព្រះស្តេច ឱ្យខូចខាតស្ទើរទាំងស្រុង។ លើសពីនេះ កម្មាភិបាលខ្មែរក្រហមបានរំលោភបំពានលើប្រពៃណីទំនៀមទម្លាប់អាពាហ៍ពិពាហ៍ខ្មែរ តាមរយៈការចាប់បង្ខំឱ្យបុរស និងស្ត្រីពេញវ័យនៅក្នុងសហករណ៍រៀបការ និងឱ្យធ្វើការប្ដេជ្ញាចិត្តដើម្បីបង្ហាញភាពស្មោះត្រង់បម្រើដល់អង្គការ។
ក្រោយពេលឆ្លងកាត់ទុក្ខវេទនាក្នុងរបបខ្មែរក្រហម អស់រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម បានវាយរំដោះប្រទេសជាតិឱ្យរួចផុតពីរបបនេះ។ ក្រោយពេលរបបខ្មែរក្រហមត្រូវបានបញ្ចប់ គួយ ព្រមទាំងក្រុមគ្រួសារបានផ្លាស់ប្តូរមករស់នៅក្នុងភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ដើម្បប្រកបរបរធ្វើស្រែចម្ការចិញ្ចឹមជីវិតរហូតមកដល់សព្វថ្ងៃ៕
សម្ភាសន៍ដោយ៖ យុង បញ្ញា ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

