អ៊ីន ឌន៖ ប្រធានសហករណ៍ជួយធានា

(កណ្ដាល)៖ អ៊ីន ឌន ភេទប្រុស មានអាយុ ៧០ឆ្នាំ រស់នៅភូមិត្រពាំងជ្រៅ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ឌន មានឪពុកឈ្មោះ អ៊ីន, ម្ដាយឈ្មោះ យឹម ងួន និងមានបងប្អូនចំនួនប្រាំបួននាក់។ ឌន មានប្រពន្ធឈ្មោះ ខាត់ នាវ និងមានកូនម្នាក់។
នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ឌន ដែលមានអាយុ ១២ឆ្នាំ បានចូលរៀននៅសាលាវត្តអង្គពពាយ។ បន្ទាប់ពីរៀនបានពីរឆ្នាំ ឌន បានឈប់រៀនដោយសារជំងឺ។ នៅឆ្នាំ១៩៧២ ឌន បានធ្វើស្រែចម្ការ ដកសំណាប និងឡើងត្នោត ហើយបានរៀបការជាមួយប្រពន្ធទី១។
នៅអំឡុងចន្លោះឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៧២ ឌន បានឃើញវត្តមានកងទ័ពវៀតណាម។ ឌន បន្តថាកងទ័ពខ្មែរក្រហមបាននាំផ្លូវកងទ័ពវៀតណាមមកពីខាងស្រុកគងពិសី និងស្រុកកណ្ដាលស្ទឹង ចូលមកប្រយុទ្ធជាមួយទាហាន លន់ នល់ ដែលមានបន្ទាយនៅវត្តអង្គ, វត្តកោះ និងម្តុំបែកចាន។ ក្រោយមក ឌន និងប្រពន្ធ ត្រូវបានខ្មែរក្រហមកៀរឲ្យមករស់នៅភូមិរការ ចំណែកម្ដាយនិងបងប្អូនរបស់ឌន បានធ្វើដំណើរទៅរស់នៅខេត្តបាត់ដំបង។
ឌន និយាយថា នៅឆ្នាំ១៩៧៣ មានការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងនៅវត្តថ្មី។ នៅពេលនោះ ក្រៅពីធ្វើស្រែចម្ការ និងឡើងត្នោត ឌន ត្រូវខ្មែរក្រហមបញ្ជាឲ្យទៅប្រចាំការ និងសែងកងទ័ពខ្មែរក្រហមដែលរងរបួស។ ឌន និយាយថា គាត់បានឃើញទាហាន លន់ នល់ ត្រូវបានខ្មែរក្រហមចងខ្សែ និងបណ្តើរជាជួរយកទៅ ដោយឌនមិនឃើញមាននរណាម្នាក់ មានជីវិតត្រលប់មកវិញនោះទេ។
នៅឆ្នាំ១៩៧៥ បន្ទាប់ពីរបបខ្មែរក្រហមឡើងកាន់អំណាច ខ្មែរក្រហមចាត់ទុក ឌន ជាប្រជាជនចាស់ និងជាសមាជិកកងក្រោយ។ ក្រុមរបស់ឌន មានសមាជិកដប់នាក់ និងមានគោចំនួនដប់នឹម។ ជារៀងរាល់ថ្ងៃ ឌន ត្រូវក្រោកតាំងពីម៉ោង៤ភ្លឺ ចេញទៅជីកប្រឡាយ, ភ្ជួររាស់, បង់ត្រី, ឃ្វាលគោនៅភូមិព្រៃក្មេង និងត្រលប់មកផ្ទះវិញនៅពេលល្ងាច។ ចំណែកប្រពន្ធរបស់ឌន ចេញទៅដកស្ទូង និងជីកប្រឡាយនៅការដ្ឋានផ្សេង ហើយនៅពេលល្ងាច ទើបអ្នកទាំងពីរបានជួបជុំគ្នា។
ក្នុងមួយថ្ងៃ ឌន ហូបអាហារតែពីរពេលប៉ុណ្ណោះ គឺនៅម៉ោង១១ព្រឹក និងម៉ោង៥ល្ងាច។ របបអាហារមានបាយ និងក្រោយមកមានតែបបរចំនួនបីវែកប៉ុណ្ណោះក្នុងមួយពេល។ បន្ទាប់ពីហូបអាហារពេលល្ងាចរួច ឌន ត្រូវចូលរួមប្រជុំ និងជួនកាលត្រូវបន្តធ្វើការរហូតដល់យប់អធ្រាត្រ។
ឌន និយាយថា ទាំងប្រជាជនចាស់ និងប្រជាជនថ្មី ត្រូវហូបរួម និងធ្វើការរួមនៅក្នុងសហករណ៍។ ឌន បន្តថា ក្នុងទីតាំងរបស់គាត់ មានប្រធានសហករណ៍ឈ្មោះ មៀក, គណៈស្រុកខាងសេដ្ឋកិច្ច ឈ្មោះ សំបួរ, គណៈឃុំ និងជាប្រធានកងខោខ្លី ឈ្មោះ តាឆន។
នៅឆ្នាំ១៩៧៦ បន្ទាប់ពីប្រពន្ធទី១របស់គាត់ ស្លាប់ដោយសារជំងឺ ឌន ត្រូវបានខ្មែរក្រហមបង្ខំឲ្យរៀបការជាមួយប្រពន្ធទី២ នៅភូមិរកា ដែលកាលនោះ គឺរៀបការរួមគ្នាចំនួនដប់គូក្នុងពេលតែមួយ និងមាននំបញ្ចុកហូប។
នៅយប់មួយនីរសាររបស់តាឆន បានរកឃើញពិល និងស្នារបស់ឌន។ នីរសារនោះ បានរាយការណ៍ប្រាប់តាឆនអំពីឌន និងសមាជិកក្រុម ដែលលួចបាញ់សត្វនៅពេលយប់។ ស្អែកឡើង តាឆន បានឲ្យនីរសារមកហៅឌនទៅសួរនាំ។ ឌន មិនហ៊ានទៅតែម្នាក់ឯងនោះទេ។ ឌន ក៏បានហៅប្រធានសហករណ៍ទៅជាមួយ ដើម្បីទៅធានាអះអាង នៅចំពោះមុខតាឆន ទើប ឌន បានរួចខ្លួន។ ចំណែកសមាជិកក្រុមរបស់ឌន ត្រូវបានតាឆនសម្លាប់។ ឌន និយាយថា ប្រសិនបើគាត់ទៅតែម្នាក់ឯងនោះ នឹងត្រូវតាឆនសម្លាប់។
នៅរបបខ្មែរក្រហម ប្រជាជនជាច្រើនបានបាត់ខ្លួននៅមន្ទីរឃុំឃាំង ស្ថិតនៅភូមិថ្មី ម្តុំចម្ការចេក។ ជាចុងក្រោយ ឌន រំឭកថា នៅរបបខ្មែរក្រហម គាត់ត្រូវធ្វើការហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់ ហើយមានតែថ្នាំរាងដូចអាចម៍ទន្សាយប៉ុណ្ណោះសម្រាប់ព្យាបាល។ នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ឌន បានរត់គេចទៅខេត្តកំពង់ស្ពឺ និងក្រោយមកត្រលប់មករស់នៅភូមិរកាវិញ៕
សម្ភាសដោយ ថន ពុធដារ៉ូ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦

