ខៀវ ខុន យុទ្ធនារីខ្មែរក្រហម

ខៀវ ខុន ជាយុទ្ធនារីក្នុងរបបខ្មែរក្រហម (បាត់ខ្លួន)។ មជ្ឈមណ្ឌលឯកសារកម្ពុជា បានជួបសម្ភាសន៍ជាមួយឈ្មោះ ខៀវ ខុម ដែលត្រូវជាបងស្រី មានអាយុ ៥០ឆ្នាំ រស់នៅភូមិត្រពាំងរាំង ឃុំត្រែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ខាងក្រោមនេះ គឺជាការរៀបរាប់របស់ ខៀវ ខុម ដែលត្រូវជាបងស្រី អំពីប្រវត្តិរូបសង្ខេបរបស់ ខៀវ ខុន ជាយុទ្ធនារីក្នុងរបបខ្មែរក្រហមដែលបានបាត់ខ្លួន៖[1]
ខៀវ ខុន មានស្រុកកំណើតនៅភូមិត្រពាំងរាំង ឃុំត្រែង ស្រុកកណ្តាលស្ទឹង (ស្រុក១៥៤) ខេត្តកណ្តាល។ ខៀវ ខុន មានបងប្អូន ៥នាក់ ហើយគាត់ជាកូនទី៤ ក្នុងគ្រួសារ។ ខៀវ ខុន មានឪពុកឈ្មោះ ខៀវ សាត និងម្តាយឈ្មោះ តន់ ស៊ុក។ នៅអំឡុងឆ្នាំ១៩៧២ ខៀវ ខុន និងអ្នកភូមិប្រមាណ ៣០ ទៅ ៤០នាក់ បានចេញពីភូមិទៅចូលរួមជាមួយចលនាបដិវត្តន៍ខ្មែរក្រហម។ នៅពេលនោះ ខៀវ ខុន មិនមានចិត្តចង់ទៅចូលរួមទេ និងមានការភ័យខ្លាចជាខ្លាំងដោយសារមានឈ្មោះត្រូវបានអាជ្ញាធរកំណត់។ ក្រោយមកបងស្រីបានដឹងថា ខៀវ ខុន បានចូលបដិវត្តន៍តាមរយៈឈ្មោះ ពូន សុំ ធ្វើការនៅសាលាឃុំ។ នៅពេលចូលរួមជាមួយបដិវត្តន៍ដំបូង ខៀវ ខុន ត្រូវបានអង្គការចាត់តាំងឱ្យទៅរែកបាយស្មុក ក្នុងកងស្រួចមួយ ដែលមានប្រធានកង (មិនចាំឈ្មោះ) ស្ថិតនៅភូមិភាគនិរតី ។ ក្រោយមក ប្រធានកងរូបនោះត្រូវបានទាហានរបប លន់ នល់ បាញ់សម្លាប់។ បន្ទាប់មក ខៀវ ខុន បានទៅចូលរួមក្នុងកងមួយទៀតនៅម្តុំកោះអន្លង់ចិន ដែលមានប្រធានកងឈ្មោះ ណែម។ ចាប់តាំងពីឆ្នាំ១៩៧២ រហូតដល់ ឆ្នាំ១៩៧៥ បងស្រីនៅចាំថា ខៀវ ខុន បានចេញទៅធ្វើសង្គ្រាមជាមួយទាហានរបប លន់ នល់ នៅតាមសមរភូមិនានាក្នុងភូមិភាគនិរតី រហូតដល់ភូមិភាគបូព៌ា។ នៅឆ្នាំ១៩៧៥ ក្រោយពេលរបបខ្មែរក្រហមឡើងកាន់អំណាច បងស្រីបានទទួលដំណឹងថា ខៀវ ខុន ជាប់ឃុំជាមួយអ្នកទោសប្រមាណជាង ២០០នាក់ នៅគុកព្រៃស ប៉ុន្តែមិនពីមូលហេតុច្បាស់លាស់ឡើយ។ ចាប់ពីពេលនោះមក បងស្រីក៏បានបាត់ដំណឹង ខៀវ ខុន រហូតមកដល់សព្វថ្ងៃ។
យោងតាមប្រវត្តិរូបសង្ខេបដែលធ្វើនៅមន្ទីរ ស-២១ (K00062 ឬ TSL4252) របស់ ខៀវ ខុន ឈ្មោះហៅក្រៅ ខុន មានអាយុ ២៣ឆ្នាំ មាននាទីបច្ចុប្បន្នជាយុទ្ធនារី។ មុខរបរមុនចូលបដិវត្តន៍ គឺធ្វើស្រែចម្ការ ស្ថិតក្នុងវណ្ណៈកសិករកណ្តាល និងបានចូលបដិវត្តន៍នៅថ្ងៃទី៤ ខែតុលា ឆ្នាំ១៩៧៣ តាមរយៈឈ្មោះ ផុន។ ខៀវ ខុន មានកម្រិតវប្បធម៌រៀនសូត្របានត្រឹមថ្នាក់ទី៩។ ឯកសារមិនបានបញ្ជាក់ថា ខៀវ ខុន ត្រូវបានឃុំខ្លួនឬសម្លាប់ឬយ៉ាងណាទេ។
ក្រោយរបបខ្មែរក្រហមដួលរលំ ដោយមិនឃើញ ខៀវ ខុន ត្រឡប់មកវិញ បងស្រីបានដើរស៊ើបសួរអ្នកដែលធ្លាប់ស្គាល់ និងស្វែងរកគ្រូទស្សន៍ទាយ ដើម្បីចង់ដឹងពីវត្តមានរបស់ប្អូន ប៉ុន្តែពុំទទួលបានដំណឹងអ្វីឡើយ។ បងស្រីធ្លាប់យល់សប្តិឃើញប្អូនហែលកាត់ទឹកមកលេង ដែលធ្វើឱ្យគាត់យល់ថា ប្អូនប្រហែលជាបានស្លាប់បាត់ទៅហើយ។ ទោះជាយ៉ាងណា បងស្រីនៅតែមានចិត្តរង់ចាំ និងបន់ស្រន់ ព្រមទាំងកោរសក់ថ្វាយព្រះសង្ឃ ដោយសង្ឃឹមថាប្អូននៅមានជីវិតនៅឡើយ។
ក្នុងរបបខ្មែរក្រហម គ្រួសាររបស់ ខៀវ ខុន ត្រូវបានជម្លៀសបង្ខំចេញពីភូមិត្រពាំងរាំងឱ្យទៅរស់នៅតាមកន្លែងផ្សេងៗពីគ្នា និងត្រូវធ្វើការងារធ្ងន់ នៅតំបន់ទួលព្រិច ដូចជា រែកដី លើកទំនប់ និងជីកប្រឡាយ។ ម៉ោងធ្វើការចាប់ពីព្រលឹមរហូតដល់យប់ជ្រៅ ដោយម្នាក់ៗត្រូវបំពេញផែនការលើកដីឱ្យបានរហូតដល់ ៨ម៉ែត្រ ក្នុងមួយថ្ងៃ ហើយធ្វើការទាំងយប់ទាំងថ្ងៃដោយគ្មានពេលសម្រាកគ្រប់គ្រាន់។ ក្មួយរបស់ ខៀវ ខុន ដែលមានអាយុត្រឹម ១ឆ្នាំ ត្រូវអង្គការបង្ខំឱ្យផ្តាច់ដោះ និងឱ្យរស់នៅជាមួយមនុស្សចាស់ក្នុងកងកុមារ ដោយផ្តល់ឱ្យត្រឹមម្សៅបបរមួយស្លាបព្រាក្នុងមួយថ្ងៃ សម្រាប់លាយទឹកហូបទាំងព្រឹក និងល្ងាច។ ចំណែកការហូបចុករបស់ប្រជាជនវិញ មានការខ្វះខាតយ៉ាងខ្លាំង ដោយអង្គការឱ្យហូបតែបបររាវៗ លាយជាមួយត្រកួន ហើយពេលខ្លះអង្ករមួយកំប៉ុង លាយជាមួយដំឡូង និងពោតត្រូវចែកគ្នាហូបរហូតដល់ទៅ៥នាក់។ បងស្រីរបស់ ខៀវ ខុន ធ្លាប់និយាយរៀបរាប់រឿងរ៉ាវក្នុងរបបខ្មែរក្រហមប្រាប់ដល់ក្មេងជំនាន់ក្រោយ ដើម្បីទុកជាការចងចាំអំពីការឈឺចាប់ពីអតីតកាល ឱ្យក្មេងៗបានយល់ពីភាពលំបាក និងវេទនារបស់មនុស្សជំនាន់មុន ព្រមទាំងដើម្បីជាការលើកទឹកចិត្តឱ្យចេះតស៊ូក្នុងជីវិតនាពេលបច្ចុប្បន្ន។
បងស្រីរបស់ ខៀវ ខុន គ្មានគំនិតចង់សងសឹក ឬស្អប់ខ្ពើមកូនចៅរបស់ជនដៃដល់ក្នុងរបបខ្មែរក្រហមឡើយ ដោយគាត់យល់ថា វាជារឿងកម្មពៀរ និងវាសនារបស់ប្រទេសជាតិក្នុងសម័យកាលនោះ ហើយការសងសឹកពុំមានប្រយោជន៍អ្វីក្រៅពីបង្កឱ្យមានការបាត់បង់ និងសេចក្តីស្លាប់បន្ថែមទៀតនោះទេ៕
[1] ឯកសារ KDI0050, ករណីឈ្មោះ ខៀវ ខុន (K00062) មានអាយុ ២៣ឆ្នំា ជួបសម្ភាសន៍ជាមួយ ខៀវ ខុម ភេទស្រី អាយុ ៥០ឆ្នាំ នៅភូមិត្រពាំងរាំង ឃុំត្រែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០០២ សម្ភាសន៍ដោយ ផាន់ សុធា, បទសម្ភាសចំនួន១១ទំព័រ, មជ្ឈមណ្ឌលឯកសារកម្ពុជា។ តាមការរៀបរាប់របស់បងស្រី ខៀវ ខុន មានរាងខ្ពស់ និងមានមាឌដំបង។
អត្ថបទដោយ អេង សុខម៉េង

