ជីវិតឆ្លងកាត់របបខ្មែរក្រហម

(ខេត្តស្វាយរៀង) កឹម ផល មានអាយុ ៧៦ឆ្នាំ មានស្រុកកំណើតនៅភូមិក្រៅ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ផល មានឪពុកឈ្មោះ ជា (ស្លាប់) និងម្តាយឈ្មោះ រត្ន ស៊ី (ស្លាប់)។ ផល ជាកូនទី៥ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៥នាក់ គឺ បងទី១ ឈ្មោះ រត្ន ម៉ន, បងទី២ ឈ្មោះ រត្ន មត់, បងទី៣ ឈ្មោះ រត្ន ហួន, បងទី៤ ឈ្មោះ រត្ន កយ និងទី៥ កឹម ផល (ម្ចាស់ប្រវត្តិរូប)។

ខាងក្រោមនេះជាប្រវត្តិរូបខ្លី ដែលសម្ភាសន៍ដោយអ្នកស្ម័គ្រចិត្តកម្ពុជា។

កាលពីកុមារភាព ផល រៀនសូត្របានត្រឹមថ្នាក់ទី៩ ក្នុងរបបសង្គមរាស្ត្រនិយម។ ក្នុងរបបខ្មែរក្រហម អង្គការតម្រូវឱ្យ ផល រស់នៅឃុំគ្រួស ហើយការងាររបស់គាត់គឺទៅជីកស្រះ ធ្វើស្រែ និងធាក់រហាត់ទឹក។ ផល ត្រូវធ្វើការចាប់ពីម៉ោង ៦ព្រឹក រហូតដល់ម៉ោង ៦ល្ងាច ហើយនៅថ្ងៃខ្លះត្រូវធ្វើការបន្ថែមនៅពេលយប់ទៀតផង។ ផល និយាយថា ដើម្បីរស់រានមានជីវិត និងដោយខ្លាចអង្គការមិនផ្តល់របបអាហារ គាត់ និងអ្នកភូមិត្រូវធ្វើការងារដោយប្រណាំងប្រជែងគ្នា។ ក្រុមណាដែលធ្វើការងារលឿន និងទទួលបានលទ្ធផលល្អ នឹងទទួលការសរសើរ។ ចំណែកក្រុមដែលធ្វើការមិនបានល្អ ត្រូវអង្គការរិះគន់ និងទិតៀននៅពេលប្រជុំ។ ទោះបីជាក្រុមរបស់ ផល អាចបំពេញការងារសម្រេចតាមផែនការរបស់អង្គការក៏ដោយ ក៏គាត់ទទួលបានត្រឹមបបររាវ ២វែក សម្រាប់ហូប ២ពេល គឺពេលថ្ងៃត្រង់ និងពេលល្ងាចប៉ុណ្ណោះ។

ក្រោយពីរបបខ្មែរក្រហមដួលរលំ ផល បានត្រឡប់មករស់នៅស្រុកកំណើតវិញ។ ផល និយាយថា ទោះបីជាជីវភាពបច្ចុប្បន្នមិនសូវធូរធារក៏ដោយ ក៏ការរស់នៅគ្មានការភ័យខ្លាច និងគ្មានការបង្ខិតបង្ខំឱ្យធ្វើការងារហួសកម្រិត ដូចកាលពីរបបខ្មែរក្រហមនោះដែរ។

បច្ចុប្បន្ន ផល រស់នៅជាមួយកូ ន​ៗ និងមើលថែចៅៗ ហើយមានជំងឺប្រចាំកាយ គឺជំងឺសន្លាក់ដៃ និងសន្លាក់ជើង៕

សម្ភាសន៍ដោយ ហ៊ន់ ពិសី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin