ម៉ិល ម៉ៅ យុទ្ធជននៅមន្ទីរពេទ្យ ព-១៧

នៅក្នុងចម្លើយសារភាពរបស់ ម៉ិល ម៉ៅ រៀបរាប់ថាបានចូលរួមក្នុងការដាក់សារធាតុពុលក្នុងអាហារ និងលាយថ្នាំជាមួយទឹក ដើម្បីបង្កឱ្យអ្នកជំងឺពុល និងស្លាប់ចំនួន ៩ នាក់។ នៅក្នុងចម្លើយសារភាព ម៉ិល ម៉ៅ មានជាប់ពាក់ព័ន្ធជាមួយពេទ្យនៅភូមិភាគបស្ចឹម និងពេទ្យ ព-១៧ ចំនួន ១៦ នាក់។ ខាងក្រោមនេះជាចម្លើយសារភាពរបស់ ម៉ិល ម៉ៅ៖[1]

ម៉ិល ម៉ៅ មាននាទីជាយុទ្ធជនមន្ទីរពេទ្យ ព-១៧ នៅភ្នំពេញ មានអាយុ ៤១ ឆ្នាំ (ឆ្នាំ ១៩៧៧) មានស្រុកកំណើតនៅភូមិធ្លកវាន ឃុំធ្លកវាន ស្រុកកំពង់ត្រឡាចលើ តំបន់ ៣១។ ម៉ៅ មានឪពុកឈ្មោះ មឿន។ នៅឆ្នាំ ១៩៦៦ រហូតដល់ឆ្នាំ ១៩៦៧ ម៉ៅ ឃើញឪពុកមានការទាក់ទងជាមួយសក្ដិ ៤ ធិញ នៅបន្ទាយក្បាលថ្នល់។ នៅពេលខ្លះ សក្ដិ ៤ ធិញ មកស៊ីផឹកជាមួយឪពុកនៅលើផ្ទះតែម្ដង ហើយ ឪពុក បានចេញក្រៅទៅជាមួយសក្ដិ ៤ ធិញ។ ចាប់ពីឆ្នាំ ១៩៦៦ រហូតដល់ឆ្នាំ ១៩៦៧ ឪពុករបស់ម៉ៅ បាននាំមនុស្សមកស៊ីផឹកនៅផ្ទះរួមមាន៖ ឆាយ នាទីជាប្រធានឃុំធ្លក ស្រុក ១២ តំបន់ ៣១ និង ទិត, តាំង, ពត ព្រមទាំង សាន ជាកសិករនៅក្នុងភូមិដំណាក់ធ្លក ស្រុក ១២។ រហូតដល់ឆ្នាំ ១៩៧០ ទើប ម៉ៅ ដឹងថា ឪពុករបស់ខ្លួន និងឈ្មោះ ពត, ទិត, ឆាយ និង សាន គឺជាគិញរបស់សក្ដិ ៤ ធិញ។ កាលដែល ម៉ៅ ដឹង គឺដោយសារឪពុកជាអ្នកប្រាប់។ នៅឆ្នាំ ១៩៧០ ដដែល ឪពុកបានណែនាំ ម៉ៅ ថា កុំទាន់ចូលធ្វើបដិវត្តន៍ ព្រោះបដិវត្តន៍មានកម្លាំងតិចជាងទាហានរបប លន់ នល់ មិនអាចធ្វើសង្គ្រាមឈ្នះនោះទេ។ ម៉ៅ និងឪពុក បានយកការណ៍ពីជនបដិវត្តន៍ប្រាប់ដល់សក្ដិ ៤ ធិញ។ នៅខែសីហា ឆ្នាំ ១៩៧០ នៅពេល ម៉ៅ ទៅចងសន្ទូចនៅបឹងធ្លក បានជួបជាមួយកងទ័ពបដិវត្តន៍ចំនួន ១ កង នៅក្នុងវត្តឈូកចាស់។ នៅពេលនោះ ម៉ៅ បានរាយការណ៍ទៅសក្ដិ ៤ ធិញ ហើយលុះដល់ព្រឹកឡើង ទាហានបានផ្លោងកាំភ្លើងធំដាក់វត្តឈូកចាស់ជាច្រើនគ្រាប់។

នៅឆ្នាំ ១៩៧១ ឪពុកបានឱ្យ ម៉ៅ ទៅបួសជាព្រះសង្ឃគង់នៅវត្តឈូកចាស់ ហើយឪពុកបានណែនាំថា នេះជាវិធីមួយដើម្បីជៀសផុតពីសេ​ចក្ដីស្លាប់ និងចៀសវាងពីការចូលរួមធ្វើជាយោធាបដិវត្តន៍។ ឪពុកបានផ្ដាំ ម៉ៅ ឱ្យរាយការណ៍ពីសកម្មភាពរបស់បដិវត្តន៍នៅក្នុងវត្ត ដើម្បីឱ្យគាត់រាយការណ៍បន្តទៅសក្ដិ ៤ ធិញ។ ក្រោយពីទទួលការចាត់តាំងនៅឆ្នាំ ១៩៧១ ម៉ៅ អប់រំព្រះសង្ឃបាន ៥ អង្គ។ ក្នុងនោះ ម៉ៅ នាំព្រះសង្ឃ ៣ អង្គ ទៅឱ្យឪពុក ហើយឪពុកណែនាំឱ្យព្រះសង្ឃទាំង ៣ អង្គ លាចាកសិក្ខាបទ និងចាត់តាំងឱ្យធ្វើជាទាហាននៅបន្ទាយក្បាលថ្នល់ និង ២ អង្គទៀត ឱ្យនៅធ្វើសកម្មភាពជាមួយម៉ៅ ដើម្បីឃ្លាំមើលសកម្មភាពក្នុងវត្ត។ ព្រះសង្ឃ ទាំង២អង្គ នោះមានព្រះនាម ធឿន និង ម៉េត។ នៅចុងឆ្នាំ ១៩៧២ ម៉ៅ បានលាចាកសិក្ខាបទពីព្រះសង្ឃ ហើយទៅជួយធ្វើស្រែជាមួយឪពុកម្ដាយវិញ។ នៅដើមឆ្នាំ ១៩៧៣ ឆាយ ទៅផ្ទះ ម៉ៅ និងជួបជាមួយឪពុករបស់ម៉ៅ។ នៅពេលនោះឪពុករបស់ម៉ៅ បានប្រគល់ ម៉ៅ ឱ្យទៅ ឆាយ ដឹកនាំឱ្យធ្វើសកម្មភាពវិញ ព្រោះ ឆាយ ជាខ្សែគិញរបស់ ធិញ ដូចឪពុករបស់ម៉ៅ ហើយឆាយមាននាទីជាប្រធានឃុំធ្លកវាន ទៀតផង។ ដំបូង ម៉ៅ ធ្វើជានិរសារ ឱ្យឆាយ ហើយ ធឿន និង ម៉េត មកនៅមន្ទីរឃុំធ្លកវាន ជាមួយ ម៉ៅ ដែរ។ នៅក្នុងឆ្នាំ ១៩៧៣ ដដែល តាមការចាត់តាំងរបស់ ឆាយ, ម៉ៅ, ធឿន និង ម៉េត បានរត់ចោលសមរភូមិផ្សារត្រាច នៅពេលកំពុងវាយ ដែលធ្វើឱ្យទាហានចុះមកបាញ់យោធាស្រុក ១២ ដែលកំពុងសម្រាក មិនឱ្យដឹងខ្លួន​។ នៅឆ្នាំ ១៩៧៤ ឆាយ ចាត់តាំង ម៉ៅ, ធឿន និង ម៉េត ឱ្យទៅធ្វើជាយោធាស្រុក ១២ ហើយឆាយ បានឧទ្ទេសនាមឱ្យអ្នកទាំង ៣ នាក់នេះ ទាក់ទងធ្វើសកម្មភាពជាមួយឈ្មោះ ម៉ៃ ប្រធានយោធាស្រុក ១២ វិញ​។ ពេលមកដល់អង្គភាពយោធាស្រុក ១២ ម៉ៅ, ធឿន និង ម៉េត ជួបជាមួយ ម៉ៃ។ ពេលជួបជាមួយ ម៉ៃ ហើយនៅឆ្នាំ ១៩៧៤ ម៉ៃ បាននាំ ម៉ៅ, ធឿន និង ម៉េត ទៅប្រជុំ ដាក់ផែនការឱ្យកសាងកម្លាំងនៅក្នុងយោធាស្រុក ១២។ ក្រោយពីទទួលផែនការហើយ ម៉ៅ កសាងកម្លាំងបានម្នាក់ឈ្មោះ សៀន មាននាទីជាយុទ្ធជនយោធាស្រុក ១២។ ឈ្មោះ សៀន ត្រូវបានប្រគល់ទៅឱ្យ ម៉ៃ ជាអ្នកដឹកនាំធ្វើសកម្មភាពវិញ​។ ពេលទៅជាមួយ ម៉ៃ គាត់ចាត់តាំង សៀន ឱ្យទៅធ្វើជាទាហាន (មិនស្គាល់បន្ទាយ) ហើយក្រោយមក សៀន បានរត់គេចបាត់ខ្លួនរហូត។

នៅឆ្នាំ ១៩៧៥ ម៉ៃ ទទួលនាទីជាយោធាស្រុក ១២ ផង និងទទួលខាងសន្តិសុខស្រុក ១២ ផង ហើយ ម៉ៅ, ធឿន និង ម៉េត ធ្វើជាអ្នកការពារអ្នកទោសនៅមន្ទីរសន្តិសុខ ដែល ម៉ៃ ក្ដោបក្ដាប់នេះ។ ក្រោយរំដោះភ្នំពេញនៅឆ្នាំ ១៩៧៥ នៅពេលសួរចម្លើយ ម៉ៃ វាយខ្មាំងឱ្យឆ្លើយទម្លាក់កំហុសលើបដិវត្តន៍។ នៅពេលយកអ្នកទោសទៅសម្លាប់ មុនពេលវាយ ម៉ៃ, ធឿន និង ម៉េត បានរំលោភអ្នកទោសនារី។ បន្ទាប់ពីធ្វើសកម្មភាពនេះមក នៅឆ្នាំ ១៩៧៥ ដដែល ម៉ៅ បានប្រគល់ ធឿន និង ម៉េត ទៅឱ្យ ឆាយ ដើម្បីចាត់តាំងជាឈ្លបឃុំធ្លកវានវិញ។ នៅឆ្នាំ ១៩៧៦ ម៉ៃ ចាត់តាំង ម៉ៅ ឱ្យទៅរៀនសូត្រផ្នែកបច្ចេកទេសពេទ្យ នៅមន្ទីរពេទ្យភូមិភាគបស្ចឹម។ មុនពេលចេញទៅ ម៉ៃ បានឧទ្ទេសនាមឱ្យ ម៉ៅ ទាក់ទងធ្វើសកម្មភាពជាមួយឈ្មោះ នៅ នាទីជាប្រធានពេទ្យភូមិភាគបស្ចឹម និង សៀ នាទីជាអនុប្រធានពេទ្យ។ នៅពេលប្រាប់ហើយ ម៉ៅ បានទៅស្នាក់នៅមន្ទីរតំបន់ ៣៣ រយៈពេល ១៥ ថ្ងៃ ទើបត្រឡប់មកមន្ទីរពេទ្យភូមិភាគបស្ចឹម​វិញ​។ ពេលមកដល់មន្ទីរពេទ្យភូមិភាគបស្ចឹម ម៉ៅ បានភ្ជាប់ខ្សែរយៈជាមួយឈ្មោះ សៀ និង នៅ។ នៅឆ្នាំដដែល នៅ ទាក់ទងជាមួយ ម៉ៅ ឱ្យចាក់ថ្នាំសម្លាប់អ្នកជំងឺបណ្ដើរៗ ព្រោះសភាពការណ៍បន្តិចទៀតត្រូវទៅវាយជាមួយបដិវត្តន៍វិញហើយ។ តាមការណែនាំនេះ ម៉ៅ បានចាក់ថ្នាំធ្វើឱ្យប្រតិកម្មអ្នកជំងឺអស់ ២ នាក់ តែដោយសារមានពេទ្យនៅជិតនោះ បានជួយអ្នកប្រតិកម្មថ្នាំទាំង ២ នាក់ ទាន់ពេលដូច្នេះមិនស្លាប់ទេ។ នៅខែមករា ឆ្នាំ ១៩៧៧ សៀ និង នៅ ឱ្យថ្នាំទឹក ៣ អំពូល ទៅដល់ ម៉ៅ សម្រាប់ចាក់សម្លាប់អ្នកជំងឺ។ ប៉ុន្តែថ្នាំ ៣ អំពូលនោះ ម៉ៅ មិនបានចាក់អ្នកជំងឺភ្លាមៗទេ ដោយនៅខែកុម្ភៈ ឆ្នាំ ១៩៧៧ ម៉ៅ ត្រៀមផ្លាស់មករៀនពេទ្យបច្ចេកទេសនៅពេទ្យ ព-១៧។ មុនពេលមក នៅ បានប្រាប់ឱ្យ ម៉ៅ ទាក់ទងធ្វើសកម្មភាពជាមួយ សី។ នៅពេលមកដល់ ម៉ៅ បានយកថ្នាំ ៣ អំពូលនេះមកជាមួយដែរ ប៉ុន្តែនៅពេលមកដល់ពេទ្យ ព-១៧ ម៉ៅ មិនហ៊ានទាក់ទងជាមួយ សី នាទីជាប្រធានពេទ្យ ព-១៧ ដែលមាននាទីជាយុទ្ធជន។ នៅពេលមកដល់ពេទ្យ ព-១៧ បានមួយរយៈ ម៉ៅ ឮថា នៅពេទ្យ ព-១៧ នេះ មានអ្នកជំងឺពុលញឹកញាប់ណាស់​។

នៅខែមីនា ឆ្នាំ ១៩៧៧ ថ្ងៃមួយ នៅពេល ម៉ៅ ទំនេរពីការពិសោធន៍ចាក់ថ្នាំ ក៏បានទៅជួយចិតបន្លែជាមួយអ្នកនាំស្ល។ នៅពេលចូលទៅដល់ ម៉ៅ ឃើញម្សៅក្នុងចានចំនួន ១ ចាន ក៏បានលើកយកមកហិត ហើយធុំក្លិនថ្នាំ ដេ.ដេ.តេ។ ម៉ៅ សួរទៅអ្នកដាំស្លថា៖ «ដូចជាមិនមែនម្សៅមីទេ?»។ អ្នកនៅផ្ទះបាយឆ្លើយវិញថា៖ «ម្សៅមី»។ ម៉ៅ ថា៖ «ទេ នេះជាក្លិនម្សៅ ដេ.ដេ.តេ»។ ទៀង ប្រាប់ ម៉ៅ វិញថា៖ «បើដឹងហើយ កុំមាត់ ធ្វើជាមួយគ្នាទៅ ខ្លាចអីនឹងធ្វើ បើខាងលើសម្រេចឱ្យធ្វើទៅហើយ»។ ម៉ៅ សួរវិញថា៖ «ខាងលើណា?»។ ឈ្មោះ ទៀង បានប្រាប់ថា គឺ ឈ្មោះ សី ប្រធានពេទ្យ ព-១៧។ ក្រោយនិយាយគ្នារួច ម៉ៅ និង ទៀង បានយកថ្នាំ ដេ.ដេ.តេ ១ ចាននេះ ទៅដាក់ក្នុងឆ្នាំងសម្ល ហើយពេលនោះធ្វើឱ្យអ្នកនៅក្នុងពេទ្យមួយចំនួន ហូបទៅពុល ក្អួតចង្អោរ តែមិនស្លាប់ទេ។ ក្រោយពីមានសភាពការណ៍នេះហើយ សី មកពិនិត្យ រួចក៏និយាយថា ការពុលនេះមិនមែនមកពីថ្នាំពុលទេ គឺពុលមកពីផ្លែប៉េងប៉ោះខ្ចី និងបន្លែស្លឹកឈើជាច្រើនទៀត។ នៅខែមេសា និង​ឧសភា ឆ្នាំ ១៩៧៧ ម៉ៅ និង ទៀង យកម្សៅ ដេ.ដេ.តេ ទៅដាក់ក្នុងសម្ល ចំនួន ៣ ដងទៀត ហើយនៅខែមិថុនា ឆ្នាំ ១៩៧៧ ម៉ៅ និង ទៀង ស្គាល់ខ្សែរយៈ ៣ នាក់ គឺឈ្មោះ សុង នៅមន្ទីរពិសោធន៍, រ៉េត នាទីជាប្រធានមន្ទីរពិសោធន៍ និង ទ្រាង នាទីជាប្រធានអគារជាន់ទី ១។ ក្រោយមក ម៉ៅ និង ទ្រាង បានចាក់ថ្នាំសម្លាប់អ្នកជំងឺម្នាក់។ នៅខែមិថុនា ឆ្នាំ ១៩៧៧ ដដែល ទ្រាង ឱ្យ ម៉ៅ ទៅយកមេថ្នាំពិសោធន៍ពីឈ្មោះ សុង និង រ៉េត យកមកលាយជាមួយទឹក ដើម្បីចាក់សម្លាប់អ្នកជំងឺ។ តាមការណែនាំ ម៉ៅ យកមេថ្នាំពី សុង និង រ៉េត បានមួយចំនួនមកឱ្យ ទ្រាង ហើយ ម៉ៅ និង ទ្រាង បានលាយថ្នាំ និងទឹក ចាក់អ្នកជំងឺឱ្យប្រតិកម្មស្លាប់អស់ចំនួន ៩ នាក់។ សភាពការណ៍នេះត្រូវពេទ្យ ព-១៧ ចាប់អារម្មណ៍ ដូច្នេះ ម៉ៅ បានផ្អាកសកម្មភាពមួយរយៈសិន។ រហូតដល់ខែធ្នូ ឆ្នាំ ១៩៧៧ ម៉ៅ យកថ្នាំដែលសល់ពី សៀ ដែលឱ្យកាលពីនៅពេទ្យភូមិភាគបស្ចឹម មកចាក់សម្លាប់អ្នកជំងឺទៀត។ ប៉ុន្តែត្រូវពេទ្យ ព-១៧ ដែលតាមដានឃើញ ក៏ចាប់ដៃ ហើយយកថ្នាំនោះមកពិនិត្យ​។ ដោយឃើញច្បាស់ថា ជាថ្នាំដែលចាក់សម្លាប់អ្នកជំងឺ អង្គការក៏សម្រេចចាប់ខ្លួន ម៉ៅ៕

កំណត់ចំណាំ៖ “រាល់ចម្លើយសារភាពរបស់អ្នកទោសសុទ្ធសឹងតែឆ្លងកាត់ការបង្ខិតបង្ខំ និងធ្វើទារុណកម្មធ្ងន់ធ្ងរពីកងសួរចម្លើយរបស់ខ្មែរក្រហម ដូច្នេះចម្លើយសារភាពរបស់ ម៉ិល ម៉ៅ យុទ្ធជននៅមន្ទីរពេទ្យ ព-១៧ នេះមិនអាចសន្និដ្ឋានបានពិត ឬយ៉ាងណានោះទេ”។


[1] ឯកសារ J00០៤១ ចម្លើយសារភាពរបស់ឈ្មោះ ម៉ិល ម៉ៅ យុទ្ធជននៅមន្ទីរពេទ្យ ព-១៧។ នៅក្នុងចម្លើយសារភាព នេះមានចំនួន១១ ទំព័រ មានចុះហត្ថលេខារបស់អ្នកសួរចម្លើយឈ្មោះ​ ផូ និង ឡាក់ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៧៧។ ចម្លើយសារភាពនេះ រៀបរាប់ពីប្រវត្តិការចូលរួមធ្វើសកម្មភាពសម្ងាត់ជាមួយបណ្ដាញគិញ តាំងពីមុនឆ្នាំ ១៩៧៥ រហូតដល់ឆ្នាំ ១៩៧៧។ បន្ទាប់ពីធ្វើការនៅយោធាស្រុក ១២ ម៉ៅ ត្រូវបានចាត់តាំងឱ្យទៅរៀនផ្នែកបច្ចេកទេសពេទ្យ និងបានទាក់ទងជាមួយពេទ្យមួយចំនួននៅមន្ទីរពេទ្យភូមិភាគបស្ចឹម និងពេទ្យ ព-១៧។ តាមចម្លើយសារភាព ម៉ៅ បានចូលរួមក្នុងការដាក់សារធាតុពុលក្នុងអាហារ និងលាយថ្នាំជាមួយទឹក ដើម្បីបង្កឱ្យអ្នកជំងឺពុល និងស្លាប់។ ក្រោយមក សកម្មភាពនេះត្រូវបានគេសង្ស័យ រហូតដល់អង្គការសម្រេចចាប់ខ្លួន ម៉ៅ នៅចុងឆ្នាំ ១៩៧៧ បន្ទាប់ពីរកឃើញភស្តុតាងពាក់ព័ន្ធនឹងការសម្លាប់អ្នកជំងឺ។

អត្ថបទដោយ អេង សុខម៉េង

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin