សង្ខេបប្រវត្តិ ញឹម ស៊ីម ហៅ សូត ជាសមាជិកវរសេនាតូច ៧០១ វរសេនាធំ ៦០១ នៃកងពល ១៧៤

ញឹម ស៊ីម ហៅ សូត ជាសមាជិកវរសេនាតូច ៧០១ វរសេនាធំ ៦០១ នៃកងពល ១៧៤ ភូមិភាគកណ្តាល។ នៅឆ្នាំ ១៩៧៧ សូត មានអាយុ ២៤ ឆ្នាំ និងមានស្រុកកំណើតនៅភូមិក្រវ៉ៅ ឃុំក្រវ៉ៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
នៅអាយុ ១២ ឆ្នាំ សូត បានចូលរៀននៅសាលាវត្តក្រវ៉ៅ អស់រយៈពេល ២ ខែ មុននឹងផ្លាស់ទៅរៀននៅសាលានៅជិតផ្ទះវិញ។ លុះអាយុ ១៤ ឆ្នាំ សូត បានឈប់រៀន ហើយនៅជួយការងារធ្វើស្រែចម្ការជាមួយឪពុកម្តាយ។ ក្រោយមក អតីតគ្រូបង្រៀនម្នាក់ឈ្មោះ រុន បានចាត់តាំង សូត, ឈ្មោះ វ៉ា បច្ចុប្បន្នជាអនុសេនាតូចពាណិជ្ជកម្មភូមិភាគកណ្តាល និងឈ្មោះ វុធ ជាសមាជិកវរសេនាតូច ៧០១ វរសេនាធំ ៦០១ ឱ្យធ្វើជាគិញ។ គ្រូ រុន បានប្រគល់ភារកិច្ចឱ្យអ្នកទាំង៣ តាមដានសកម្មភាពរបស់ខ្មែរក្រហម និងកសាងបណ្តាញគិញ។ បន្ទាប់ពីក្លាយខ្លួនជាគិញ អ្នកទាំង៣ បានសហការគ្នាតាមដានសកម្មភាពខ្មែរក្រហមនៅភូមិដោកចំនួន ៣ លើក និងបានរាយការណ៍ជូនគ្រូ រុន ជាបន្តបន្ទាប់។ ក្រោយមក គ្រូ រុន បានឱ្យអ្នកទាំង៣ សហការជាមួយឈ្មោះ គុម ជាប៉ូលិសសក្តិ ២ ក្នុងការតាមដានសកម្មភាពខ្មែរក្រហម និងរាយការណ៍ទៅបន្ទាយកំពង់ថ្ម ដើម្បីស្នើឱ្យយន្តហោះមកទម្លាក់គ្រាប់បែក។ នៅខែកុម្ភៈ ឆ្នាំ ១៩៧១ ប៉ូលិសសក្តិ ២ ឈ្មោះ គុម បានរត់ចូលតំបន់រំដោះរបស់ខ្មែរក្រហម ធ្វើឱ្យអ្នកទាំង៣ បាត់បង់ការទាក់ទងជាមួយបណ្តាញរបស់ខ្លួន។
នៅឆ្នាំ ១៩៧២ សូត, វ៉ា និងវុធ បានចូលបដិវត្តន៍នៅយោធាស្រុកចំការលើ ក្រោមការដឹកនាំរបស់ឈ្មោះ តុល ជាអតីតអ្នកតស៊ូ។ អ្នកទាំង៣ បានរស់នៅជាមួយ តុល និងបំពេញភារកិច្ចជានិរសារ។តុល បានអប់រំ និងជ្រើសរើសអ្នកទាំង៣ ឱ្យចូលជាភ្នាក់ងារ សេ.អ៊ី.អា ដោយមានភារកិច្ចកសាងបណ្តាញភ្នាក់ងារ, បំផុសបំផុលឱ្យកងទ័ពបែកបាក់សាមគ្គីភាព, បំបាក់ស្មារតី និងធ្វើសកម្មភាពវិច្ឆេទកម្មប្រឆាំងនឹងបដិវត្តន៍។ បន្ទាប់ពីចូលជាភ្នាក់ងារ សេ.អ៊ី.អា តុល បានណែនាំឱ្យអ្នកទាំង៣ស្គាល់ និងទាក់ទងជាមួយបណ្តាញផ្សេងៗទៀត ដើម្បីធ្វើសកម្មភាពបំផុសប្រជាជនឱ្យរត់ទៅកាន់តំបន់របស់ខ្មាំង។ បណ្តាញភ្នាក់ងារ សេ.អ៊ី.អា ពាក់ព័ន្ធ រួមមាន៖ វឿន អតីតព្រះសង្ឃ ក្រោយមកជាយោធាវរសេនាធំ ៦០១, អិន អតីតសិស្ស ក្រោយមកជាយោធាភស្តុភារវរសេនាធំ ៦០១, សាន អតីតសិស្ស និងជាសមាជិកវរសេនាធំ, វន ជាសមាជិកវរសេនាធំ និងអឿន ជាសមាជិកវរសេនាតូច ៩០១។ នៅឆ្នាំ ១៩៧៣ សូត បានទាក់ទងជាមួយ វឿន ដើម្បីបំផុសឱ្យយុទ្ធជនរត់ទៅកាន់តំបន់របស់ខ្មាំង ហើយមានយុទ្ធជន ២ នាក់បានរត់ចេញ។ បន្ទាប់មក វឿន បានប្រាប់ សូត ឱ្យទាក់ទងឈ្មោះ ហ៊ុត មានតួនាទីជាប្រធានពាណិជ្ជកម្មតំបន់ ៤២ ដើម្បីឱ្យបញ្ចេញស្បៀង និងសម្ភារសេដ្ឋកិច្ចទៅកាន់តំបន់របស់ខ្មាំង។ ជាមួយគ្នានោះ វឿន បានទាក់ទងឈ្មោះ អិន ឱ្យដកកម្លាំងទ័ពចេញពីខ្សែត្រៀម។ ចំណែកឯ សូត បានទាក់ទងឈ្មោះ ហ៊ុត ដែលបានបញ្ចេញសណ្តែក និងគ្រាប់ពោតចំនួន ២ តោន ដឹកជញ្ជូនតាមរទេះនៅពេលយប់ យកទៅប្រគល់ឱ្យប៉ូលិសសក្តិ ៥ នៅខេត្តកំពង់ចាម។ នៅឆ្នាំ១៩៧៤ សូត និងវ៉ា បានទទួលផែនការពី តុល ឱ្យដើរបំផុសបំផុលយុវជនកុំឱ្យគាំទ្របដិវត្តន៍ និងធ្វើសកម្មភាពបំផ្លាញឃ្លាំងពាណិជ្ជកម្ម។ ក្រោយមក សូត, វ៉ា និងវុធ បានកសាងបណ្តាញភ្នាក់ងារ សេ.អ៊ី.អា បានចំនួន ៤ នាក់ គឺ ឈ្មោះ រ៉ន ជាយុទ្ធជនឈ្លបសង្កាត់, ឈ្មោះ ចាន់ ជាប្រជាជននៅសហករណ៍, ឈ្មោះ ហួន អតីតគ្រូបង្រៀនម្នាក់ ក្រោយមកជាសមាជិកដឹកនាំសហករណ៍តាំងគោក និងឈ្មោះ ឃុត ជាប្រជាជននៅសហករណ៍សង្កាត់តាំងគោក។ នៅខែឧសភា ឆ្នាំ១៩៧៤ ឈ្មោះ តុល បានចាត់តាំង សូត, វ៉ា និងវុធ ឱ្យទៅកាន់សមរភូមិមុខខេត្តកំពង់ចាម ជាមួយឈ្មោះ វឿន។ នៅពេលទៅដល់ វឿន បានដាក់ផែនការឱ្យអ្នកទាំង៣ ធ្វើសកម្មភាពបាញ់បង្អើលនៅខ្សែមុខ និងបន្តកសាងបណ្តាញភ្នាក់ងារ សេ.អ៊ី.អា បន្ថែមទៀត។ នៅខែមិថុនា ឆ្នាំ១៩៧៤ វឿន បានចាត់តាំង សូត ឱ្យទាក់ទងជាមួយឈ្មោះ ហ៊ុត ដើម្បីដឹកជញ្ជូនសណ្តែក និងគ្រាប់ពោតទៅឱ្យប៉ូលិសសក្តិ៥ ឈ្មោះ សោ ហោ និង វ៉ា។ ក្នុងពេលនោះ ហ៊ុត បានដឹកជញ្ជូនគ្រាប់ពោតចំនួន ២ តោន ទៅប្រគល់ឱ្យប៉ូលិសសក្តិ៥។ លុះដល់ខែសីហា ឆ្នាំ១៩៧៤ សូត, វ៉ា និងហ៊ុត បានបញ្ចេញសណ្តែក និងគ្រាប់ពោតចំនួន ២ តោនបន្ថែមទៀត។
ក្រោយមក សូត និងវុធ បានកសាងបណ្តាញភ្នាក់ងារ សេ.អ៊ី.អា បានចំនួន ២ នាក់ទៀត គឺឈ្មោះ អឿន អតីតសិស្ស ដែលនៅពេលនោះជាសមាជិកក្រុមវរសេនាតូច ៧០៥ និងឈ្មោះ រ៉ន ជាយុទ្ធជនក្នុងវរសេនាតូចលេខ ៧០១។ នៅខែមករា ឆ្នាំ១៩៧៥ សូត បានធ្វើឱ្យគ្រាប់បែកផ្ទុះ បណ្តាលឱ្យយុទ្ធជន ២ នាក់ស្លាប់ និងបានបំផុសឱ្យយុទ្ធជន ២ នាក់ទៀតរត់ត្រឡប់ទៅផ្ទះវិញ។ បន្ទាប់មក នៅខែមីនា ឆ្នាំ១៩៧៥ សូត បានបោកគ្រាប់បែកនៅពេលយប់ បណ្តាលឱ្យយុទ្ធជន ២ នាក់ស្លាប់។ នៅខែមេសា ឆ្នាំ១៩៧៥ សូត ស្ថិតនៅតំបន់ភ្នំប្រុស និងភ្នំស្រី ដោយបានយកអាវុធអាកាចំនួន ២ ដើម ទៅប្រគល់ឱ្យប៉ូលិសសក្តិ១ ឈ្មោះ វឿន ជាសមាជិកបណ្តាញរបស់ តុល តាំងពីឆ្នាំ១៩៧២។ នៅពេលនោះ វឿន មានតួនាទីជាយុទ្ធជននៅផ្នែកពាណិជ្ជកម្មតំបន់ ៤២។ បន្ទាប់ពីការដណ្តើមបានទីក្រុងភ្នំពេញ ឈ្មោះ រាប បានកោះប្រជុំសមាជិកបណ្តាញភ្នាក់ងារ សេ.អ៊ី.អា រួមមាន៖ វឿន, អិន, វន, សាន, ប៉ុន, វុធ និងសូត ដើម្បីដាក់ផែនការបន្តសកម្មភាព។ ខ្លឹមសារសំខាន់នៃកិច្ចប្រជុំនោះ គឺត្រូវបន្តអនុវត្តផែនការចាស់ ការពារទីក្រុងកំពង់ចាម និងបើមានប្រជាជន ឬកងទ័ពដែលចាត់ទុកថាជាជនសង្ស័យចូលមកក្នុងទីក្រុង ត្រូវចាប់ខ្លួន ឬសម្លាប់ចោលភ្លាម។ នៅខែឧសភា ឆ្នាំ១៩៧៥ មានប្រជាជនចំនួន ៤ នាក់ បានចូលមករកគោនៅតំបន់ជិតកន្លែងដែល សូត និងវឿន ស្នាក់នៅ។ អ្នកទាំង២បានចាប់ខ្លួន និងសម្លាប់ប្រជាជនទាំងនោះ ដោយចោទប្រកាន់ថា ជាខ្មាំងដែលចូលមកស៊ើបការណ៍។ បន្ទាប់មកអ្នកទាំង២ បានចាប់យកគោចំនួន ២០ ក្បាល ក្នុងនោះគោ ៥ ក្បាលត្រូវបានសម្លាប់យកសាច់ ហើយគោ ១៥ ក្បាលទៀតត្រូវបានយកទៅប្រគល់ឱ្យឈ្មោះ រាប នៅមន្ទីរកងពល។ តាមការរៀបរាប់គោលបំណងនៃការចាប់ខ្លួន និងសម្លាប់ប្រជាជន ព្រមទាំងការចាប់យកគោ គឺដើម្បីបង្កការរំខានដល់ការអភិវឌ្ឍវិស័យកសិកម្ម និងទប់ស្កាត់ការរីកចម្រើនរបស់សហករណ៍។ ក្រោយមក សូត និងវឿន បានចាប់គោ និងឃុំខ្លួនប្រជាជនចំនួន ២ នាក់ អស់រយៈពេលកន្លះខែ មុននឹងសម្លាប់ចោល ដោយចោទប្រកាន់ថា ជាខ្មាំងចូលមកស៊ើបការណ៍នៅតំបន់ទ័ព។
នៅខែមិថុនា ឆ្នាំ១៩៧៥ សូត និងវឿន បានសម្លាប់យុទ្ធជនម្នាក់ក្នុងអង្គភាព ដោយចោទថាជាគិញ។ នៅខែកញ្ញា ឆ្នាំ១៩៧៥ វឿន បានដាក់ផែនការត្រៀមសកម្មភាពសម្រាប់ខែមេសា ឆ្នាំ១៩៧៦។ វឿន បានប្រជុំជាមួយ អិន, វន, សាន, ប៉ុន និងសូត ដោយចាត់ចែងភារកិច្ចផ្សេងៗគ្នា។ ឈ្មោះ ប៉ុន ទទួលភារកិច្ចត្រៀមកម្លាំងកាំភ្លើងធំ, ឈ្មោះ សាន ទទួលខុសត្រូវរៀបចំកម្លាំងមនុស្ស, ឈ្មោះ វន ទទួលខុសត្រូវត្រៀមត្រីងៀត និងអង្ករ, ឈ្មោះ តុល ទទួលខុសត្រូវផ្គត់ផ្គង់ស្បៀងពីតំបន់ ហើយ សូត ត្រូវបានកំណត់ឱ្យត្រៀមគ្រាប់បែកចំនួន ១០០ គ្រាប់។ នៅខែតុលា ឆ្នាំ១៩៧៥ ឈ្មោះ វឿន បានហៅសមាជិកបណ្តាញ សេ.អ៊ី.អា មកប្រជុំ ដើម្បីដាក់ផែនការបែងចែកមុខសញ្ញាវាយប្រហារ។ តាមផែនការនោះ សូត ដែលស្ថិតនៅវរសេនាតូច ៧០១ ត្រូវទទួលខុសត្រូវដឹកនាំកម្លាំងវាយចេញពីថ្នល់អង្គរ និងចូលទៅជួបកម្លាំងផ្សេងទៀតនៅក្រុងកំពង់ចាម, ឈ្មោះ ភិន នៅវរសេនាតូច ៧០៣ ទទួលភារកិច្ចដឹកនាំកម្លាំងវាយតាមមាត់ទន្លេចូលមកក្រុងកំពង់ចាម, ឈ្មោះ វឿន នៅវរសេនាតូច ៧០២ ត្រូវដឹកនាំកម្លាំងវាយចេញពីវាលវង់យន្តហោះកំពង់ចាមចូលមកក្នុងក្រុង, ចំណែកឯ ឈ្មោះ ប៉ុន ទទួលភារកិច្ចដឹកនាំកម្លាំងផ្លោងចូលមកមន្ទីរភូមិភាគ ខណៈដែល ឈ្មោះ វន ទទួលបន្ទុកផ្គត់ផ្គង់ស្បៀងអាហារ រួមមានអង្ករ និងត្រីងៀត។ បន្ទាប់ពីរៀបចំផែនការរួច សូត បានកសាងកម្លាំងបន្ថែមបាន ២ នាក់ គឺឈ្មោះ ខុន និងឈ្មោះ រិត ជាយុទ្ធជននៅវរសេនាតូច ៧០១។ ទោះជាយ៉ាងណា ផែនការវាយប្រហារដែលគ្រោងអនុវត្តនៅខែមេសា ឆ្នាំ១៩៧៦ មិនអាចសម្រេចបានតាមការគ្រោងទុកឡើយ។
នៅអំឡុងពេលបុណ្យចូលឆ្នាំ គណៈភូមិភាគបានទៅធ្វើបុណ្យនៅទីក្រុងភ្នំពេញ ខណៈដែលឈ្មោះ តុល បានចូលរួមធ្វើបុណ្យនៅក្រុងកំពង់ចាម។ ក្នុងឱកាសនោះ វឿន បានហៅឈ្មោះ អិន, ប៉ុន, សាន, វន និងសូត មកជួបប្រជុំ និងប្រាប់ឱ្យផ្អាកសកម្មភាពជាបណ្តោះអាសន្ន ដោយសារគណៈភូមិភាគមិនមានវត្តមាននៅក្នុងតំបន់ ហើយម្យ៉ាងទៀត តុល ជាមេដឹកនាំរបស់ពួកគេ ស្ថិតនៅទីនោះដែរ ដូច្នេះមានការព្រួយបារម្ភថាអាចបង្កគ្រោះថ្នាក់ដល់គាត់។ នៅខែតុលា ឆ្នាំ១៩៧៥ សូត, រិត និងខុន បានចេញទៅធ្វើសកម្មភាពនៅពេលយប់ ដោយបាញ់ប្រហារមន្ទីរស្រុកកំពង់សៀម ក្នុងគោលបំណងសម្លាប់គណៈស្រុក ដែលពួកគេអះអាងថាមានទំនាស់ជាមួយគ្នាតាំងពីសម័យសង្គ្រាម។ ទោះជាយ៉ាងណា ការបាញ់ប្រហារនោះមិនបានប៉ះគោលដៅទេ ប៉ុន្តែបណ្តាលឱ្យនារីម្នាក់នៅក្នុងមន្ទីរស្លាប់។ នៅខែធ្នូ ឆ្នាំ១៩៧៥ ឈ្មោះ រាប បានហៅសមាជិកបណ្តាញ សេ.អ៊ី.អា រួមមាន វឿន, អិន, វន, សាន, ប៉ុន និងសូត មកប្រជុំ ដើម្បីដាក់ផែនការកសាងកម្លាំងបន្ថែម និងរៀបចំសកម្មភាពបំផ្លាញរថយន្តភ្ញៀវ។ ក្រោយពីទទួលផែនការនេះ សូត, រិត និងខុន បានកសាងកម្លាំងបន្ថែមបានម្នាក់ទៀត ឈ្មោះ មែក ជាយុទ្ធជននៅវរសេនាតូច ៧០១។
នៅខែមករា ឆ្នាំ១៩៧៦ ឈ្មោះ រាប បានហៅសូត និងឈ្មោះ អិត មកប្រគល់ភារកិច្ចឱ្យត្រៀមបាញ់ប្រហាររថយន្តភ្ញៀវដែលធ្វើដំណើរចូលមកក្រុងកំពង់ចាម នៅខែកុម្ភៈ ឆ្នាំ១៩៧៦។ តាមការណែនាំនោះ គោលបំណងគឺបង្កឱ្យមានការខូចខាតដល់នយោបាយរបស់បក្ស មិនថាការបាញ់ប្រហារត្រូវ ឬមិនត្រូវគោលដៅក៏ដោយ។ នៅខែមីនា ឆ្នាំ១៩៧៦ វឿន បានហៅសមាជិកបណ្តាញ សេ.អ៊ី.អា មកប្រជុំម្តងទៀត ដើម្បីរៀបចំផែនការវាយប្រហារទីក្រុងកំពង់ចាមនៅខែមេសា។ បន្ទាប់ពីទទួលផែនការនេះ វឿន បានណែនាំឱ្យសមាជិកទាំងអស់បន្តកសាងបណ្តាញ សេ.អ៊ី.អា បន្ថែម។ ក្នុងអំឡុងពេលនោះ សូត បានកសាងកម្លាំងបន្ថែមបាន ២ នាក់ទៀត គឺឈ្មោះ រុំ និងឈ្មោះ សៀត ដែលជាយុទ្ធជននៅវរសេនាតូច ៧០១។ សូត បានហៅសមាជិកបណ្តាញដែលខ្លួនកសាងបានមកប្រជុំ និងបានណែនាំឱ្យរក្សាការសម្ងាត់ជាដាច់ខាត ព្រមទាំងបន្តសកម្មភាពតាមផែនការដែលបានកំណត់។ នៅខែសីហា ឆ្នាំ១៩៧៦ រាប បានហៅសូត មកសួរនាំអំពីលទ្ធផលនៃការកសាងកម្លាំងតាមផែនការ។ សូត បានរាយការណ៍ថា ខ្លួនបានកសាងកម្លាំងបានចំនួន ៤ នាក់។ បន្ទាប់ពីការរាយការណ៍នោះ រាប បានប្រាប់ថា នៅពេលវាយចូលក្រុងកំពង់ចាម កម្លាំង សេ.អ៊ី.អា ត្រូវសំដៅចូលទៅកាន់មន្ទីរភូមិភាគ ដើម្បីកម្ទេចគណៈភូមិភាគ ហើយបណ្តាញ សេ.អ៊ី.អា នឹងឡើងកាន់អំណាចថ្មីជំនួស។ នៅខែធ្នូ ឆ្នាំ១៩៧៦ រាប បានហៅសូត និងអិន មកជួប ហើយប្រាប់ឱ្យប្រមូលកម្លាំង សេ.អ៊ី.អា ដែលបានកសាងនៅតាមវរសេនាតូចផ្សេងៗ សរុបចំនួន ៣០ នាក់ មកប្រមូលផ្តុំគ្នានៅបន្ទាយត្រាវ ដើម្បីងាយស្រួលក្នុងការអប់រំ និងចាត់តាំងភារកិច្ច។ ក្នុងនោះ កម្លាំងទាំងអស់ត្រូវបានណែនាំឱ្យការពារឃ្លាំងអាវុធយ៉ាងតឹងរ៉ឹង អនុវត្តផែនការឱ្យបានម៉ឺងម៉ាត់ និងរក្សាការសម្ងាត់ឱ្យបានខ្ជាប់ខ្ជួន។
នៅខែមករា ឆ្នាំ១៩៧៧ សូត, ញ៉េ និងឈាន បានចាត់តាំងឱ្យសៀត និងរុំ ទៅស្ទាក់បាញ់រថយន្តពាណិជ្ជកម្មដែលដឹកជញ្ជូនជ័រកៅស៊ូពីចម្ការអណ្ដូង មកកាន់ក្រុងកំពង់ចាម។ តាមការរៀបរាប់ សៀត និងរុំ បានបាញ់សម្លាប់អ្នកបើកបរម្នាក់ ដោយអះអាងថា រថយន្តនោះមិនបានឈប់តាមការបញ្ជានៅពេលមកដល់គោលដៅត្រួតពិនិត្យ។ នៅខែមេសា ឆ្នាំ១៩៧៧ ផែនការវាយប្រហាររបស់កម្លាំង សេ.អ៊ី.អា ទៅលើអង្គការមិនបានសម្រេចតាមការគ្រោងទុកឡើយ។ តាមការចាត់តាំងរបស់គណៈភូមិភាគ ឈ្មោះ រាប និងវឿន ត្រូវបានចាត់ឱ្យទៅចូលរួមប្រជុំនៅភូមិភាគបូព៌ា។ ក្នុងអំឡុងពេលនោះ អិន បានហៅសមាជិកបណ្តាញ សេ.អ៊ី.អា មកប្រជុំ និងជម្រាបថា ផែនការទាំងអស់ត្រូវផ្អាកជាបណ្តោះអាសន្ន ដោយសារខ្វះមុខសញ្ញាសម្រាប់ការវាយប្រហារ។ នៅខែកញ្ញា ឆ្នាំ១៩៧៧ រាប បានហៅសមាជិកបណ្តាញ សេ.អ៊ី.អា មកប្រជុំ ដើម្បីដាក់ផែនការវាយប្រហារមន្ទីរភូមិភាគ។ អ្នកដែលបានចូលរួមទទួលផែនការនោះមាន វឿន, វន, សាន, អិន, ប៉ុន, ឈាន, ញ៉េ និងសូត។ ខ្លឹមសារនៃផែនការគឺត្រូវដាក់មីនកម្ទេចឃ្លាំងគ្រាប់រំសេវ ដើម្បីបង្កភាពចលាចល ហើយបន្ទាប់មកកម្លាំង សេ.អ៊ី.អា នឹងចូលទៅយកអាវុធ និងវាយសម្រុកចូលមន្ទីរភូមិភាគ។ តាមការរៀបចំរបស់ក្រុមនេះ ឈ្មោះ ឆុន មានភារកិច្ចដាក់មីនចំនួន ២ គ្រាប់នៅក្នុងឃ្លាំងគ្រាប់រំសេវ ខណៈដែលកម្លាំង សេ.អ៊ី.អា ចំនួន ៣០ នាក់ ត្រូវចាត់ឱ្យយាមការពារឃ្លាំងអាវុធ។ ចំណែកផែនការរៀបចំកម្លាំងវាយប្រហារ គឺឈ្មោះ ប៉ុន ទទួលបន្ទុកកងកាំភ្លើងធំ, ឈ្មោះ វន ទទួលបន្ទុកផ្គត់ផ្គង់ស្បៀង, ឈ្មោះ វឿន ដឹកនាំវរសេនាតូច ៧០២, ឈ្មោះ អិន ដឹកនាំវរសេនាតូច ៧០៣, ឈ្មោះ សាន ដឹកនាំវរសេនាតូច ៧០៥ និងឈ្មោះ ញ៉េ ដឹកនាំវរសេនាតូច ៧០១។ នៅខែសីហា ឆ្នាំ១៩៧៧ តាមការចាត់តាំងរបស់គណៈភូមិភាគ សូត ត្រូវបានបញ្ជូនឱ្យទៅចូលរួមបោសសម្អាតក្រុមចោរព្រៃនៅតំបន់បោះខ្នោ។ ក្នុងឱកាសនោះ រាប បានបញ្ជាឱ្យ សូត ទៅច្រូតស្រូវ ហើយបានណែនាំឱ្យទាក់ទងជាមួយឈ្មោះ ម៉ា សុខុម ជាកម្លាំងបង្កប់ក្នុងជួរប្រជាជននៅភូមិបោះខ្នោ ដើម្បីកសាងបណ្តាញ សេ.អ៊ី.អា ក្នុងចំណោមប្រជាជន។ នៅពេលជួបគ្នា សូត បានសួរនាំ ម៉ា សុខុម អំពីចំនួនកម្លាំងដែលបានកសាង។ ម៉ា សុខុម បានឆ្លើយថា ខ្លួនបានកសាងកម្លាំង សេ.អ៊ី.អា បានចំនួន ១២ នាក់។ លុះដល់ខែកញ្ញា ឆ្នាំ១៩៧៧ រាប បានហៅ អិន, ឆុន និងសូត មកជួប ហើយប្រាប់ឱ្យយកមីនចំនួន ២ គ្រាប់ ទៅដាក់ក្នុងឃ្លាំងគ្រាប់រំសេវ ដោយសារផែនការវាយប្រហាររបស់បណ្តាញ សេ.អ៊ី.អា បានត្រៀមរួចជាស្រេច។ ទន្ទឹមនឹងនេះ រាប បានបញ្ជាឱ្យ សូត និងអិន រៀបចំកម្លាំងដោយនៅពេលមានការផ្ទុះអាវុធ ត្រូវវាយសម្រុកចូលមន្ទីរភូមិភាគ ដើម្បីកម្ទេចថ្នាក់ដឹកនាំ ហើយបន្ទាប់មកបណ្តាញ សេ.អ៊ី.អា នឹងឡើងកាន់អំណាចរដ្ឋជំនួស។
នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ១៩៧៧ មីនដែលត្រូវបានដាក់នោះបានផ្ទុះ បណ្តាលឱ្យឃ្លាំងគ្រាប់រំសេវរងការខូចខាត និងបំផ្លាញគុកមួយចំនួន។ ទោះជាយ៉ាងណា ផែនការរបស់កម្លាំង សេ.អ៊ី.អា មិនបានទទួលជោគជ័យឡើយ ដោយគណៈភូមិភាគបានចាប់ខ្លួនឈ្មោះ ទាប និងបក្ខពួក ដែលពាក់ព័ន្ធជាបន្តបន្ទាប់។ រហូតមកដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ១៩៧៧ អង្គការបានចាប់ខ្លួន សូត។
*****
កំណត់ចំណាំ៖ ចម្លើយសារភាពរបស់អ្នកទោសក្នុងសម័យខ្មែរក្រហម ភាគច្រើនត្រូវបានទទួលក្រោមការបង្ខិតបង្ខំ និងការធ្វើទារុណកម្មធ្ងន់ធ្ងរពីសំណាក់កងសួរចម្លើយ។ ដូច្នេះ ចម្លើយសារភាពរបស់ ញឹម ស៊ីម ហៅ សូត មានតួនាទីជាសមាជិកវរសេនាតូច ៧០១ វរសេនាធំ ៦០១ កងពល ១៧៤ ភូមិភាគកណ្តាល មិនអាចយកទៅសន្និដ្ឋានថាជាការពិតទាំងស្រុងបានឡើយ។ ចម្លើយសារភាពនេះ ត្រូវបានបញ្ចប់ការសួរចម្លើយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ១៩៧៧។
*****

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin